កូ​វី​ដ​១៩ ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​លើ​សកលលោក​ធ្លាក់​ចុះ​ពី​៦០ ទៅ​៨០​ភាគរយ​ក្នុង​ឆ្នាំ​២០២០


រាជធានី​ភ្នំពេញ ៖ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​លើក​សកលលោក​ធ្លាក់​យ៉ាង​គំហុក​ចាប់ពី​៦០ ទៅ​៨០​ភាគរយ ។ នេះ បើ​តាម​អង្គការ​ទេសចរណ៍​ពិភពលោក ។

យោង​តាម​ការ​ផ្សាយ​របស់​ក្រសួងទេសចរណ៍​កម្ពុជា នៅ​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០២០ បាន​លើក​យ៉ាង​ដូច្នេះ​ថា បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​ពិភពលោក​កំពុង​ប្រឈម​ការ​គម្រាមកំហែង​ពី​ជំងឺ​កូ​វី​ដ​១៩ ដោយ​ចំនួន​ទេសចរ​មានការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ស្ទើរ​គ្រប់​ប្រទេស ។

ប្រភព​បាន​បន្ត​ថា អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO) បាន​ប៉ាន់​ប្រមាណ​ថា វិបត្តិ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឱ្យ​ចំនួន​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ​ក្នុង​រង្វង់​ពី ៦០-៨០ ភាគរយ​ក្នុង​ឆ្នាំ​២០២០ ។ រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​លើ​ពិភពលោក​បាន​ដាក់​បម្រាម​មិន​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ចេញ​ក្រៅ​ផ្ទះ (Lockdown) ឬ​ក្រៅប្រទេស ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វី​ដ​១៩ ដោយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​តាម​វិធាន​អនាម័យ ការ​រក្សា​គម្លាត​សង្គម ដែល​នាំ​ឱ្យ​ពួក​គេ​ប្តូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ ដោយ​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ថ្មី​ៗ បណ្តាញ​ទំនាក់ទំនង​សង្គម និង​ធ្វើការ​នៅផ្ទះ​ជាដើម ។

អង្គការ​ទេសចរណ៍​ពិភពលោក​ក៏​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដោយ​ស្នើ​ឱ្យ​អ្នកទេសចរ​ពិភពលោក «​នៅផ្ទះ​ថ្ងៃនេះ ធ្វើ​ដំណើរ​នៅ​ថ្ងៃស្អែក​» ឬ​ជា​ភាសា​អង់គ្លេស​ថា Stay Home Today, Travel Tomorrow) ។ ពិត​ណាស់ ទោះបីជា​ពួក​គេ​កំពុង​ជាប់​បម្រាម​ក៏​ដោយ​ក៏​អ្នកទេសចរ​ទាំងនោះ​មិន​បាន​បោះបង់​ក្តី​ស្រមៃ​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា ក្រោយ​ជំងឺ​កូ​វី​ដ​១៩​ត្រូវ​បាន​បញ្ចប់​នា​ពេល​ខាង​មុខ ។

ក្រៅពី​នេះ ក្រសួងទេសចរណ៍​ក៏​កំពុង​សិក្សា​ស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ស្តី​ពី​វិធាន​នៃ​បរិបទ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ (New Normalization Protocols) ក្នុង​សម័យកាល COVID-19 សម្រាប់​ទេសចរ​ជាតិ​-​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​កម្ពុជា ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា អង្គការ​សុខភាព​ពិភពលោក (WHO) និង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)​។

ជាមួយ​គ្នា​នោះ​ដែរ​ក្រសួង​បន្ត​ថា សៀមរាប​-​អង្គរ គឺជា​បរម​ភូមិ​ដ៏​ពិសិដ្ឋ​ដែល​បុព្វបុរស​ខ្មែរ​បាន​ខិតខំ​អភិវឌ្ឍ​កសាង​ឱ្យ​មានការ​រីក​ចម្រើន និង​មាន​ភាព​ល្បីល្បាញ​តាំងពី​សម័យ​អង្គរ ឬ​មុន​សម័យ​អង្គរ (​ព្រោះ​មាន​ប្រាសាទ មួយ​ចំនួន​ត្រូវ​បាន​កសាង​មុន​សម័យ​អង្គរ​ទៅ​ទៀត​) រហូត​មក​ដល់​បច្ចុប្បន្ន ដែល​បាន​ប្រែក្លាយ​ពី​មហារាជ​ធានី​យ​សោ​ធរ​បុ​រៈ​ជាង ៦០០​ឆ្នាំ​របស់​ក​ម្វុ​ជ​ទេស​មក​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​សម្រាប់​មនុស្សជាតិ​ទូ​ទាំង​ពិភពលោក ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ