ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វង្ស ណ​យ ស្រវាស្រទេញ​អាជីព​ថ្មី​ជា​អ្នកចម្រៀង

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​ថ្នូរ​នឹង​ភាព​ស្ងប់ស្ងាត់ កីឡាករ​ប្រដាល់​ល្បីឈ្មោះ វង្ស ណ​យ ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​លើ​ឆាក​តន្ត្រី​លក់​សំបុត្រ ក្នុង​នាម​ជា​អ្នកចម្រៀង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ ជំហាន​ថ្មី​របស់​លោក​មិនមែន​ក្នុង​ន័យ​កម្សាន្ត​អារម្មណ៍​ដូច​មុន​នោះ​ទេ ប៉ុន្តែ​ជា​ជំហរ​ចង់​ក្លាយជា​អ្នកចម្រៀង​អាជីព​តែ​ម្ដង ក្នុង​ពេល​ខាង​មុខ ។ ក្រោយ​បង្ហោះ​បទ​ចម្រៀង «​កុំ​ចង់​ដឹង​កុំ​សាក​ចំពោះ​គ្រឿងញៀន​» បង្អួត​ពី​ទឹកដម​សំឡេង​ផ្ទាល់ខ្លួន​ជា​សាធា​រណៈ កីឡាករ វង្ស ណ​យ បាន​ទទួល​ការ​ចាប់អារម្មណ៍​ភ្លាម​ៗ​ពី​សំណាក់​លោក គង់ វិសាល អ្នកគ្រប់គ្រង​កម្មវិធី «​តន្ត្រី​យុវវ័យ​» របស់​ស្ថានីយទូរទស្សន៍​បាយ័ន ឲ្យ​ឡើង​ច្រៀង​រាំ​លើ​ឆាក​ទូរទស្សន៍ ។

ការ​បង្ហាញខ្លួន​នា​ពេល​នោះ មិន​មាន​មនុស្ស​ច្រើន​ណាស់ណា​នោះ​ទេ​យល់​ថា លោក​មាន​បំណង​ចង់​ក្លាយជា​តារា​សិល្បៈ ដោយ​អ្នក​ឃ្លាំមើល​យល់​ត្រឹម​ថា លោក​ចង់​ឡើង​ច្រៀង​ឲ្យ​បាន​ប្លែក​ភ្នែក និង​ចង់​ផ្សព្វផ្សាយ​ពី​បទ​ចម្រៀង​ដែល​ខ្លួន​បាន​និពន្ធ​នោះ​តែ​ប៉ុណ្ណោះ ។ យ៉ាងណា​ក៏​ដោយ ផ្ទុយ​ពី​ការ​គិត​ទុក លោក​បែរជា​បាន​ចូល​ស៊ប់​ក្នុង​អាជីព​សិល្បៈ ទាំង​ការ​សម្ដែង និង​ការ​ច្រៀង​រាំ ហើយ​ប្រឡូក​កាន់តែ​ជ្រៅ​នៅ​លើ​មាគ៌​៌ា​ថ្មី​មួយ​នេះ​។ ជំហរ​របស់​លោក​ត្រូវ​គេ​មើលឃើញ​កាន់តែ​ច្បាស់ ក្នុង​ពេល​ដែល​លោក​ស្រាប់តែ​បង្ហាញខ្លួន​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​ខេត្ត​-​ក្រុង ដែល​បាន​ប្រគំ​ឡើង​នៅ​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃអាទិត្យ ទី​១៦ វិច្ឆិកា កន្លង​ទៅ​ថ្មី​ៗ​នេះ ។ នៅ​ក្នុង​គណនី Facebook វង្ស ណ​យ បាន​បង្ហោះ​ពី​សកម្មភាព​ចេញ​ច្រៀង​របស់​ខ្លួន និង​បាន​បញ្ជាក់​ថា លោក​បាន​បោះ​ជំហាន​ថ្មី​ហើយ ក្នុង​នាម​ជា​អ្នកចម្រៀង​ដែល​អាច​រក​លុយ​ពី​ការ​លក់​សំឡេង ។
កីឡាករ វង្ស ណ​យ បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ច្រៀង​រាំ​នៅ​ក្នុង​យប់​នោះ គឺ​ដើម្បី​បង្វឹក​ខ្លួនឯង​ឲ្យ​មាន​អារម្មណ៍​នឹងនរ​ពិតប្រាកដ ហើយ​មិន​ភ័យ​នៅ​ពេល​ឡើង​ច្រៀង ។

បទ​ចម្រៀង​២​បទ ដែល​លោក​ជ្រើស​យក​មក​បកស្រាយ​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ដ៏​ធំ​នា​យប់​នោះ រួម​មាន​បទ «​ស្អប់​» របស់​លោក ខេមរៈ សិរីមន្ត និង​បទ «​ព្រមទាំង​អាល័យ​» ដោយ​ការ​បង្ហើរ​សំនៀង​របស់​លោក គឺ​ទទួល​បាន​នូវ​ការ​ទះដៃ​គាំទ្រ​យ៉ាង​កងរំពង ។ ថ្វី​ដ្បិតតែ​ទឹកដម​សំឡេង​របស់​លោក​នៅ​មាន​កម្រិត ប៉ុន្តែ​សន្ទុះ​នៃ​ការ​ចាប់អារម្មណ៍ គឺ​មិន​ចាញ់​តារាចម្រៀង​ដែល​បាន​បង្ហាញ​វត្តមាន​នា​យប់​នោះ​ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង​មក​ពី​ផលិតកម្ម​ផ្សេង និង​ជា​អ្នក​អាជីព​ក្នុង​វិស័យ​នេះ តាំងពី​យូរយារ​នោះ​ប៉ុន្មាន​ទេ ។ ការ​បង្ហាញខ្លួន​ឡើង​ច្រៀង​ជា​សាធារណៈ​នៅ​ខេត្តពោធិ៍សាត់​នោះ លោក​វង្ស ណ​យ ប្រាប់​ថា ដើម្បី​ស្ទាបស្ទង់​ទីផ្សារ ក៏​ដូច​ជា​ចង់​បន្សាំ​ខ្លួន​កុំ​ឲ្យ​ភ័យ​លើ​ឆាក​នៅ​ពេល​កាន់​ក្បាល​មេក្រូ ។ ទោះជា​ការ​បង្ហាញខ្លួន​លើ​សង្វៀន​ប្រដាល់​ដែល​ប្រមូលផ្ដុំ​មនុស្ស​កុះករ​ក្លាយជា​រឿង​សាមញ្ញ​របស់​លោក​យូរ​មក​ហើយ ក៏​ការ​ច្រៀង​រាំ​នៅ​តែ​ថ្មី និង​បាន​ធ្វើ​ឲ្យ​រូប​លោក​ផ្ទាល់ ចេះ​តែ​ចង់​ភ្លេច​ប៉ា​រ៉ូ​ល​នៅ​ពេល​ឡើង​ឆាក ។ លោក​ថា ការ​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន មិន​មាន​អារម្មណ៍​ញ័រ​ដៃ​ញ័រ​ជើង​កើតឡើង​នោះ​ទេ ដោយសារ​តែ​លោក គង់ វិសាល បាន​តម្រូវ​ឲ្យ​លោក​ចាក់​ឌី​ស្ក ហើយ​លោក​គ្រាន់តែ​ធ្វើ​កាយវិការ​នៅ​លើ​វេទិកា ។

អ​ញ្ចឹ​ង​ហើយ​ទើបត្រូវ​បន្ត​ឡើង​ឆាក​ខេត្ត​-​ក្រុង​បែប​នេះ​ឲ្យ​បាន​ច្រើន ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាច ហើយ​ងាយ​នឹង​ទទួល​ទីផ្សារ​សម្រាប់​ការ​ឡើង​ច្រៀង​លើក​ក្រោយ​ៗ​។ កីឡាករ​រូប​នេះ​បញ្ជាក់​ថា​៖ «​សម្រាប់​ខ្ញុំ​ការ​ឡើង​សង្វៀន​ដូច​ជា​អត់​មានអី​ទេ ប៉ុន្តែ​បើ​ច្រៀង​ផ្ទាល់​លើ​ឆាក​ទើប​ជា​រឿង​ពិបាក ដែល​ខ្ញុំ​យ៉ាង​ហោច​ក៏​ត្រូវ​ចំណាយពេល​ហ្វឹកហាត់​ជាមួយ​ការ​ច្រៀង​លើ​ឆាក​ឲ្យ​បាន​កាន់តែ​ច្រើន​ទៀត​ផង​ដែរ​។​» ។ អាជីព​សម្ដែង និង​ចម្រៀង​នឹង​ក្លាយជា​មុខរបរ​ថ្មី ដែល​លោក​ប្រកាស​ឈោង​ចាប់​ឲ្យ​បាន​ដាច់ខាត បើ​ទោះជា​ក្នុង​ពេល​ដ៏​ខ្លី គឺ​លោក​នឹង​ត្រូវ​ត្រឡប់​មក​កាន់ការ​ប្រដាល់​វិញ ដើម្បី​អាច​ទទួល​បានការ​ចាប់អារម្មណ៍ ។ លោក​ត្រូវ​គេ​ឃើញ​បង្ហាញខ្លួន​ក្នុង​ឈុត​ខារ៉ាអូខេ និង​ការ​សម្ដែង​មួយ​ចំនួន​នា​ពេល​ចុង​ក្រោយ ។ ជា​រៀងរាល់ថ្ងៃ លោក​ហ្វឹកហាត់​បទ​ចម្រៀង​ជា​ច្រើន ទន្ទឹម​នឹង​ការ​ស្វែងរក​ការ​អញ្ជើញ​ឲ្យ​ខ្លួន​ឡើង​ច្រៀង​តាម​ឆាក​តន្ត្រី​ខេត្ត​-​ក្រុង និង​ប៉ុស្តិ៍​ទូរទស្សន៍​នា​ពេល​បន្តបន្ទាប់ ។

ប្រភព​ពី​អ្នក​រៀបចំ​កម្មវិធី​បញ្ជាក់​ថា ការ​ផ្ដល់​ឱកាស​ឲ្យ វង្ស ណ​យ ឡើង​ច្រៀង​គឺ​ដោយសារ​តែ​លោក​យល់​ថា កីឡាករ​រូប​នេះ​ល្បីឈ្មោះ ដែល​ពិតជា​មាន​មនុស្ស​ភាគច្រើន មាន​បំណង​ចង់​ស្ដាប់​សំឡេង បើ​លោក​ឡើង​ច្រៀង ។ ជាក់ស្ដែង​ចម្រៀង​២​បទ ដែល វង្ស ណ​យ បាន​បង្ហាញ​នៅ​លើ​វេទិកា​តន្ត្រី​នោះ ទោះបី​មាន​ចំណុច​ស្ទើរ​ប៉ា​រ៉ូ​ល និង​ស្ទើរ​តុង​ដោយ​អន្លើ ក៏​ទឹកដម​សំឡេង​របស់ វង្ស ណ​យ មាន​ចំណុច​អាច​ទទួលយក​បាន ។ លោក​នឹង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​រូប​នេះ បាន​ឡើង​បង្ហើរ​សំឡេង​នៅ​ពេល​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​លោក​ឆាប់​ក្លាយជា​តារាចម្រៀង​ដែល​ជា​អាជីព​ថ្មី​មួយទៀត ក្នុង​ពេល​ដែល​លោក​ក៏​មិន​ទាន់​ដាច់​អាល័យ​ពី​ការ​ប្រដាល់ ។ ក្នុង​ពេល​ដ៏​ខ្លី កីឡាករ វង្ស ណ​យ បញ្ជាក់​ប្រាប់​ថា លោក​ឈោង​យក​ឱកាស​ឡើង​ប៉ុស្តិ៍​ទូរទស្សន៍​កាន់​ក្បាល​មេក្រូ​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ ។ លោក​សន្យា​នឹង​ធ្វើ​ឲ្យ​ជោគជ័យ ទាំង​ការ​ច្រៀង​រាំ ទាំង​ការ​ប្រដាល់​ព្រម​គ្នា ក្រោយ​ពេល​ដែល​លោក​បន្ទន់​ជំហរ​ចូល​រេញ​វិញ ៕