ប្រភពព័ត៌មានពីទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៤ បានផ្សាយដោយយោងតាមប្រភពពីមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកថា ទាហានអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន បានទទួលការអនុញ្ញាតឱ្យបន្តវាយប្រហារលើទីតាំងសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានទៀត នៅក្នុងឆ្នាំ២០១៥ ។ ចាត់ទុកថា ជាការពង្រីកសកម្មភាពរបស់ពួកគេក្រោយពីបញ្ចប់ការប្រយុទ្ធដ៏ធំនាពេលកន្លងមក ដោយផែនការខាងលើបានឆ្លងកាត់ការយល់ព្រមពីលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែចំនួនកងទ័ពសហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ត្រូវកាត់បន្ថយឱ្យនៅសល់ត្រឹម៩.៨០០នាក់ រួមទាំងទ្រទ្រង់ការវាយប្រហារតាមផ្លូវអាកាសបន្តពីកងទ័ពអាហ្វហ្គានីស្ថានផងដែរ ។
ប្រភពពី AP និងញូវយ៉កថែមរបស់សហរដ្ឋអាមេរិកផ្សាយថា ផែនការដាក់ពង្រឹងកងទ័ពនេះ បានពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងទៅ ។ កាលពីខែកញ្ញាកន្លងមក រដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន ដឹកនាំដោយលោកប្រធានាធិបតី Ashraf Ghami បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដោយអនុញ្ញាតឱ្យទាហានសហរដ្ឋអាមេរិកបន្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានទៀតនៅក្នុងឆ្នាំ២០១៥ ។
ក្រៅពីនេះ នៅក្នុងកិច្ចព្រមព្រៀងដាច់ដោយទ្បែកមួយទៀត ទាហានរបស់សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) រួមមានអាល្លឺម៉ង់ តួកគី អីុតាលី នឹងនៅផ្តល់ការជួយសង្គ្រោះបន្តលើផ្នែកហ្វឹកហ្វឺន និងផ្នែកផ្សេងៗទៀត ដល់កងកម្លាំងការពារសន្តិសុខរបស់អាហ្វហ្គានីស្ថាន ៕
ចែករំលែកព័តមាននេះ