ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ មិនមែនជាឧបសគ្គ ! ៤ខែដំបូងកម្ពុជានាំចេញកង់ទៅកាន់ទីផ្សារអឺរ៉ុបជិតកន្លះលានគ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ព្រួយបារម្ភ​និង​កំពុង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​ក្ដី តែ​តម្រូវការ​ប្រើប្រាស់​កង់​នៅ​តែ​កើនឡើង​ដដែល ជាក់ស្ដែង​ក្នុង​រយៈពេល​៤​ខែ​ដំបូង ពោល​គឺ​ចាប់ពី​ខែមករា ដល់​ខែ មេ​សា ២០២០…

រាជធានី​ភ្នំពេញ ៖ ទោះបីជា​ពិភពលោក​ទាំងមូល​កំពុង​ព្រួយបារម្ភ​និង​កំពុង​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩​ក្ដី តែ​តម្រូវការ​ប្រើប្រាស់​កង់​នៅ​តែ​កើនឡើង​ដដែល ជាក់ស្ដែង​ក្នុង​រយៈពេល​៤​ខែ​ដំបូង ពោល​គឺ​ចាប់ពី​ខែមករា ដល់​ខែ មេ​សា ២០២០ កម្ពុជា​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ជាង​៤៧៥​ពាន់​គ្រឿង ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ។

យោង​តាម​របាយការណ៍​ដដែល​នេះ​បានអោយ​ដឹង​ថា អឺរ៉ុប​ជាទី​ផ្សារ​ធំ​សម្រាប់​ការ​នាំ​ចេញ​កង់​របស់​កម្ពុជា ហើយ​បើ​គិត​ជា​ទឹកប្រាក់​នាំ​ចេញ​ក្នុង​រយៈពេល​៤​ខែ​នេះ មាន​សរុប​ប្រមាណ​១១១​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ឃើញ​ថា​មាន​កំណើន​ប្រមាណ​២​ភាគរយ ។

តាម​របាយការណ៍​ក៏​បាន​បង្ហាញ​ដែរ​ថា ប្រទេស​អា​ឡឺ​ម៉​ង់​គឺជា​អ្នក​នាំ​ចូល​ធំ​ជាងគេ​សម្រាប់​ផលិតផល​កង់​របស់​កម្ពុជា ក្នុង​នោះ​រយៈពេល​៤​ខែ​ដើមឆ្នាំ​អា​ឡឺ​ម៉​ង់​នាំ​ចូល​កង់​បី​កម្ពុជា​ចំនួន ១៦០​ពាន់​៧៦៤​គ្រឿង គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​៣៩​លាន​ដុល្លារ​អា​មេ​រិ​ក ។​ បន្ទាប់​ពី​អា​ឡឺ​ម៉​ង់ ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ច ក៏​ជា​អ្នក​នាំ​ចូល​ធំ​ដែរ​ដែល​មាន​បរិមាណ​៦៧​ពាន់​៥៤៨​គ្រឿង​គិត​ជា​ទឹកប្រាក់​ចំនួន​ជាង​២២​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រទេស​លំដាប់​ទី​៣​ដែល​នាំ​កង់​ពី​កម្ពុជា​នោះ គឺ​ចក្រភព​អង់គ្លេស ដែល​បាន​នាំ​កង់​បី​កម្ពុជា​ហើយ​រយៈពេល​៤​ខែ​កន្លង​ទៅ​នេះ អង់គ្លេស​នាំ​ចូល​កង់​ពី​កម្ពុជា​គិត​ជា​ទឹកប្រាក់​ប្រមាណ​១៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក​ស៊ា​ង ថៃ​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បានអោយ​ដឹង​ថា បើ​ទោះបីជា​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទប់ស្កាត់​កូ​វី​ដ​១៩​ក្ដី​តែ​ការ​នាំ​ចេញ​កង់​នៅ​តែ​មាន​កំណើន​ជា​វិជ្ជមាន ទោះ​ក្នុង​កម្រិត​តិចតួច​ក្ដី ។​លោក​ថា​៖« កត្តា​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​កង់​របស់​កម្ពុជា នៅ​តែ​បន្ត​កើនឡើង​ដោយសារ​តែ​កន្លង​មក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​សំណើរ​ទៅ​កាន់​អ្នកបញ្ជា​ទិញ​នៅ​ក្រៅប្រទេស កុំ​លប់​កិច្ចសន្យា​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ព្រោះថា​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ក្ដី ក៏​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​ផ្គត់ផ្គង់​ទំនិញ​តាម​កិច្ចសន្យា​ដដែល ។

មួយវិញទៀត តម្រូវការ​ទោចក្រយាន​នៅ​លើ​ទីផ្សារ​ក៏​មិន​មាន​ថមថយ​ដែរ ក្នុង​ពេល​កូ​វី​ដ​១៩​រាលដាល​នេះ ព្រោះ​ទោចក្រយាន​ជា​ទំនិញ​មិន​រណប​នឹង​រដូវ​កាល​ដូច​សម្លៀក​បំពាក់​និង​ស្បែកជើង​ឡើយ » ។ លោក​បន្ត​ថា បើ​ក្រលេក​ទៅ​មើល​របាយការណ៍​នៃ​ការ​នាំ​ចេញ​កន្លង​ទៅ​នេះ យើង​សង្ឃឹមថា​ត្រីមាស​ខាង​មុខ ការ​នាំ​ចេញ​នៅ​តែ​មាន​កំណើន​តែ​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ