ខេត្តស្វាយរៀង ៖ កម្មករជាច្រើនមានទាំងអ្នកមានផ្ទៃពោះផងនោះ បានធ្វើបាតុកម្មនៅរោងចក្រមួយកន្លែងនៅខេត្តស្វាយរៀង ដើម្បីទាមទារឲ្យរោងចក្រ និងអ្នកបញ្ជាទិញទទួលយកតំណាងកម្មកររបស់ខ្លួនដែលកំពុងមានផ្ទៃពោះឲ្យចូលបម្រើការងារវិញ ។
កម្មកររោងចក្រកាត់ដេរ «ស័ងលី» ស្ថិតក្នងតំបន់សេដ្ឋកិច្ចពិសេស «សានតុង» ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើបាតុកម្មកទាមទារអោយរោងចក្រចិន «ស័ងលី» និងអ្នកបញ្ជាទិញ UNIGLO. MUJI,CO.JP, AIRIN.CO.JP, ដែលជាប្រែនជប៉ុន ទទួលយកតំណាងរបស់ពួកគេ គឺអ្នកស្រី ឌី ភ័ស្ត ដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារ កាលពីថ្ងៃទី១៩ មីនា ឆ្នាំ២០២០ កន្លងមក អោយចូលធ្វើការងារវិញ ហើយអ្នកស្រីក៏កំពុងមានផ្ទៃពោះផងដែរ។
បើតាមលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកាត់ដេរបានឲ្យដឹងថា «ខាងរោងចក្របានបញ្ឈប់ស្ត្រីមានផ្ទៃពោះខាងលើ ពេលគាត់មានផ្ទៃពោះប្រមាណជា៣ខែ ដោយចោទប្រកាន់ថា ស្ត្រីខាងលើនេះ កេងប្រវ័ញ្ញម៉ោងការងាររបស់រោងចក្រ» ។
លោកបានបន្តថា នោះជាការចោទប្រកាន់មិនត្រឹមត្រូវ ហេតុដូច្នេះហើយខាងមន្ទីរការងារក៏បានចេញបញ្ជាឲ្យរោងចក្រចិនដែលកាត់ដេរឲ្យម៉ាកល្បីជាច្រើនរបស់ជប៉ុនទទួលយកកម្មការិនីមានផ្ទៃពោះរូបនេះចូលបម្រើការងារវិញ ។
លោកបានបន្តថា «ទោះបីមន្ទីរការងារខេត្ត បានចេញលិខិតបង្គាប់អោយក្រុមហ៊ុនយកអ្នកស្រី ឌី ភ័ស្ត ចូលវិញក៏ដោយ ក៏ក្រុមហ៊ុននៅតែបដិសេធមិនទទួលយកអ្នកស្រីអោយចូលធ្វើការវិញដែរ ។ ដ្បិតតែករណីនេះ យើងខ្ញុំ កំពុងធ្វើកិច្ចការនេះជាមួយនឹងស្ថាប័នដៃគូក្រៅស្រុក ដើម្បីដោះស្រាយ ការរំលោភបំពានច្បាប់ពីសំណាក់ក្រុមហ៊ុនខាងលើនេះ តែយើងមិនអាចស្ងៀម បណ្តោយអោយក្រុមហ៊ុនបញ្ជាទិញទាំងនេះ បង្អូសបន្លាយពេលវេលានោះទេ» ៕ (កែសម្រួលដោយ ៖ បុប្ផា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ