ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរតាមពីក្រោយត្រាក់ទ័រប្អូនកំពុងភ្ជួរស្រែ ស្រាប់តែ​រន្ទះលាន់ឮយ៉ាង​កក្រើក​

3 ឆ្នាំ មុន
  • កំពង់ធំ

​ខេត្តកំពង់ធំ ៖ បុរសម្នាក់ដើរតាមពី​ក្រោយត្រាក់ទ័ររបស់ប្អូនកំពុងភ្ជួរ​ស្រែ ស្រាប់តែ​ត្រូវរន្ទះបាញ់ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ ខណៈ​ភ្លៀង​កំពុងរលឹមស្រិចៗ ។ ហេតុការណ៍​ខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ…

​ខេត្តកំពង់ធំ ៖ បុរសម្នាក់ដើរតាមពី​ក្រោយត្រាក់ទ័ររបស់ប្អូនកំពុងភ្ជួរ​ស្រែ ស្រាប់តែ​ត្រូវរន្ទះបាញ់ បណ្តាល​ឱ្យ​បាត់បង់ជីវិត​ ខណៈ​ភ្លៀង​កំពុងរលឹមស្រិចៗ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ ស្ថិតនៅចំណុចត្រពាំងម៉ម ក្នុងភូមិសាស្រ្តភូមិដងក្តា ឃុំក្រយា(ក្រយៀរ) ស្រុកសន្ទុក ខេត្តកំពង់ធំ ។​

ជនរងគ្រោះឈ្មោះ សារិន រតនា ភេទប្រុស អាយុ៣៥​ឆ្នាំ មានស្រុកកំណើត​នៅភូមិមាកពី ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ​ ។​

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ​បានទៅមើលប្អូនប្រុសកំពុងភ្ជួរស្រែ ដោយប្រើត្រាក់ទ័រ ខណៈមេឃកំពុងតែមានភ្លៀងរលឹមស្រិចៗ ​ហើយ​ជនរងគ្រោះបានដើរតាម​ពីក្រោយត្រាក់ទ័រ​ដែលប្អូនកំពុងភ្ជួរ ដោយ​ជនរងគ្រោះដើរតាម​ក្រោយចម្ងាយពីត្រាក់ទ័រប្រហែលជា៤​ម៉ែត្រ ស្រាប់តែមាន​ផ្លេក​បន្ទោ​រ​ ភ្លាមនោះ​ក៏មានរន្ទះបាញ់​លាន់ឮយ៉ាង​កក្រើក​ត្រូវ​ចំជនរងគ្រោះ បណ្តាលឱ្យ​​​បាត់បង់ជីវិត​ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។​

តាម​ប្រភពខាងលើ​បាន​បន្ត​​​ថា លុះ​ឃើញ​សភាពបែបនេះ ប្អូនប្រុសរបស់ជនរងគ្រោះ​ក៏ចុះពីលើត្រាក់ទ័រមកលើកបងដែរ​ តែជនរងគ្រោះបានបាត់បង់អាយុជីវិតបាត់ទៅហើយ ដោយមានស្នាមខ្លោចខ្មៅនៅលើដងខ្លួនជនរងគ្រោះ​ផងដែរ ។​

​ក្រោយពេលកើតហេតុ​ សមត្ថកិច្ចបានចុះទៅដល់​កន្លែងកើតហេតុដើម្បី​ពិនិត្យ បន្ទាប់ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​បានធ្វើកំណត់ហេតុប្រគល់​សពជនរងគ្រោះ​ជូនក្រុមគ្រួសារដើម្បី​ធ្វើបុណ្យតាមប្រពៃណី​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ