រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា ជនជាតិចិនចំនួន៥១នាក់ ដែលត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ រួចហើយត្រូវបានអនុញ្ញាតឲ្យចេញពីសណ្ឋាគារនោះ ហើយក្រោយលទ្ធផលតេស្តពុំមានរកឃើញថា មានផ្ទុកវីរុសឆ្លងកូវីដ ១៩ នោះទេ ។
តែយ៉ាងណាមិញ ជនជាតិចិនទាំង៥១នាក់នោះ ត្រូវធ្វើចក្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯងនៅកន្លែងស្នាក់ បើមិនដូច្នេះទេនឹងទទួលទោសព្រហ្មទណ្ឌកម្ពុជា ។
ជនជាតិចិនទាំង ៥១នាក់ មានប្រុស៤០នាក់ និងស្រី១១នាក់ បានចូលមកដល់កម្ពុជាថ្មីៗនេះ និងត្រូវបានបញ្ជួនទៅស្នាក់នៅក្នុងសណ្ឋាគារមួយ សង្កាត់ចតុមុខ ខណ្ឌដូនពេញមួយយប់ និងត្រូវបានអនុញ្ញាតឲ្យចេញពីសណ្ឋាគារនោះ នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ក្រោយលទ្ធផលអវិជ្ជមានកូវីដ១៩ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាក់ថា កាលពីម្សិលមិញជនជាតិចិន ៥១នាក់ អត់មានឆ្លងជំងឺកូវីដ១៩នោះទេ ។ គាត់អាចធ្វើចក្តាឡីស័កដោយស្ម័គ្រចិត្តនៅកន្លែងគាត់ស្នាក់នៅដាច់ពីគេ »។
លោកវេជ្ជបណ្ឌិតក៏បានលើកឡើងថា អ្នកទាំង៥១នាក់ ត្រូវបានក្រសួងសុខាភិបាលតាមដានរហូតដោយមានអាជ្ញាធរដែន សមត្ថកិច្ច ហើយគាត់ត្រូវគោរពវិធានរបស់ក្រសួងសុខាភិបាល ដោយមិនអាចដើរទៅណាបានទេ ក្នុងរយៈពេលធ្វើចក្តាឡីស័កនេះ ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានបញ្ជាក់បន្ថែមថា «បើសិនគាត់មិនគោរព ហើយដើរទៅណា ហើយយើងដឹងនោះគាត់អាចត្រូវរងការផាកពិន័យ ឬមានទោសព្រហ្មទណ្ឌកម្ពុជា នេះបើគាត់មិនគោរព»។ ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិតក៏បានអះអាងថា ក្រសួងសុខាភិបាលក៏មានវិធានការថ្មីជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាលើកទី២ នៅកម្ពុជាផងដែរ ។
សម្រាប់ការ ឆ្លងជំងឺកូវីដ១៩ ចំនួន២នាក់ថ្មីនេះ មិនអាចនិយាយបានថា ជាការឆ្លងជារលកទី២បានទេ ព្រោះថា ការឆ្លងតិចតួច ។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ៕
ចែករំលែកព័តមាននេះ