ប្រទេសរុស្ស៊ី ៖ អាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកទស្សនាមួយចំនួនតូច នឹងត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតក្នុងកីឡដ្ឋាន នៅពេលដែលក្របខ័ណ្ឌកំពូល Russian Premier League ចាប់ផ្តើមសកម្មភាពប្រកួតប្រជែងឡើងវិញ នៅចុងខែក្រោយ ។

សូមរំលឹកជូនថា កាលពីពាក់កណ្តាលខែឧសភា សមាគមកីឡាបាល់ទាត់រុស្ស៊ីបានប្រកាសថា ក្របខ័ណ្ឌ Premier League របស់ខ្លួន នឹងចាប់ផ្តើមរដូវកាលឡើងវិញចាប់ពីថ្ងៃទី ២១ មិថុនា ២០២០ ដោយបិទទ្វារកីឡដ្ឋាន។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ សមាគមមួយនេះ បានប្រកាសសារជាថ្មីថា ខ្លួនបានយល់ព្រមលើការសម្របសម្រួល ជាមួយក្រុមអ្នកឃ្លាំមើលសុខភាពជាតិ ដោយអនុញ្ញាតឱ្យអ្នកគាំទ្រអាចទស្សនាការប្រកួតក្នុងកីឡដ្ឋានបសន ប៉ុន្តែត្រូវបានកំណត់ចំនួនតែ ១០ ភាគរយនៃចំនួនកៅអីសរុបតែប៉ុណ្ណោះ ដើម្បីអាចរក្សាគម្លាតពីគ្នា ។

ដោយឡែកឧបនាយករដ្ឋមន្ត្រី Dmitry Chernyshenko ក៏បានមានប្រសាសន៍ថា ការគាំទ្រពីសំណាក់អ្នកគាំទ្រ គឺមានសារៈសំខាន់ណាស់សម្រាប់កីឡាករ ដោយបានហៅវាថា ជាសមាសធាតុអារម្មណ៍ដ៏ពិសេសនៃបាល់ទាត់ ។

សូមរំលឹកថា សកម្មភាពនៃការប្រកួតបាល់ទាត់ក្នុងប្រទេសរុស្ស៊ី ត្រូវបានផ្អាកទាំងស្រុងចាប់តាំងពីថ្ងៃទី ១៧ មីនា ២០២០ ដោយសារតែការផ្ទុះឡើងពីវីរុសកូវីដ-១៩ ។
គិតមកទល់ថ្ងៃទី ២៩ ឧសភា ២០២០ ប្រទេសរុស្ស៊ីបានក្លាយជាប្រទេសទី៣ ដែលមានចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើនបំផុតទូទាំងពិភពលោក។ ពោលមានចំនួន ៣៧៩.៦២៣ ករណី នឹងមានអ្នកស្លាប់សរុបចំនួន ៤,៣៧៤នាក់ នៅពីក្រោយសហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល ៕
ចែករំលែកព័តមាននេះ