ហ៊ាន​មែន​! ឃើញ​យក​ដីកា​ឱ្យ​ម្តាយ​ញឹក​​ពេក ស្ទាក់​ចាំ​នាយ​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​តាម​ផ្លូវ


ខេត្ត​កំពង់ឆ្នាំង ៖ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ​ម្នាក់​រង​របួស​បែកក្បាល​យ៉ាង​ដំណំ ក្រោយ​ពី​ត្រូវ​បុរស​ម្នាក់​ជា​ជនសង្ស័យ​បាន​យក​ដំបង​យ៉ាង​ធំ​មក​ស្ទាក់​វាយ​តាម​ផ្លូវ បន្ទាប់​ពី​ជន​រង​គ្រោះជា​នាយ​នគរបាល​ប៉ុស្តិ៍ ត្រឡប់​ពី​យក​ដីការ​របស់​តុលាការ​ឱ្យទៅ​ចុង​បណ្តឹង​ដែល​ត្រូវជា​ម្តាយ​របស់​ជនសង្ស័យ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​១០៤ ស្ថិត​ក្នុងភូមិ​ដំណាក់ អំពិល​ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ។

បើ​តាម​លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឃួ​ន ខន មាន​តួនាទី​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ ចំណែក​ជន​សង្ស័យ​ឈ្មោះ ដួង វង អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោក​អធិការ​បាន​បន្ត​ថា មុន​កើតហេតុ ជន​រង​គ្រោះ​ដែល​ជា​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បាន​យក​ដីកា​របស់​តុលាការ​ទៅ​ឱ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ដួង ទូច អាយុ​៥៧​ឆ្នាំ (​ជា​ចុង​បណ្តឹង​) មាន​ទីលំនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ លុះ​ពេល​ប្រគល់​ដីកា​ឱ្យ​ស្ត្រី​នោះ​រួច ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ ស្រាប់តែ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ត្រូវ​ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត​របស់​ស្ត្រី​រូប​នេះ​បាន​យក​ដំបង​ប៉ុង​កំភួនជើង​មនុស្ស​ចាស់​ប្រវែង​ជាង​១​ម៉ែត្រ មក​វាយ​សំពង​ចំ​ក្បាល​ជន​រង​គ្រោះ​រង​របួស​យ៉ាងដំណំ​តែ​ម្តង បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់ ប៉ុន្តែ​ក្រោយមក​សមត្ថ​កិច្ច​បាន​ដេញ​តាម ដើម្បី​ស្ទាក់​ចាប់​ជនសង្ស័យ​រូប​នេះ លុះ​រហូត​ដល់​ម៉ោងជាង​៧​យប់ ទើប​ចាប់​ខ្លួន​បាន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល ជនសង្ស័យ​សារភាព​ថា «​មូលហេតុ​ដែល​ខ្លួន​យក​ដំបង​ពួន​ស្ទាក់​វាយ​មេ​ប៉ុស្តិ៍​រដ្ឋបាល​រូប​នេះ គឺ​ដោយសារ​តែ​ខឹង​នឹង​មេ​ប៉ុស្តិ៍​រូប​នោះ​តែងតែ​យក​ដីកា​មក​ឱ្យ​ម្តាយ​ខ្លួន​ញឹកញាប់​ពេក ទើប​ខ្លួន​មាន​គំនុំ និង​ផ្ទុះ​កំហឹង​បែប​នេះ​តែ​ម្តង​» ។

បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ នឹង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា នេះ បន្ទាប់​ធ្វើការ​សាកសួរ​ចម្លើយ​ចប់​។

ជាមួយ​គ្នា​នេះ​ដែរ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្តុល​សែន​ជ័យ ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​កាន់​ដីកា​របស់​តុលាការ ត្រូវ​បាន​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ជួយ​ឧ​ប​ត្ថ​ម​ទឹកប្រាក់​ចំនួន​១​លាន​រៀល​សម្រាប់​ព្យាបាល​របួស​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ