ខេត្តក្រចេះ ៖ មន្ទីរបរិស្ថានខេត្តក្រចេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ មានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃសំបូរ បានបង្ក្រាបបទល្មើសធនធានធម្មជាតិ «ប្រភេទបទល្មើសសត្វព្រៃ» នៅចំណុចមុខស្នាក់ការ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែឧសភានេះ ។

មន្ទីរបរិស្ថានបានបញ្ជាក់ថា ដោយបានប្រទះឃើញករណីជនសង្ស័យចំនួន ០២នាក់ ដឹកជញ្ជូនសត្វព្រៃតាមម៉ូតូ រួមមានសំពោច ០២ក្បាល ទម្ងន់០៥គីឡូក្រាម ពស់វែករនាម ០១ក្បាល ទម្ងន់០៤គីឡូក្រាម និងអណ្តើក ០៣ក្បាល ទម្ងន់២,៤គីឡូក្រាម ។ ខណៈពេលដែលជួបមន្ត្រីឧទ្យានុរក្ស ជនសងសង្ស័យទាំង០២នាក់នោះ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់អស់ ។

ដោយខ្លាចសត្វព្រៃទាំងអស់នោះស្លាប់ ព្រោះមើលទៅពួកវាមានសភាពខ្សោយរួចទៅហើយនោះ ទើបមន្ត្រីឧទ្យានុរក្សសម្រេចធ្វើការដោះលែងពួកវាអោយចូលព្រៃវិញ ។ ចំណែកបច្ចុប្បន្ន មន្ត្រីឧទ្យានុរក្ស កំពុងធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនសង្ស័យ ដើម្បីយកមកផ្តន្ទារទោសតាមច្បាប់ផងដែរ ៕


ចែករំលែកព័តមាននេះ