តើ​មហាសេដ្ឋី​រូប​ណា​នឹង​មានទ្រព្យ​សម្បត្តិ​ខ្ទង់​ទ្រី​លាន​ដុល្លារ​មុនគេ ?


ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក​ពិតមែន​ក្តី ប៉ុន្តែ​មាន​ក្រុម​មនុស្ស​មួយ​ចំនួន​នឹង​ឆ្ល​ត​កាត់​ការ​ផ្ទុះ​ជម្ងឺ​នេះ​ជាមួយ​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជាង​មុន ។ ក្នុង​នោះ​រួម​មាន​លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon ។

យោង​ទៅ​តាម​ការ​ស្ទង់​មតិ​មួយ​របស់ Comparisun បាន​ឲ្យ​ដឹង​ថា លោក​មហាសេដ្ឋី​រូប​នេះ​អាច​នឹង​ក្លាយជា​បុរស​ទី​មួយ​ដែល​មានទ្រព្យ​សម្បត្តិ​សរុប​ខ្ទង់​ទ្រី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៦ ។ ប៉ុ​ន្តេ​ក្រៅពី​លោក​ហើយ​មាន​មនុស្ស​ជា​ច្រើន​ដែល​គិត​ថា​លោក​មហាសេដ្ឋី ជេ​ក ម៉ា (Jack Ma) របស់ Alibaba និង​លោក​ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook ក៏​ស្ថិត​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ដែរ ។

តើ​នរណា​នឹង​ទៅ​ដល់​គោលដៅ​មុនគេ?
លោក​មហាសេដ្ឋី បេ​សូ​ស មានទ្រព្យ​សម្បត្តិ​យ៉ាង​ស្តុកស្តម្ភ​ដល់​កម្រិត​ដែល​លោក​នៅ​តែ​អាច​រក្សា​តំណែង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​ទោះជា​បាន​បែងចែក​ទ្រព្យសម្បត្តិ​ឲ្យ​អតីត​ភរិយា​ខ្លួន​បន្ទាប់​ពី​ការ​លែងលះ​ពិតមែន​ក្តី ។ បច្ចុប្បន្ន​នេះ លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១៤៥.៤​ប៊ី​លាន​ដុល្លារ ហើយ​វា​ក៏​កំពុង​តែ​បន្ត​កើនឡើង​ដែរ​ក្នុង​កំឡុង​ពេល​ដែល​តម្លៃ​ភាគហ៊ុន​របស់ Amazon បន្ត​កើនឡើង​ព្រោះតែ​កូ​វី​ដ ១៩ ។

ជា​លទ្ធផល Amazon រក​ចំណូល​បាន​ប្រមាណ ៧៥.៥​ប៊ី​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី ១ នា​ឆ្នាំ ២០២០ ដែល​ខ្ពស់​ជាង​ឆ្នាំ​មុន​ដល់​ទៅ ២៦% ។ ក្រៅពី​នេះ​ហើយ Amazon ក៏​បាន​ពង្រីក​ទៅ​វិស័យ​ផ្សេង​ៗ​ដែរ​ដូច​ជា Prime Video និង​ការ​លក់​ឪ​ស​ថ​អន​ឡាញ​ជាដើម ។

លោក​មហាសេដ្ឋី ជេ​ក ម៉ា បាន​ចុះ​ចេញពី​តំណែង​ជា​អគ្គនាយក​របស់​ក្រុមហ៊ុន Alibaba Group កាលពី​ខែកញ្ញា​មុន​ដើម្បី​ផ្តោត​ស្មារតី​និង​កម្លាំង​លើ​កិច្ចការ​សប្បុរសធម៌ ។ តាំងពី​ការ​ផ្ទុះ​ជម្ងឺ​កូ​វី​ដ ១៩ មក លោក​បាន​ចេញ​មុខ​ក្នុង​ការ​បរិច្ចាគ​ឧបករណ៍​ព្យាបាល​ទៅ​ច្រើន​ជាង ១៥០​ប្រទេស​ទៅ​ទៀត និង​បាន​ប្រកាស​ពី​កញ្ចប់​សម្រាប់​បង្កើត​វ៉ាក់សាំង​ថែម​ទៀត ។ប៉ុន្តែ​វា​មិន​បាន​បញ្ឈប់​លោក​មិន​ឲ្យ​ពង្រីក​ទ្រព្យសម្បត្តិ​ទេ ព្រោះ​កូ​វី​ដ ១៩ បាន​បង្កើន​តម្រូវការ​មនុស្ស​ដែល​ទិញ​ទំនិញ​អន​ឡាញ ធ្វើ​ឲ្យ​តម្លៃ​ភាគហ៊ុន​របស់ Alibaba កើនឡើង​ដែរ ។

សម្រាប់​នាយក​ប្រតិបត្តិ​របស់ Facebook វិញ មានការ​ព្យាករណ៍​ថា​លោក​អាច​នឹង​ក្លាយជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ខ្ទង់​ទ្រី​លាន​នៅ​ឆ្នាំ ២០៣៦ ឬ​ពេល​ដែល​លោក​មាន​អាយុ ៥១​ឆ្នាំ ។ Facebook សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្កើន​ប្រភព​ជំ​ណូ​ល​របស់​ខ្លួន​ដោយ​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មី​ៗ​ក្នុង​ផ្នែក​ពាណិជ្ជកម្ម​អន​ឡាញ និង​ការ​បង់ប្រាក់​បែប​ឌី​ជី​ថ​ល​ជាដើម ។

ក្រៅពី​នេះ​ហើយ Facebook បាន​វិនិយោគ​លើ​ការ​បង្កើន​សមត្ថភាព​ផ្នែក​អ៊ី​ន​ធើ​ណែ​ត​ក្នុង​ទីផ្សារ​កំពុង​អភិវឌ្ឍន៍​ដែល​នឹង​បន្ត​ជួយ​ដល់​ក្រុមហ៊ុន​ក្នុង​រយៈពេល​វែង ៕

គួរ​យល់​ដឹង

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ