កូនស្វា​ក្រ​វ៉ា​ត់ ឬ​ស្វា​កន្ទុយ​ស ប្រគល់​​​ទៅ​មន្ទីរ​​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី


ខេត្តមណ្ឌលគិរី ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ ​ឧសភា ឆ្នាំ​២០២០ ក្រុមការងារ​អភិរក្ស​សត្វព្រៃ​ចល័ត​របស់​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី សហការ​ជាមួយ​អង្គការ WWF បាន​ប្រគល់​កូន​សត្វ​ស្វា​ចំនួន​២​ក្បាល ទៅ​ឲ្យ​មន្ត្រី​ជំនាញ​អភិរក្ស​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ដើម្បី​បន្ត​ការ​ថែទាំ ការពារ និង​អភិរក្ស ខណៈ​សត្វ​ស្វា​ទាំង​២​ក្បាល​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​ប្រគល់​មក​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌល​គិរី​។

សត្វ​ស្វា​ក្រ​វ៉ា​ត់ ឬ​ស្វា​កន្ទុយ​ស មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Douc Langur គឺជា​ថនិកសត្វ​ស្ថិត​ក្នុង​ក្រុម​មាន​ដោយ​កម្រ ហើយ​ត្រូវ​បាន​កំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​១ នៃ​អនុសញ្ញា​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ​និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រងគ្រោះថ្នាក់ ហៅ​កាត់​ថា CITES ។ បើ​តាម​ការ​បញ្ជាក់​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ត្រុំ បង្ហាញ​ថា កូន​ស្វា​កន្ទុយ​ស​១​ក្បាល​នេះ លោក​ទទួល​បាន​ពី​បងប្អូន​ជនជាតិ​ដើម​ភាគតិច ហើយ​លោក​បាន​យក​មក​ចិញ្ចឹម ប៉ុន្តែ​ដោយ​លោក​បាន​ស្វែង​យល់​អំពី​ការ​ចិញ្ចឹម​សត្វព្រៃ​គឺជា​សកម្មភាព​ប្រាសចាក​ពី​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ ទើប​លោក​និង​ក្រុម​គ្រួសារ​សម្រេច​ប្រគល់​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​ការងារ​អភិរក្ស​សត្វព្រៃ ខណៈ​សត្វ​ស្វា​១​ក្បាល​នេះ​ជា​ប្រភេទ​មាន​ដោយ​កម្រ និង​ជិត​ផុត​ពូជ​ទៅ​ហើយ​។

ដោយឡែក កូន​ស្វា​ត្រោស​ចំនួន​១​ក្បាល​ទៀត ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ទឺ​ត ក្នុង​ឃុំ​ប៊ូ​ស្រា ប្រគល់​ឲ្យ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ដើម្បី​ចូលរួម​អភិរក្ស​សត្វព្រៃ​ផង​ដែរ​។ សត្វ​ស្វា​ត្រោស គឺជា​ថនិក​សត្វ​ស្ថិត​ក្នុង​ក្រុម​មាន​ដោយ​បង្គួរ មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ហៅ​ថា Pig-Tailed Macaque ហើយ​ត្រូវ​បាន​កំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​២ នៃ​អនុសញ្ញា CITES ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ បាន​សម្ដែង​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រភេទ​សត្វ​ស្វា​កន្ទុយ​ស ដែល​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត ទទួល​បាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។ លោក​ថ្លែង​ថា “​ថ្មី​ៗ​នេះ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី ទទួល​បានកូន​សត្វ​ស្វា​ក្រ​វ៉ា​ត់ ឬ​ស្វា​កន្ទុយ​ស សរុប​ចំនួន​២​ក្បាល​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​គឺជា​កូន​ស្វា​នៅ​តូច ដែល​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ជម្រក​របស់​ពួក​វា​ត្រូវ​បាន​រំខាន​ដោយសារ​សកម្មភាព​ប្រមាញ់​មាន​ការ​កើនឡើង និង​ការ​លួច​កាប់​ទន្ទ្រាន​ព្រៃស្រោង​ដែល​ជា​ជម្រក​ដ៏​សំខាន់​របស់​ពួក​វា ពីព្រោះ​វា​ចូល​ចិត្ត​រស់នៅ​ក្នុង​ព្រៃស្រោង ហើយ​ពួក​វា​កំពុង​តែ​ទទួល​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង​”​។

លោក​បាន​ណែនាំ​ដល់​នាយក​ដែនជម្រកសត្វព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​ទាំង​៥​តំបន់​ក្នុងភូមិ​សាស្ត្រ​ខេត្ត​មណ្ឌលគិរី ត្រូវ​បន្ត​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ក្នុង​ការ​ទប់ស្កាត់​ការ​គំរាមកំហែង​ទៅ​លើ​សកម្ម​ភាព​បរបាញ់ និង​ការ​លួច​ទន្ទ្រាន​ដី​ព្រៃ​ក្នុង​តំបន់ការពារធម្មជាតិ​។ លោក​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ចំនួន​នៃ​ការ​ថយ​ចុះ​ទៅ​លើ​សត្វ​ស្វា​ប្រភេទ​នេះ ដោយសារ​សកម្មភាព​បរបាញ់​កើនឡើង និង​ការ​បាត់បង់​គម្រប​ព្រៃស្រោង​ដែល​ជាទី​ជម្រក​របស់​សត្វ​ស្វា​កន្ទុយ​ស​។

ថ្លែង​នៅ​ក្នុង​វិទ្យុជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២០ លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ និង​ទទូច​ដល់​អ្នក​ពាក់ព័ន្ធ​ទាំងអស់​សូម​ផ្ដោត​ការ​ចាប់អារម្មណ៍​ទៅ​លើ​សត្វព្រៃ​ប្រភេទ​មាន​ដោយ​កម្រ​ដទៃ​ជា​ច្រើន​ទៀត និង​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត​បៃតង​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី ឲ្យ​បាន​គង់វង្ស​សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​។

គួររំលឹកជូន​ថា កាលពី​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០១២ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឡាយ​ព្រះ​ហត្ត​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្ដី​ពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​ស្ដី​ពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃ​ដែល​កំពុង​រង​គ្រោះ (CITES) ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​អនុសញ្ញា​នេះ​កាលពី​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​១៩៩៧ ដែល​មាន​១៤០​ប្រទេស​ចូលរួម​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ