ខេត្តប៉ៃលិន ៖ ដោយសង្កេតឃើញព្រះសង្ឃ ក៏ដូចជាតាជី យាយជី ដែលគង់ និងស្នាក់នៅ ក្នុងវត្តមួយចំនួនកំពុងទទួលរងការខ្វះខាតស្បៀងអាហារ ក៏ដូចជាចង្ហាន់ ទើបក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានប្រគេនទេយ្យវត្ថុដល់វត្តអត្តខាត់ចំនួន១កន្លែង ក្នុងក្រុងប៉ៃលិន និងវត្តចំនួន៣កន្លែងផ្សេងទៀតនៅស្រុកសាលាក្រៅ ដែលការប្រគេនទេយ្យទាននេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារប្រចាំក្រុង ស្រុក ដោយដឹកជញ្ជូនយកទេយ្យវត្ថុទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តទឹកផុស ក្នុងភូមិទឹកផុស សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន វត្តកូនដំរីលើ វត្តភ្នំបាយសី និងវត្តស្រែអន្ទាក់ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលកំពុងតែជួបនូវភាពអត្តខាត់(ខ្វះខាតស្បៀងអាហារ) ដោយសារកូវីដ១៩ កំពុងវាយលុកទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា ខណ:ប្រទេសមួយចំនួនកំពុងប្រឈមនឹងការរីរាលដាលនៃការឆ្លងវីរុសដ៏កាចសាហាវមួយនេះ ហើយបណ្តាលឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិតផងដែរ ដោយឡែកប្រទេសកម្ពុជាមានករណីឆ្លងជាង១០០នាក់ ហើយក៏ជាសះស្បើយឡើងវិញ ដោយគ្មានករណីបាត់បង់ជីវិតនោះទេ ។

ទោះបីជាយ៉ាងណា ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលបានដាក់វិធានការឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវលាងដៃជាមួយទឹកសាប៊ូ ឬអាល់កុល ហើយត្រូវពាក់ម៉ាសការពារជាប្រចាំផងដែរ ។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា ទេយ្យវត្ថុដែលក្រុមការងារកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន បានយកទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងមួយវត្តនីមួយៗ មាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអុីវ ប្រេងឆា ទឹកបរិសុទ្ធ ទឹកអាល់កុល ម៉ាស់ និងថវិកាមួយចំនួនផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)







ចែករំលែកព័តមាននេះ