ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ចំនួន​៨ នៅ​កម្ពុជា​គាំទ្រ​ចំពោះ​ជួប​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​- រដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​គាំទ្រ ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាលពី​ថ្មី​ៗ​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរាជទូត​- រដ្ឋ​ទូត​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​គាំទ្រ ចំពោះ​ជំនួប​រវាង​លោក កឹ​ម សុខា ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កាលពី​ថ្មី​ៗ​កន្លង​មកនេះ ។ ការ​ប្រកាស​គាំទ្រ​នេះ​ខណៈ​តំណាង​ស្ថានទូត​ទាំង​៨​ប្រទេស បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក កឹ​ម សុខា ជា​បន្តបន្ទាប់ កាលពី​ពេល​កន្លង​មកនេះ ។

លោក មុត ច​ន្ថា នាយក​ខុ​ន្ទ​កាល័យ​លោក កឹ​ម សុខា បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៥ ឧសភា​ថា ចាប់ពី​ដើមខែ​ឧសភា ឆ្នាំ​២០២០ មកនេះ​លោក​ប្រធាន កឹ​ម សុខា បាន​បន្តសកម្មភាព​ការទូត​តាម​រយៈ​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​-​ឯកអគ្គរដ្ឋទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៃ​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មក​ពី​ទ្វីប​ផ្សេង​ៗ​ជា​អាទិ៍ អាស៊ី អឺរ៉ុប អា​មេ​រិ​ក ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​បណ្តា​ប្រទេស​ជា​មិត្ត​ទាំងនោះ ។

លោក​មុត ច​ន្ថា​បាន​លើក​ឡើង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែឧសភាៈ ជំនួប​ជាមួយ លោក​Christian Berger ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ឱកាស​នោះ លោក ឯកអគ្គរដ្ឋទូត បាន មាន​ប្រសាសន៍​១- «​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​កម្ពុជា​ទាំង​ពីរ និង​បាន​ចាត់​ទុក​ថា ជា​រឿង​វិជ្ជមាន​មួយ​ឆ្ពោះទៅ​មុខ​» ។ ២- រសៀល​ថ្ងៃ​ទី​១១ ខែឧសភាៈ ជំនួប​ជាមួយ​លោក​ជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លោក​ជំទាវ​បាន​សាទរ​ចំពោះ​ជំនួប​នៃ​ឥស្សរជន​ខ្មែរ​ទាំង​ពីរ និង​បាន​យល់​ថា​ជា​“​វិជ្ជមាន​ជំហាន​ទី​១ ដោយ​បន្ត​មក​ទៀត​ដោយ​ជំហាន​បន្ត ។ ៣- រសៀល​ថ្ងៃ​ទី​១២ ខែឧសភាៈ ជំនួប​ជាមួយ​លោក​ជំទាវ Eva Nguyen BINH ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កម្ពុជា ដែល​ក្នុង​ឱកាស​នោះ​លោក​ជំទាវ​បាន​«​កត់សម្គាល់​អំពី​ជំនួប​រវាង​ឥស្សរជន​កម្ពុជា​ទាំង​ពីរ និង​សង្ឃឹមថា​វា​ជា​ជំហាន​ល្អ​មួយ​» ។

៤. ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភាៈ ជំនួប​ជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​«​ឯកឧត្តម​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ជំនួប​នៃ​ឥស្សរជន​ខ្មែរ​ទាំង​ពីរ និង​បាន​ចាត់​ទុក​ថា​ជា​សញ្ញា​វិជ្ជមាន​ដំបូង​មួយ​»​។ ៥. ព្រឹក​ថ្ងៃ​ទី​១៩ ខែឧសភាៈ ជំនួប​ជាមួយ​ឯកឧត្តម Bjorn Haggmark ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​រាជាណាចក្រ​ស៊ុ​យ​អែ​ដ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ជំនួប​នោះ ឯកឧត្តម ឯកអគ្គរាជទូត «​បាន​សម្តែង​នូវ​ការ​សាទរ​ចំពោះ​ជំនួប​រវាង​ឥស្សរជន​ខ្មែរ​ទាំង​ពីរ ដោយ​ចាត់​ទុក​ថា​ជា​ជំហាន​វិជ្ជមាន​មួយ​ដែល​គួរ​បន្ត​មក​ទៀត​ដោយ​វិធានការ​នានា ដើម្បី​ពង្រឹង​ការ​សន្ទនា និង​ការ​ផ្សះផ្សា ព្រមទាំង​លំហ​ប្រជាធិបតេយ្យ​» ។

៦. រសៀល​ថ្ងៃ​ទី​១៩ ខែឧសភាៈ ជំនួប​ជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​«​លោក​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ជំនួប​រវាង​ឥស្សរជន​កម្ពុជា​ទាំង​ពីរ និង​បាន​ចាត់​ទុក​ថា​ជា​ជំហាន​គួរ​ឲ្យ​លើកទឹកចិត្ត​មួយ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​» ។ ៧. រសៀល​ថ្ងៃ​ទី​២២ ខែឧសភាៈ ជំនួប​ជាមួយ​លោក Masahiro Mikami ឯកអគ្គរាជទូត​វិ​សាញ្ញ​និង​ពេញ​សមត្ថភាព​នៃ​រាជាណាចក្រ​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ក្នុង​ឱកាស​នោះ «​លោក​បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ពី​ជំនួប​ថ្មី​ៗ រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក​កឹ​ម សុខា ដោយ​លោក​សង្ឃឹមថា​ជំនួប​នេះ​មាន​សារសំខាន់ នឹង​អាច​នាំ​មក​នូវ​លទ្ធផល​វិជ្ជមាន​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​» ។

៨. ដោយឡែក បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ជំ​នួន​ទៀត​ដែល​ពុំ​មាន​ស្ថាន​ឯកអគ្គរាជទូត​-​រដ្ឋ​ទូត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ផ្ញើ​សារ​សាទរ និង​ស្វាគមន៍​ចំពោះ​ជំនួប រវាង សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម កឹ​ម សុខា និង​បាន​យល់​ថា ជា​ជំហាន​វិជ្ជា​មាន​ដំបូង​គួរ​ឲ្យ​លើកទឹកចិត្ត និង​សង្ឃឹមថា​ការ​សន្ទនា​នឹង​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រជាជន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ