ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នក​ចិ​ញ្ចឹម​មាន់ឱ្យ​​ក្រុមហ៊ុន​មួយមក​បើ​កសិក​ដ្ឋា​ន​​ដោយ​ខ្លួនឯង​ទទួល​ជោគ​ជ័យ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​អតីត​អ្នក​ចិញ្ចឹមមាន់​នៅ​ក្រុមហ៊ុន​មួយ​បាន​សម្រេចចិត​្ត​លា​ឈប់​ពី​ការងារ ហើយ​បាន​មក​បើក​កសិដ្ឋាន​ចិ​ញ្ចឹម​មាន់​យក​ពង​ដោយ​ខ្លួនឯង រហូត​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​គាត់​មាន​ជំនាញ​​ស្រាប់ គួប​ផ្សំ​នឹង​មានការ​ណែនាំ​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ពេទ្យសត្វ​បន្ថែម​ផង​ ។ ទោះបីជា​​យ៉ាងនេះ​ក្តី​ ម្ចាស់​កសិដ្ឋាន​រូប​នោះ​នៅ​មិន​ហ៊ាន​អះអាង​ថា​​ជា​ជោគជ័យ​នោះ​ឡើយ​…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​ជា​អតីត​អ្នក​ចិញ្ចឹមមាន់​នៅ​ក្រុមហ៊ុន​មួយ​បាន​សម្រេចចិត​្ត​លា​ឈប់​ពី​ការងារ ហើយ​បាន​មក​បើក​កសិដ្ឋាន​ចិ​ញ្ចឹម​មាន់​យក​ពង​ដោយ​ខ្លួនឯង រហូត​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​គាត់​មាន​ជំនាញ​​ស្រាប់ គួប​ផ្សំ​នឹង​មានការ​ណែនាំ​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ពេទ្យសត្វ​បន្ថែម​ផង​ ។ ទោះបីជា​​យ៉ាងនេះ​ក្តី​ ម្ចាស់​កសិដ្ឋាន​រូប​នោះ​នៅ​មិន​ហ៊ាន​អះអាង​ថា​​ជា​ជោគជ័យ​នោះ​ឡើយ​ ព្រោះ​ការ​ចិញ្ចឹម​មាន់​ដូច​គាត់​នៅ​មាន​ហានិភ័យ​ខ្ពស់​។

លោក សី មក​រា អាយុ​៣៧​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង មាន​ទីលំនៅ​ភូមិ​ចិន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បានឱ្យ​ដឹង​ថា​ គាត់​បាន​ចាប់ផ្តើម​ចិញ្ចឹម​មាន់​យក​ពង​នេះ​អស់​រយៈពេល​ជាង​២​ឆ្នាំ​ហើយ គឺ​ក្នុង​អំឡុង​ឆ្នាំ​២០១៧ ដោយ​កាល​ណោះ​មាន​មេមាន់​ត្រឹម​២​ពាន់​ក្បាល​ប៉ុណ្ណោះ ។ ​បច្ចុប្បន្ន​គាត់​បាន​ពង្រីក​ការ​ចិញ្ចឹម​មេមាន់​រហូត​ដល់​ទៅ​៧​ពាន់​ក្បាល ដែល​អាច​ទទួល​បាន​ពង​មាន់​ក្នុង​មួយ​ថ្ងៃ​ចំនួន​៧​ពាន់​គ្រាប់ ។​

ម្ចាស់កសិដ្ឋានខាងលើ​បាន​បន្ត​ថា បច្ចុប្បន្ន​ដោយសារ​តែ​មេមាន់​មួយ​ចំនួន​ចាប់ផ្តើម​ជម្រុះ​ស្លាប ផ្អាក​ពង ទើប​ក្នុង​មួយ​ថ្ងៃ​គាត់​ទទួល​បាន​ពង​ត្រឹម​ជាង​៥​ពាន់​គ្រាប់​ ។ ​ចំណែក​តម្លៃ​ទីផ្សារ​បោះ​ដុំ​វិញ ក្នុង​១​គ្រាប់ គាត់​លក់​បាន​ពី​៣៣០​រៀល​ទៅ​៣៥០​រៀល​។

​ម្ចាស់កសិដ្ឋាន​ខាងលើ​បាន​បញ្ជា​ក់ថា ចំពោះ​មុខរបរ​របស់​គាត់​បាន​រីក​ចំរើន​បែប​នេះ មាន​កត្តា​២​យ៉ាង ទី​១​-គាត់​ធ្លាប់​ធ្វើការ​នោះឱ្យ​​ក្រុមហ៊ុន​មួយ លុះ​ពេល​គាត់​ឈប់​ពី​ក្រុមហ៊ុន​នោះ ក៏​បាន​យកចំណេះ​ដឹង​ដែល​បាន​ចេះ​ខ្លះ មក​បើក​កសិដ្ឋាន​ចិ​ញ្ជឹ​ម​មាន់​ដោយ​ខ្លួនឯង ​និង​ទី​២-គឺ​បាន​ទទួល​ការ​ណែនាំ និង​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ផង​នោះ ​ទើប​ធ្វើ​ឱ្យ​មុខរបរ​របស់​គាត់​មានការ​រីក​ចំរើន​បែប​នេះ ។​ ជា​ចុង​ក្រោយ​​គាត់​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ទប់ស្កាត់​ការ​នាំ​ចូល​ពងមាន់​ ពង​ទា​ពី​ក្រៅប្រទេស ដើម្បី​ឱ្យ​តម្លៃ​ទីផ្សារ​ក្នុងស្រុក​មាន​តម្លៃ​ថេរ​ដូច​សព្វថ្ងៃ​ដែល​អាច​ទទួលយក​បាន​។

ជាមួយ​គ្នា​នេះ លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ​បាន​បញ្ជាក់​ថា​ ដោយ​បានការ​ណែនាំ​ពី​មន្ទីរ​កសិកម្ម ក៏​ដូច​ជា​ប្រធាន​ការិយាល័យ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​តែង​ចុះ​ជា​ប្រចាំ ដើម្បី​ជំរុញ​ដល់​ប្រជា​កសិករ​ឱ្យ​គាត់​ចិញ្ចឹម​និង​ផលិត​ឱ្យ​បាន​ច្រើន និង​ត្រូវ​ចេះ​ជ្រើសរើស​ពូជ ចេះ​ឱ្យ​ចំណី​សត្វ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា ។

លោក​អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលខេត្ត បាន​បញ្ជាក់​​បន្ត​ថា​ ​សព្វថ្ងៃ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ចិ​ញ្ចឹម​សត្វ បាន​និង​កំពុង​រិ​ត​បន្តឹង​ការ​នាំ​ចូល​សត្វ​ចូល​ក្នុង​ប្រទេស ដែល​នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។ ក្រៅពី​នោះ​មន្ត្រី​ជំនាញ​នៅ​បាន​ចុះ​អប់រំ​ដល់​កសិករ​ចិញ្ចឹមសត្វ​ត្រូវធ្វើ​អនាម័យ​សំអាត​ទ្រង់​រាល់ថ្ងៃ និង​ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​មេរោគ​ជា​ប្រចាំ ។ កសិករ​ចិ​ញ្ចឹម​សត្វ​ទាំងអស់ មិន​ថា ចិញ្ចឹម​មាន់ ជ្រូក ទា គោ ក្របី​នោះ​ទេ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ដល់ទី​តាំងរបស់​ពួក​គាត់​ម្តង​ៗ ពួក​គាត់​សប្បាយចិត្ត​ណាស់ ព្រោះ​មន្ត្រី​ជំនាញ​បាន​ផ្តល់​ជា​គំនិត ជា​បទ​ពិសោធន៍ បច្ចេកទេស ទៅ​ឱ្យ​ពួក​គាត់ ហើយ​ពេល​ពួក​គាត់​យក​ទៅ​អនុវត្ត​តែង​ទទួល​បាន​ជោគជ័យ​។

តាម​ការ​បញ្ជាក់​ពី​លោក​អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាលខេត្តបានឱ្យ​​ដឹង​ថា ពូជ​មាន់​ដែល​ម្ចាស់​កសិដ្ឋាន​យក​មក​ចិញ្ចឹម​សម្រាប់​យក​ពង​ខាងលើ គឺ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​សំបក​ពង​របស់​វា​មាន​សភាព​ក្រាស់ ងាយ​ដឹក​ជញ្ជូន​ជិត​ឆ្ងាយ​មិន​ងាយ​បែក ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ