នៅ​អាស៊ី​មាន​មហាសេដ្ឋី​ជា​ស្ត្រី​មួយ​រូប​ហើយ !


អតីត​ភរិយា​របស់​មហាសេដ្ឋី​ជនជាតិ​ចិន​ម្នាក់​បាន​ក្លាយជា​មហាសេដ្ឋី​ម្នាក់​ទៀត​ប្រចាំ​អាស៊ី បន្ទាប់​ពី​ទទួល​បាន​ភាគហ៊ុន​ក្រុមហ៊ុន​របស់​ស្វាមី​ដែល​មាន​តម្លៃ​ប្រមាណ ៣.៣​ប៊ី​លាន​ដុល្លារ​ជា​ថ្លៃ​កាត់​ចំណងអាពាហ៍ពិពាហ៍ ។

អ្នកស្រី យាន់ លី​ពីង (Yuan Liping) ដែល​ជា​ជនជាតិ​ចិន​កាត់​កា​ណា​ដា​បាន​ក្លាយជា​មហាសេដ្ឋី​បន្ទាប់​ពី​កាត់​ផ្តាច់ចំណង​អាពាហ៍ពិពាហ៍​ជាមួយ​លោក ឌូ វៃ​មីន (Du Weimin) ដែល​ជា​ស្តេច​វ៉ាក់សាំង​ក្នុង​ប្រទេស​ចិន ។ លោក ឌូ មានទ្រព្យ​សម្បត្តិ​ប្រមាណ ៦.៧​ប៊ី​លាន​ដុល្លារ និង​បាន​កាត់​ទ្រព្យ​ជិត​ពាក់កណ្តាល​ឲ្យ​ទៅ​អតីត​ភរិយា​របស់​ខ្លួន ។

លោក​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Shenzhen Kangtai Biological Products និង​ជា​គ្រប់គ្រង ៥១.២៦% នៃ​ភាគហ៊ុន​ទាំងអស់​របស់​ក្រុមហ៊ុន មុន​ពេល​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ភាគហ៊ុន​ចំនួន ២៣.៩៩% ទៅ​ភរិយា​ខ្លួន ។

យោង​ទៅ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា អ្នកស្រី យាន់ មិន​បាន​ព្យាយាម​គ្រប់គ្រង​ក្រុមហ៊ុន​ទេ និង​បាន​ផ្ទេរសិទ្ធិ​សម្រេច​ទាំងអស់​ទៅ​លោក​ឌូ​ផង​ដែរ ។ ប៉ុន្តែ​អ្នកស្រី​ធ្លាប់​ជា​នាយក​ម្នាក់​ក្នុង​ក្រុមហ៊ុន Kangtai រវាង​ខែឧសភា​ឆ្នាំ ២០១១ ដល់​ខែសីហា​ឆ្នាំ ២០១៨ ។ បច្ចុប្បន្ន អ្នកស្រី​ជា​អនុប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន Beijing Minhai Biotechnology ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Kangtai ដែរ ។

លោក ឌូ ជា​មហាសេដ្ឋី​ដែល​កសាង​ទ្រព្យសម្បត្តិ​ដោយ​បាតដៃ​ទទេ និង​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ផ្នែក​ផលិត​វ៉ាក់សាំង​សម្រាប់​ជំងឺថ្លើម​ប្រភេទ B ក្នុង​ប្រទេស​ចិន ។ លោក​ធំធាត់​ឡើង​ក្នុង​គ្រួសារ​ក្រីក្រ និង​បាន​ចាប់ផ្តើម​ចូល​រៀន​ផ្នែក​សុខាភិបាល​នៅ​ឆ្នាំ ១៩៨៤ ។ ការងារ​ដំបូង​របស់​លោក​គឺជា​អ្នកត្រួតពិនិត្យ​ម្នាក់ មុន​នឹង​ក្លាយជា​អ្នកលក់​វ៉ាក់សាំង ។ នៅ​ឆ្នាំ ១៩៩៥ លោក​ត្រូវ​បាន​ឡើង​តំណែង​ជា​ប្រធាន​ផ្នែក​លក់​សម្រាប់​ក្រុមហ៊ុន​មួយ ។

លោក​បាន​ក្លាយជា​អគ្គនាយក​របស់​ក្រុមហ៊ុន Kangtai នៅ​ឆ្នាំ ២០០៩ ។
ការ​លែងលះ​គ្នា​ខាងលើ​ស្ថិត​ក្នុង​ចំណោម​ការ​លែងលះ​ដែល​បង្ក​ឲ្យ​មានការ​ចែកទ្រព្យ​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ