រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តក្នុងស្ថានភាពស្រវឹងស្រា ទៅបំបុកគោលដៅសមត្ថកិច្ចដាក់រិតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ហើយព្យាយាមបើករត់គេចជិត១គីឡូត្រូវសមត្ថកិច្ចឃាត់បាន កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៣០ ឧសភា ២០២០ នៅតាមបណ្ដោយផ្លូវ១០១៩កែងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ជើងគោក នៅតាមដងផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈពេលដែលកំពុងតែត្រួតពិនិត្យ ក៏មានរថយន្តមួយគ្រឿងម៉ាករ៉ែងរ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ២P-៦៦៤៦ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច បុកគ្មានប្រណី ។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានធ្វើការស្ទាក់ឃាត់ឱ្យរថយន្តឈប់ ដើម្បីត្រូតពិនិត្យ តែបុរសខាងលើ មិនបានឈប់រថយន្តអោយសមត្ថកិច្ចត្រួតពិនិត្យទេ បានព្យាយាមបើករត់គេចជិតមួយគីឡូម៉ែត្រ ទៅដល់ចំណុចស្តុប២៤ម៉ោង ផ្លូវលេខ១០១៩ កែងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក៏ត្រូវបានសមត្ថកិច្ចឃាត់បាន ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយកើតហេតុ សមត្ថកិច្ចបានយកសោចាក់កង់មុខរថយន្ត ចំណែកអ្នកបើកបរមិនបានចុះពីលើរថយន្តទេ នៅអង្គុយក្នុងរថយន្តរយៈពេលជិតមួយម៉ោង ទើបសមត្ថកិច្ចខណ្ឌសែនសុខ បានទាក់ទងទៅសមត្ថកិច្ចចរាចរណ៍ នៃស្នងការរាជធានីភ្នំពេញ ឲ្យយករថយន្តមកស្ទូច ។ ខណៈពេលរថយន្តស្ទូចរបស់ចរាចរណ៍ជើងគោក រាជធានីមកដល់កន្លែងកើតហេតុ ទើបបុរសខាងលើបានបើកទ្វារចុះពីលើរថយន្ត ។

ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសនោះដាក់រថយន្តសារ៉ែន បញ្ជូនខ្លួនទៅផ្នែកជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ព្រមទាំងរថយន្ត ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ