ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​របស់​មហាសេដ្ឋី Elon Musk បង្រៀន​ពី​វិធី​រៀន​អ្វី​ៗ​លឿន​ជាង​មុន

3 ឆ្នាំ មុន

គ្រូបង្វឹក​ផ្នែក​ខួរក្បាល​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) គឺ​លោក ជី​ម ឃ្វី​ក (Jim Kwik)…

គ្រូបង្វឹក​ផ្នែក​ខួរក្បាល​របស់​មហាសេដ្ឋី អ៊ី​ឡុ​ន ម៉ាស (Elon Musk) គឺ​លោក ជី​ម ឃ្វី​ក (Jim Kwik) បាន​ប្រាប់​ថា អ្នកដឹកនាំ​ជា​អ្នក​អាន ។

បន្ទាប់​ពី​លោក ម៉ាស ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Tesla និង SpaceX បាន​យល់​ដឹង​បន្ថែម​ពី​កិច្ចការ​របស់​លោក ឃ្វី​ក ដូច​ជា​បង្រៀន​មនុស្ស​ពី​វិធី​អាន​សៀវភៅ​ឲ្យ​បាន​លឿន ជួយ​ដល់​ការ​ចង​ចាំ​របស់​មនុស្ស និង​ព​ន្លឿ​ន​ការ​រៀន លោក ម៉ាស ក៏​បាន​យក​លោក ឃ្វី​ក ជា​គ្រូបង្វឹក​របស់​ខ្លួន ។

លោក ឃ្វី​ក បាន​និយាយ​ថា លោក ម៉ាស បាន​រក​លោក​ព្រោះ ម៉ាស ដឹង​ថា​ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ អ្នក​ត្រូវ​តែ​បន្ត​រៀនសូត្រ​ជា​និច្ច ។ លោក ឃ្វី​ក បាន​ចែករំលែក​ថា លោក ម៉ាស មាន​សមត្ថភាព​ចង​ចាំ​ខ្ពស់​ស្រាប់​ទៅ​ហើយ និង​ចេះ​យុទ្ធសាស្ត្រ​ក្នុង​ការ​ចង​ចាំ​មួយ​ចំនួន​ដែល​លោក ឃ្វី​ក បង្រៀន​ទៀត​ផង ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ម៉ាស បាន​ឲ្យ​លោក ឃ្វី​ក បង្រៀន​យុទ្ធសាស្ត្រ​ទាំងនោះ​ទៅ​អ្នក​ស្រាវជ្រាវ និង​អ្នក​វិទ្យាសាស្ត្រ​កាំជ្រួច​របស់ SpaceX ថែម​ទៀត ។ លោក ឃ្វី​ក បាន​ចែករំលែក​គ​ន្លឺះ​មួយ​ចំនួន​ប្រសិនបើ​អ្នក​ចង់​រៀន​អ្វី​គ្រប់យ៉ាង​បាន​លឿន​ជាង​មុន ៖

១. ផ្លាស់​ប្តូរ​ផ្នត់គំនិត​អវិជ្ជមាន
លោក ឃ្វី​ក បាន​ប្រាប់​មក​ថា​វា ពិតជា​សំខាន់​ណាស់​ក្នុង​ការ​លុប​បំបាត់​ផ្នត់គំនិត​អវិជ្ជមាន​ដែល​ប្រាប់​អ្នក​ថា​អ្នក​មិន​អាច​រៀន​អ្វី​ដែល​ថ្មី​បាន ។ ប្រសិនបើ​អ្នក​ប្រាប់​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត​ថា​អ្នក​មិន​អាច​ធ្វើ​អ្វីមួយ​បាន​ទេ ឬ​អ្នកមាន​អាយុ​ច្រើន​ពេក​សម្រាប់​វា ឬ​អ្នក​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​វា​ទេ​នោះ អ្នក​នឹង​មិន​ធ្វើ​អ្វី​ចេញ​បាន​ទេ ។
ដើម្បី​លុប​បំបាត់​វា លោក ឃ្វី​ក ផ្តល់​យោបល់​ឲ្យ​និយាយ​ឆ្លើយ​តប​នឹង​វា ។ ឧទាហរណ៍​ដូច​ជា​ពេល​ដែល​អ្នក​គិត​ថា​អ្នក​មិន​អាច​រៀន​ភាសា​ថ្មី​មួយ​បានជា​ដើម អ្នក​អាច​ឆ្លើយ​តប​នឹង​គំនិត​នេះ​ថា «​ខ្ញុំ​អាច​រៀន​វា​បាន​» ។

២. ជ្រើសរើស​អាហារ​ដែល​ជួយ​ដល់​ខួរក្បាល
លោក ឃ្វី​ក និយាយ​ថា អ្វី​ដែល​អ្នក​ទទួលទាន​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​បាន ហើយ​បាន​ផ្តល់​យោបល់​ឲ្យ​ទទួលទាន​អាហារ​សម្រាប់​ខួរក្បាល​ជា​រៀងរាល់ថ្ងៃ ។ អាហារ​ទាំងនោះ​រួម​មាន អា​វ៉ូ​កាដូ ប្ល៊ូ​ប៊េ​រី ខាត់ណា​បៃតង ស៊ុត បន្លែ​បៃតង សាល់​ម៉ុ​ន សូកូឡា​ល្វីង និង​ទឹកជា​ដើម ។

៣. អាន​ជា​រៀងរាល់ថ្ងៃ
លោក ឃ្វី​ក បាន​បន្ថែម​ថា ដើម្បី​រៀន អ្នក​ត្រូវ​តែ​អាន និង​ផ្តល់​យោបល់​ឲ្យ​កំណត់​គោលដៅ​សម្រាប់​ការ​អាន​ជា​រៀងរាល់ថ្ងៃ ដូច​ជា​អាន​ឲ្យ​បាន ១០​នាទី​ជា​រៀងរាល់ថ្ងៃ​ជាដើម ។ ដូច្នេះ​ជ្រើស​សៀវភៅ​មួយ​ក្បាល​ដែល​អ្នក​ចង់​អាន កាត់​ផ្តាច់ខ្លួន​ពី​ការ​រំខាន​ផ្សេង​ៗ និង​កំណត់​ពេលវេលា​សម្រាប់​ការ​អាន ។ លើស​ពី​នេះ​ទៅ​ទៀត លោក​ផ្តល់​យោបល់​ឲ្យ​អាន​ដោយ​មាន​អ្វី​ជួយ​ដល់​ភ្នែក​ដូច​ជា​ការ​យកដៃ​អូស​តាម​អក្សរ និង​ជួរ​ដែល​អ្នក​កំពុង​តែ​អាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ