ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ព្រាប សុវត្ថិ បង្ហាញមនោសញ្ចេតនា​ចំពោះ​​ម្ចាស់​ផលិតកម្ម

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​លោក​ព្រាប សុវត្ថិ បង្ហាញ​ការ​គាំទ្រ​ម្ចាស់​ផលិតកម្ម​Galaxy លោក​ឡេ​ង ណា​វ៉ា​ត្រា ក្នុង​នាម​លោក​ជា​សមាជិក​នៃ​ផលិតកម្ម​នេះ​ ខណៈ​លោកឡេង ​ណា​វ៉ា​ត់​ត្រា ជួប​បញ្ហា​ក្ស័យធន​នឹង​មុខរបរ​ផ្ទាល់ខ្លួន ។

កាលពី​ថ្ងៃ​ទី​១៥ កញ្ញា ២០២៦ លើ​បណ្តាញ​សង្គម តារាចម្រៀង​លោក​ព្រាប សុវត្ថិ លើក​ឡើង​ថា «​ថ្ងៃនេះ​ខ្ញុំ និង​ភរិយា បាន​មក​សួរសុខទុក្ខ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​ប្អូនប្រុស​ដែល​កំពុង​ដោះស្រាយ​បញ្ហា​ជូន​អតិថិជន ។ ក្នុង​នាម​បង​ជា​បង​ម្នាក់ ជា​អ្នក​រួមការ​ងារ​ម្នាក់​មើលឃើញ​ការ​ប្រឹងប្រែង ការ​តស៊ូ ការ​ចូលរួម​ចំណែក​ក្នុង​សង្គម​ជា​ច្រើន​នៅ​ពេល​ដែល​ប្អូន​ជោគជ័យ ។

សូម​ប្អូន​រក្សា​ទឹកចិត្ត​ឱ្យ​ស្ងប់ ពង្រឹង ស្មារតី​ឱ្យ​រឹង​មាំ​ដោះស្រាយ​បញ្ហា​ជូន​អ​ថិ​ជន​ឱ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្អូន​នឹង​ជម្នះ​ឧបសគ្គ ទាំងអស់​ទទួល​បាន​ភាព​ជោគជ័យ​ដូច​ប្អូន​ចាប់ផ្តើម​តាំងពី​ដំបូង ។

ទោះ​ស្ថិត​នៅ​កាលៈទេសៈ​បែប​ណា បង​ក៏​ដូច​ក្រុមការងារ​ទាំងអស់​នៅ​តែ​ឈរ​នៅ​ពីក្រោយ​ផ្ដល់​កម្លាំងចិត្ត​ដល់​ប្អូន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​ជូន​អ​ថិ​ជន​ដែល​មាន​បញ្ហា​ឱ្យ​បាន​សមរម្យ​ ដោយ​មានការ​ចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ផង​ដែរ​» ។

ចំណែក​ផលិតកម្ម​Galaxy Navatra កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា បន្ទាប់​ពី​ក្រុមការងារ​បាន​ទៅ​សុំ​យោបល់​ប្រសាសន៍​របស់​អ្នកឧកញ៉ា​ឡេ​ង ណា​វ៉ា​ត្រា បញ្ជាក់​យ៉ាង​ច្បាស់​ថា ផលិតកម្ម​មិន​ត្រូវ​បាន​បិទទ្វារ​ទេ ទោះបី​មាន ឬ​គ្មាន​វត្តមាន​លោក​ក៏​ដោយ​។

មូលហេតុ​ដែល​ផលិតកម្ម​នៅ​តែ​អាច​ដំណើរការ​បាន គឺ​ពឹងផ្អែក​លើ​២​ចំណុច​សំខាន់​៖

១-ចំណូល​ពី​ការ​ចេញ​ប្រគំ​តន្ត្រី​របស់​កំពូល​តារាចម្រៀង​ទាំងអស់ ២-ចំណូល​អចិន្ត្រៃយ៍​ពី​ប្រព័ន្ធ Social Media និង​ការ​ឧបត្ថម្ភ (Sponsor)​ផលិតកម្ម មិន​អាច​បិទទ្វារ​ឡើយ តែ​អាច​ត្រឹមតែ​ចុះ​ខ្សោយ លុះត្រាតែ​កំពូល​តារាចម្រៀង​ទាំងអស់​ចាកចេញ និង​ប្រព័ន្ធ​Social Media ត្រូវ​លុប​ចោល​ទាំងស្រុង ។

ទាំង​បច្ចុប្បន្ន និង​អនាគត គ្មាន​ហេតុផល​ណា​ត្រូវ​បិទទ្វារ​នោះ​ទេ ព្រោះ​បងប្អូន​កំពូល​តារាចម្រៀង​ទាំងអស់ មិនមែន​ត្រឹម​ជា​បុគ្គលិក​ឡើយ តែ​ជា​បងប្អូន​ដ៏​ល្អ ហើយ​លោក​បាន​ស្គាល់​ពី​ក្រអៅបេះដូង​របស់​ពួក​គាត់​យ៉ាង​ច្បាស់​ពួក​គាត់​មានគុណ​ធម៌​ខ្ពស់​ណាស់​កាន់តែ​លំបាក​កាន់តែ​នៅ​ជិត ។

កន្លង​ទៅ ទោះបី​ក្រុមហ៊ុន​ជួប​ការ​លំបាក​យ៉ាងណា​ក៏​ដោយ ពួក​គាត់​មិន​ត្រឹមតែ​មិន​ចាកចេញ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​«​បំបះ​ពី​មាត់​ពី​ក​»​ជួយ​ឧបត្ថម្ភ​ក្រុមការងារ​រាល់ពេល​ចេញ​ច្រៀង​ទៀត​ផង ។

លើស​ពី​នេះ​សមត្ថភាព​របស់​កំពូល​តារាចម្រៀង​ទាំងអស់ គឺ​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​ក្រុម​តន្ត្រី​ធំ​ៗ និង​អាច​រក​ចំណូល​ទ្រទ្រង់​ជីវភាព​បាន​យ៉ាង​រឹង​មាំ ។

អ្នកឧកញ៉ា​បាន​សង្កត់ធ្ងន់​បន្ថែម​ថា ផលិតកម្ម​សម័យ​បច្ចុប្បន្ន ចម្រៀង​ជា Content អាច​រក​ចំណូល​ពី​Social Media ផង បាន​ចំណូល​ពី​ការ​ផ្សាយពាណិជ្ជកម្ម​ផង ខុស​ពី​ផលិតកម្ម​ជំនាន់​មុន ជំនាន់​ផលិត​ឌី​ស ។

ដូច្នេះ​គ្មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​បិទទ្វារ​ឡើយ «​ទោះ​គ្មាន​វត្តមាន​លោក​ក៏​ដោយ លោក​បាន​ត្រៀម​ប្រគល់​ឱ្យ​កូនស្រី​សម្រាប់​គ្រប់គ្រង​បន្ត​ដែល​មាន​ក្រុមការងារ​ចាំ​ជួយ​ជ្រោមជ្រែង​» ៕