រាជធានីភ្នំពេញ ៖ រថយន្តសណ្តោងទូកុងតឺន័មួយគ្រឿងបើកលឿនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ មកដល់ស្ពានព្រះមុនីវង្សជាចំណុចផ្លូវកោងមិនបន្ថយល្បឿន បណ្តាលឱ្យរថយន្តគ្រលែងផ្អៀងក្រឡាប់ផ្ងារជើងនៅគល់ស្ពានព្រះមុនីវង្សចាស់ បង្កជាការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អាធ្រាត្រថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងខាងលើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-8196 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តសណ្តោងទូងកុងតឺន័រមួយគ្រឿងខាងលើធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីខេត្តចូលមកក្នុងក្រុងភ្នំពេញ លុះពេលធ្វើដំណើរមកគល់ស្ពានព្រះមុនីវង្សដែលជាចំណុចផ្លូវកោង ហើយរថយន្ដបើកលឿនមិនបន្ថយល្បឿនទៀតនោះ បណ្តាលអោយរថយន្តគ្រលែងផ្អៀងក្រឡាប់ផ្ងារជើងលាន់ស្នូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាមកចោមរោមមើលគ្រប់គ្នា ។

តាមប្រភពខាងលើបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះបណ្តាលអោយក្បាលរថយន្តខូចខាតយ៉ាងដំណំ និងបែកខឿនផ្លូវបន្តិចបន្តួច ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តក្រឡាប់ផ្ងារជើងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ រថយន្តសណ្តោងទូកុងតឺន័រត្រូវបានសមត្ថកិច្ចជំនាញមូលដ្ឋានប្រគល់ទៅអោយជំនាញចរាចរណ៍ក្រុងចាត់ការតាមនិតិវិធី ៕



ចែករំលែកព័តមាននេះ