រាជធានីភ្នំពេញ៖ ខណៈថ្នាក់ដឹកនាំប្រទេសសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាធនាគារជាតិនៃកម្ពុជានិងស្ថាប័នធនាគារនិងមីក្រូហិរញ្ញវត្ថុបញ្ជាក់ជាបន្តបន្ទាប់ថាការចាយវាយក្រដាសប្រាក់ ១ដុល្លារ ២ដុល្លារនិង ៥ ដុល្លារនៅបន្តធម្មតាក៏ពិតមែន តែការអនុវត្តជាក់ស្តែងនៅទីតាំងមួយចំនួនគឺអាជីវករតូចតាច ឬម្ចាស់អាជីវកម្មខ្លះគឺបដិសេធទទួលយកលុយប្រភេទនេះ ។
ជាក់ស្តែង ម្ចាស់ក្លឹបហាត់ប្រាណមួយកន្លែងនៅបណ្ដោយផ្លូវវេងស្រេង បានបដិសេធ ទទួលយកក្រដាសប្រាក់១ដុល្លារអាមេរិក ដោយនិយាយថាគាត់យកទៅទិញអីវ៉ាន់នៅផ្សារ ក៏គេអត់យកដែរ ដូច្នេះគាត់សូមអធ្យាស្រ័យភ្ញៀវមកហាត់ប្រាណ «បើអោយក្រដាស ១ដុល្លារ ឬ៥ដុល្លារគាត់សូមមិនទទួលទេ» ។
ម្ចាស់ក្លឹបហាត់ប្រាណខាងលើបាននិយាយថា «ទោះបីជាសម្ដេចថា អោយចាយវាយធម្មតាក្ដី តែបើសិនជាភ្ញៀវអោយក្រដាសនេះកាន់តែច្រើន ហើយខ្ញុំយកទៅចាយវាយបន្តអត់បាន នោះប្រាកដជាកាន់តែវីវរ ហើយមិនដឹងថាយកទៅចាយនៅឯណាទៀតហើយលឺថា កន្លែងប្តូរប្រាក់ខ្លះ ប្តូរមិនគ្រប់ចំនួនទៅទៀត អញ្ចឹងកាន់តែខាតហើយ» ។
ជុំវិញរឿងរ៉ាវនេះ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាធ្លាប់បានបញ្ជាក់ថា ការបកស្រាយតាម សេចក្តីថ្លែងការរបស់ធនាគារជាតិច្បាស់លាស់ហើយ។
លោកជំទាវបានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា «ការបកស្រាយខុស ហើយបំភ័យគ្នាមិនមែនជារឿងល្អសម្រាប់ប្រទេសទេ។ ក្រដាសប្រាក់ ចារឹក ១$ ២$ និង ៥$ នៅតែអាចចរាចរបាន។ ហើយក៏មិនបានបិទសិទ្ធិប្រើប្រាស់ដែរ។ រវាងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងធនាគារជាតិក៏នៅតែទទួលយកក្រដាសប្រាក់នេះធម្មតា»។
អគ្គនាយកបច្ចេកទេសរូបនេះបានបន្ថែមថា «គ្រាន់តែថាលើកមុនធនាគារជាតិជាអ្នករ៉ាប់រងសេវាដឹកជញ្ជូនក្រដាសប្រាក់ ចាស់ ទក់ រហែក និងលើស ទៅប្រទេសដើមគេគឺសហរដ្ធអាមេរិក ដើម្បីចាត់ចែងបន្ត ព្រោះកម្ពុជាគ្នានសិទ្ធអ្វីលើក្រដាសប្រាក់ដុល្លារអាមេរិកក្រៅពីចាយនោះទេ។ ប៉ុន្តែ ចាប់ពី ៣ខែ បន្ទាប់ពីនេះទៅ គ្រឹះស្ថានត្រូវទទួលរ៉ាប់រងសេវាដឹកជញ្ជូនដោយខ្លួនឯង។ ការសម្រេចចិត្តនេះគឺធ្វើឡើងដោយមានការឯកភាពគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា។
តាមច្បាប់ការទទួលក្រដាសប្រាក់ប្រភេទនេះជាសិទ្ធិរបស់គ្រឹះស្ថានឯកជន ធនាគារជាតិមិនមានសិទ្ធិលើគេទេ។ ប៉ុន្តែបើគេមិនទទួលក្រដាសប្រាក់រៀល ទោះប្រភេទណាក៏ដោយ នោះទើបធនាគារជាតិមានសិទ្ធិចាត់វិធានការតាមច្បាប់ជាធរមាន។ មួយវិញទៀតធនាគារជាតិមិនបានសម្រេច ថាមិនទទួល យកនោះទេ។ តែធនាគារជាតិនឹងពិចារណា ទៅថ្ងៃក្រោយអំពីបញ្ហានេះ ហើយ សូមឱ្យចាត់ទុកថាជាការជូនដំណឹងដែរចុះ កុំឱ្យថាគេអនុវត្តអីមិនប្រាប់ទុកមុន» ។
លោកជំទាវ ជា សិរី បន្តថា សូមរំឮកថាការប្រើប្រាស់ប្រាក់រៀល ដើម្បីមោទនភាពជាតិ អធិបតេយ្យភាពជាតិ មិនអាចធ្វើទៅបានដោយមិនមានវិធានការអ្វីសោះនោះទេ។ ហើយវិធានការអ្វីក៏ដោយធ្វើហើយ នឹងមានអ្នកទទួលផលច្រើន និងទទួលផលតិច ទទួលផលភ្លាមៗ និងទទួលផលនាពេលក្រោយ។ ហើយបើចាំឱ្យទទួលប្រយោជន៍បានស្មើៗគ្នា គឺមិនអាចទៅរួចទេ តែបើមានជួយប្រាប់ផង។ ត្រូវគិតប្រយោជន៍រួមជាធំ ៕
ចែករំលែកព័តមាននេះ