ខេត្តពោធិ៍សាត់ ៖ គូស្នេហ៍វ័យក្មេងជនជាតិវៀតណាម ដែលបានបបួលគ្នាផឹកថ្នាំពុលសម្លាប់ខ្លួនទាំង២នាក់នោះ ត្រូវក្រុមគ្រួសារទាំងសងខាងបានសម្រេចកប់ផ្នូររួមតែមួយ ព្រោះកប់នៅកន្លែងផ្សេងគ្នា ពួកគេបិទភ្នែកមិនជិតរៀងខ្លួន លុះពេលកប់ផ្នូរជាមួយគ្នា ទើបបិទភ្នែកជិត ។
ពាក្យចចាមអារ៉ាមនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលតួប្រុសមានឈ្មោះប៊ុត ហៀង អាយុ២០ឆ្នាំ រីឯតួស្រីឈ្មោះវិន ធីថរ អាយុ១៨ឆ្នាំ ទាំង២នាក់ជាជនជាតិវៀតណាម រស់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ។
គួររំលឹកថា កាលពីយប់ថ្ងៃទី១៧ វិច្ឆិកា ២០១៤ កន្លងមក គូស្នេហ៍ខាងលើបាននាំគ្នាផឹកថ្នាំពុលសម្លាប់ខ្លួនទាំង២នាក់នៅលើទូកនេសាទលើផ្ទៃបឹងទន្លេសាប ចម្ងាយពីភូមិកោះក្អែកប្រហែល៥០០ម៉ែត្រ ហើយស្លាប់ជាបន្តបន្ទាប់គ្នា ដែលខាងស្រីស្លាប់នៅលើទូក ឯខាងប្រុសស្លាប់នៅមណ្ឌលសុខភាពស្រុកក្រគរ ។
ការធ្វើអត្តឃាតនេះ ព្រោះតែទាំងពីរនាក់ស្រលាញ់ស្មោះស្ម័គ្រនឹងគ្នាចិត្តមួយថ្លើមមួយ អស់រយៈពេលជាងមួយឆ្នាំមកហើយ តែឪពុកម្ដាយខាងប្រុសមិនពេញចិត្តខាងស្រី ដោយសារតែខាងស្រីមានជីវភាពក្រីក្រជាង ។ បន្ទាប់ពីដឹងរឿងពិតហើយ ឪពុកម្ដាយខាងប្រុសមិនចូលស្ដីដណ្ដឹងនោះ ពួកគេក៏សម្រេចចិត្តផឹកថ្នាំបំពុលកុកសម្លាប់ខ្លួនទាំង២នាក់តែម្ដងទៅ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ