ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេធាវី​ជិត​៩០០​នាក់​បាន​ចុះ​បញ្ជី​នៅ​គណៈ​មេធាវី​៧២៥​នាក់​បំពេញ​តួ​នាទី​ការ​ពារ​ជន​រង​គ្រោះ ឬ​ជន​ជាប់​ចោទ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​មាន​មេធាវី​របស់​ខ្លួន​សរុប​ចំនួន​៨៩៧​នាក់​ដែល​បាន​ចុះបញ្ជី​ផ្លូវការ និង​ទទួលស្គាល់​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្នុង​នោះ​មាន​មេធាវី​ចំនួន​៧២៥​នាក់​កំពុង​តែ​បំពេញ​តួនាទី​ការពារ​សិទ្ធិ​ជូន​ជន​រង​គ្រោះ​ឬ​ជនជាប់ចោទ ប៉ុន្តែ​មាន​មេធាវី​ចំនួន​១៧២​នាក់​សុំ​មិន​ប្រកប​មុខរបរ​ការពារ​ក្តី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ប៊ុ​ន ហុ​ន ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជាប់​ឆ្នោត​ចំនួន​ពីរ​អាណត្តិ​ជាប់​ៗ​គ្នា​ក្នុង​ការ​ដឹកនាំ​គណៈមេធាវី កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បាន​ថ្លែងប្រាប់​កោះសន្តិភាព​ក្នុង​បទ​សម្ភាសន៍​ដាច់​ដោយឡែក​មួយ​នៅ​ការិយាល័យ​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

លោក​ប្រធាន​គណៈមេធាវី​បញ្ជាក់​ថា មាន​ជនខិលខូច​មួយ​ចំនួន​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​មេធាវី​ទៅ​ឆបោក​ប្រាក់​ពី​ជន​រង​គ្រោះ ដែល​ពេល​នេះ​គណៈមេធាវី​កំពុង​តែ​ស៊ើបអង្កេត និង​ប្តឹង​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ចំពោះ​មេធាវី​បរទេស​វិញ មាន​តែ​មេធាវី​កំពុង​បំពេញការងារ​នៅ​សាលាក្តី​ខ្មែរក្រហម​ទេ ដែល​មានការ​ទទួលស្គាល់​ដោយ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រៅពី​នេះ ជនបរទេស​ទាំងឡាយ​ដែល​មិន​មានការ​ទទួលស្គាល់​ពី​គណៈមេធាវី ជន​ទាំងនោះ​មិនមែន​ជា​មេធាវី​ឡើយ ។ លោក​ប្រធាន​អះអាង​ថា គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​នាយកដ្ឋាន​ការពារ​ក្តី​ជូន​ជន​ក្រីក្រ ដែល​ទទួល​បាន​ប្រាក់​មូលនិធិ​ប្រចាំឆ្នាំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤​នេះ​បាន​ផ្តល់​ចំនួន​៣០០​លាន​រៀល ប្រហែល​៧៥.០០០​ដុល្លារ​អា​មេ​រិ​ក ។ រហូត​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៤ គណៈមេធាវី​បាន​ផ្តល់​សេវាកម្ម​ជូន​៨០០​ករណី​មក​ហើយ ក្នុង​នោះ​មាន​មេធាវី​ជួយ​ការពារ​ក្តី​ដោយ​ស្ម័គ្រចិត្ត​ចំនួន​១៥០​រូប​នៅ​ក្នុង​តុលាការ​ទូ​ទាំង​ប្រទេស ។ បុ​៉​ន្តែ​នៅ​មាន​បញ្ហា​ប្រឈម​ខ្លះ​ក្នុង​ការ​រៀបចំ​ឯក​ទទួល​និង​ផ្តល់​ប្រាក់​មូលនិធិ​ទាំងនោះ និង​សំណូមពរ​ដល់​មន្ត្រី​ហិរញ្ញវត្ថុ​ជួយ​សម្រួល​ក្នុង​ទទួល​ប្រាក់​នេះ​ផង ។

កាលពី​រសៀល​ថ្ងៃ​ទី​១៧ វិច្ឆិកា មាន​មេធាវី​ថ្មី​ចំនួន​១៦​នាក់ (​ស្រី​៥​នាក់​) បាន​ស្បថ​នៅ​សាលាឧទ្ធរណ៍​នៅ​ចំពោះ​មុខ​លោក​ចៅក្រម ងួ​ន អុ​ី​ម មុន​ពេល​ចូល​បំពេញ​កម្មសិក្សា​របស់​ពួក​គាត់​។ ក្រុម​មេធាវី​និយាយ​ថា ពាក្យ​ដែល​ពួក​គាត់​បាន​ស្បថ​នោះ​មាន​ដូច​ជា ត្រូវ​គោរព​ច្បាប់ គោរព​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ជាដើម ។ មេធាវី​ដែល​អាច​ស្បថ​ចូល​ប្រកប​មុខរបរ​ជា​មេធាវី​បាន លុះត្រា​មាន​សញ្ញាបត្រ​បរិ​ញ្ញ​ប​ត្រ​ច្បាប់ ឬ​ក៏​បាន​បំពេញ​ការងារ​ផ្នែក​វិស័យ​ច្បាប់​យ៉ាងតិច​២​ឆ្នាំ បន្ទាប់​មក​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ពេញ​មួយ​ឆ្នាំ​សិន ។ លោក ប៊ុ​ន ហុ​ន លើក​ឡើង​ថា មេធាវី​បរទេស​ក្រៅពី​មេធាវី​នៅ​សាលាក្តី​ខ្មែរក្រហម ហើយ​ប្រកាស​ថា ខ្លួន​ជា​មេធាវី​នោះ អ្នក​ទាំងនោះ​កំពុង​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ច្បាប់​កម្ពុជា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​វិជ្ជាជីវៈ​មេធាវី​កម្ពុជា ។ មេធាវី​បរទេស​មួយ​ចំនួន​ធំ​នៅ​កម្ពុជា​ទាំងនោះ​មិន​បាន​ចុះបញ្ជី​នៅ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទេ និង​មិន​ទាន់​មានការ​អនុញ្ញាត​ឱ្យ​មានការ​ប្រកប​វិជ្ជាជីវៈ​នោះ​ទេ ហើយ​គណៈមេធាវី​បាន​ជំរុញ​វិស័យ​ឯកជន សាធារណជន​ទាំងអស់​ឱ្យ​មានការ​អនុវត្ត​ច្បាប់​ទាក់ទង​ការ​ប្រកប​វិជ្ជាជីវៈ​មេធាវី ។

លោក ប៊ុ​ន ហុ​ន ថ្លែង​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​សូម​ជម្រាប​ជូន​ដល់​ក្រុមហ៊ុន​ឯកជន​នៅ​កម្ពុជា​ថា មេធាវី​បរទេស​ដែល​ប្រកប​របរ​នៅ​កម្ពុជា​ទាំងអស់ លើកលែងតែ​នៅ​សាលាក្តី​ខ្មែរក្រហម​សុទ្ធតែ​ខុសច្បាប់​ទាំងអស់ ។ មេធាវី​ដែល​ចង់​ប្រកបរ​បរជា​មេធាវី ត្រូវ​ចុះបញ្ជី​នៅ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មុន​សិន តែបើ​គាត់​មិន​ចុះបញ្ជី​ទេ វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា ហើយ​គណៈមេធាវី​នឹង​ធ្វើការ​ជូនដំណឹង​អំពី​ការ​ប្រកប​វិជ្ជាជីវៈ​របស់​ក្រុម​មេធាវី​នៅ​ពេល​ឆាប់​ៗ​នេះ ។ លោក ប៊ុ​ន ហុ​ន លើក​ឡើង​ថា មេធាវី​មិន​អាច​និយាយ​ថា ខ្លួន​អាច​ជួយ​កូនក្តី​របស់​ខ្លួន​ឱ្យ​ឈ្នះក្តី​នៅ​ក្នុង​តុលាការ ឬ​ក៏​និយាយ​ថា​ខ្លួន​អាច​ធានា​កូនក្តី​រួច​ពី​ការ​ចោទប្រកាន់​នោះ​ទេ ព្រោះ​ច្បាប់​មិន​អនុញ្ញាត​ឱ្យ​មេធាវី​និយាយ​បែប​នេះ​ឡើយ ។ បុ​៉​ន្តែ​មេធាវី​អាច​និយាយ​ក្រោយ​ពី​តុលាការ​សម្រេច​រឿង​ក្តី​មួយ​ថា ការ​សម្រេច​នេះ​មិន​អាច​ទទួលយក​បាន​ទេ និង​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់​ខ្លួន និង​មិន​អាច​យក​សម្រេច​របស់​តុលាការ​ទាំងមូល​មក​វិភាគ​ឡើយ ។

លោក ប៊ុ​ន ហុ​ន បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៥ រហូត​មក​ដល់​ពេល​នេះ មាន​សមាជិក​គណៈមេធាវី​ចំនួន​៤​នាក់​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​បញ្ជី​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នោះ​រួម​មាន​លោក សម រ​ង្ស៊ី ម្នាក់​ផង​ដែរ គាត់​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​សាលក្រម​ស្ថាពរ ព្រោះ​ក្នុង​ច្បាប់​មេធាវី​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ព្រហ្មទណ្ឌ​មិន​អាច​ជា​សមាជិក​គណៈមេធាវី​បាន​ទេ បុ​៉​ន្តែ​បើ​លោក សម រ​ង្ស៊ី សុំ​ចុះ​ឈ្មោះ​ឡើង​វិញ លុះត្រា​គាត់​ដាក់​ពាក្យ​សា​ជា​ថ្មី​ក្រោយ​ពី​មានការ​បញ្ជាក់​សម្បទា​ជា​ថ្មី ។ មេធាវី​២​នាក់​ទៀត​លុប​ចេញ​បន្ទាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ឆ​បោកប្រាក់គេ​ប្រមាណ​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​ម្នាក់​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ចំណាត់ការ​របស់​សាលាឧទ្ធរណ៍ ៕