រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល បង្ក្រាបបានជនសង្ស័យជាមុខសញ្ញាប្លន់និងចែកចាយគ្រឿងញៀន ឃាត់ខ្លួនបាន៦នាក់ជាបន្តបន្ទាប់ ដកហូត អាវុធខ្លី២ដើម ព្រមទាំងថ្នាំញៀនមួយចំនួន ប្រតិបត្តិការបង្ក្រាបនេះចាប់ផ្តើមតាំងពីព្រឹកថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០ រហូតដល់ម៉ោង៦ព្រលប់ទើបបញ្ចប់ នៅចំណុចផ្ទះជួល ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានអោយដឹងថា មុននឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់ គឺកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃ បានធ្វើការតាមស្រាវជ្រាវ មុខសញ្ញាប្លន់និងចែកចាយគ្រឿងគ្រឿងញៀន យ៉ាង សកម្មក្នុងរាជធានីភ្នំពេញ កាលពីជិត១ខែមុន ។

រហូតមានតំរុយមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងភ្នំពេញបានចុះបង្ក្រាបមុខសញ្ញាបានជាបន្តបន្ទាប់ ក្នុងនោះម្នាក់ឃាត់ខ្លួននៅម្តុំស្ពានព្រែកសំរោង ខណ្ឌច្បារអំពៅ ឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នាក់ទៀតនៅម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងបានសួរនាំ រហូតឈានដល់ការឆែកឆេរ ផ្ទះជួលជនសង្ស័យម្នាក់ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ៤៥ឆ្នាំ ជាមេខ្លោងប្លន់ប្រដាប់នៅម្តុំភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ សរុបទាំងអស់៦នាក់ ។

ការចុះឆែកឆេរបន្ទប់ជួលរកឃើញ កាំភ្លើងខ្លីម៉ាក k59 ចំនួន២ដើម បង់២ គ្រាប់ចំនួន៧គ្រាប់ ថ្នាំក្រាមសថ្លាចំនួន១០កញ្ចក់ មាន២កញ្ចក់ថង់ធំ ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៥គ្រាប់ ជញ្ជីង១គ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារផ្សេងៗទៀត ។

ក្រោយពេលឆែកឆេររកឃើញវត្ថុតាំងរួចហើយ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ បាននាំខ្លួនយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ បុប្ផា)







ចែករំលែកព័តមាននេះ