ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០ ​អាច​នឹង​កើនឡើង​ពី​៣​ទៅ​១១​ភាគរយ ​នៅ​កម្ពុជា​ព្រោះតែ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តាម​ការ​ព្យាករណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០ នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១​ភាគរយ ដែល​ខ្ពស់​ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ដែល​កត្តា​នេះ​គឺ​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ​៖ តាម​ការ​ព្យាករណ៍​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២៩ ឧសភា​នេះ​បាន​ឲ្យ​ដឹង​ថា​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០ នៅ​កម្ពុជា​អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១​ភាគរយ ដែល​ខ្ពស់​ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ដែល​កត្តា​នេះ​គឺ​បង្ក​ឡើង​ដោយ​វីរុស​កូ​វី​ដ​-១៩ ដែល​កំពុង​បង្ក​ការ​ប៉ះទង្គិច​យ៉ាងដំណំ​ទៅ​លើ​ក្បាលម៉ាស៊ីន​សំខាន់​ៗ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​នោះ​មាន វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម​នាំ​ចេញ និង​ផ្នែក​សំណង់ ។

ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ កំពុង​បង្ក​ការ​ប៉ះទង្គិច​យ៉ាងដំណំ​ទៅ​លើ​ក្បាលម៉ាស៊ីន​សំខាន់​ៗ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​នោះ​មាន វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម​នាំ​ចេញ និង​ផ្នែក​សំណង់ ដែល​ទាំង​អស់នេះ​តំណាង​ឱ្យ​ជាង ៧០​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​មាន​កម្រៃ​ប្រមាណ​ជា ៤០​ភាគរយ នៃ​ការងារ​សរុប​របស់​ប្រទេស​។

ដោយសារ​មូលហេតុ​នេះ នៅ​ក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មាន​ល្បឿន​យឺត​បំផុត​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​វា​នឹង​ថមថយ​រហូត​ដល់​រវាង -១ និង -២,៩ ភាគរយ តាម​ការ​ឱ្យ​ដឹង​ពី​របាយការណ៍ «​កម្ពុជា​នៅ​ក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វី​ដ​-១៩» (Cambodia in the Time of COVID-19) ដែល​ជា​របាយការណ៍​របស់​ធនាគារពិភពលោក​ស្តី​ពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុង​ក្រោយ សម្រាប់​ប្រទេស​កម្ពុជា​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា «​នៅ​ក្នុង​ស្ថានភាព​នេះ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០ អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១​ភាគរយ ដែល​ខ្ពស់​ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ឬ​និយាយ​បាន​ម្យ៉ាងទៀត​ថា កម្រិត​នៅ​ពេល​ដែល​គ្មាន​ជំងឺ​កូ​វី​ដ​-១៩ ពិសេស​ក្នុង​ចំណោម​ក្រុម​គ្រួសារ​ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សំខាន់​ៗ មាន វិស័យ​ទេសចរណ៍​, សំណង់​, ពាណិជ្ជកម្ម​, ឧស្សាហកម្ម​ផលិត​, និង​ឧស្សាហកម្ម​កាត់ដេរ ប្រសិនបើ​ពួក​គេ​បាត់បង់​ចំណូល​អស់ ៥០​ភាគរយ សម្រាប់​រយៈពេល​ប្រាំមួយ​ខែ​ជាប់​គ្នា​។ ជាមួយ​គ្នា​នេះ ឱនភាព​សារពើពន្ធ​នឹង​មាន​កម្រិត​ខ្ពស់​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​កំឡុង​ពេល ២២​ឆ្នាំ កន្លង​មក​» ។

ការ​ដួល​រលំ​នៃ​កម្លាំង​សំខាន់​ៗ​សម្រាប់​ជំរុញ​កំណើន​បាន​ប៉ះទង្គិច​យ៉ាង​ខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ឱ្យ​ការងារ​របស់​មនុស្ស​យ៉ាង​ហោច​ណាស់ ១,៧៦​លាន​នាក់ ស្ថិត​ក្នុង​ហានិភ័យ​។ របាយការណ៍​នេះ​ក៏​បាន​ព្រមាន​ដែរ​ថា ការ​ហូរ​ចូល​នៃ​មូលធន​មក​ពី​ក្រៅប្រទេស​ក៏​កំពុង​តែ​ស្តួចស្តើង​ទៅ​ៗ​ដែរ ដែល​តាម​រយៈ​នេះ​វា​នឹង​ញ៉ាំង​ឱ្យ​តម្លៃ​នៃ​ទីផ្សារ​អចលនទ្រព្យ​ស្រុត​ចុះ ហើយ​ទំនងជា​នឹង​ឈាន​ទៅ​បញ្ចប់​ការ​រីក​លូតលាស់​យ៉ាង​រហ័ស​នៃ​វិស័យ​សំណង់ ទៀត​ផង​។

កម្ចី​មិន​ដំណើរការ (​កម្ចី​ខូច​) ត្រូវ​បាន​រំពឹង​ថា​នឹង​អាច​មាន​ទំហំ​កាន់តែ​ធំ​ឡើង ក្នុង​ពេល​ដែល​ពុំ​ទាន់​មានការ​ទូទាត់​សង​ឥណទាន​បច្ចុប្បន្ន​ដែល​ត្រូវ​បាន​ធ្វើ​កន្លង​មក​ចំពោះ​ឱ្យ​វិស័យ​សំណង់​, អចលនទ្រព្យ និង​ការ​លក់​ទិញ​លំនៅ​ឋាន​តាម​រយៈ​ការ​បង់​រំលស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ