ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កង​អូស្ត្រាលី​ទឹកសាបកំពុង​ត្រូវប៉ាន់​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​កាក់កប​ខ្លាំង

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បង្កង​អូស្ត្រាលី​ទឹកសាប គឺជា​បង្កង​មួយ​ប្រភេទ ដែល​មាន​ទីផ្សារ​ល្អ​នា​ពេល បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​ទូទៅ ក៏​និយម​ចូល​ចិត្ត​ទទួលទាន​ផង​ដែរ ព្រោះ​វា​មាន​សាច់​ហាប់ ល្អ…

ខេត្តព្រៃវែង ៖ បង្កង​អូស្ត្រាលី​ទឹកសាប គឺជា​បង្កង​មួយ​ប្រភេទ ដែល​មាន​ទីផ្សារ​ល្អ​នា​ពេល បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​ទូទៅ ក៏​និយម​ចូល​ចិត្ត​ទទួលទាន​ផង​ដែរ ព្រោះ​វា​មាន​សាច់​ហាប់ ល្អ និង​រស់ជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទឹកសាប​របស់​ខ្មែរ​យើង​ឡើយ ។

ម្ចាស់​កសិដ្ឋាន បង្កង​ព្រៃ វែង​រុងរឿង លោកពូ យុន សុផល ដែល​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍​មួយ​រូប​នៅ​ក្រុង​ព្រៃវែង បាន ចាប់​យក​អាជីព​ជា​អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ អស់​រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​គាត់​កំពុង​តែ​កាក់កប​ខ្លាំង ដោយសារ​តែ​បង្កង​របស់​គាត់ លក់​បាន​ថ្លៃ និង សម្បូរ​ទីផ្សារ ជួយ​ឱ្យ​ជីវភាព​គ្រួសារ​គាត់​បាន​ធូរធារ​ច្រើន​ណាស់ ។

លោកពូ យុន សុផល បាន​ឱ​ដឹង​ទៀត​ថា បង្កង​អូស្ត្រាលី​ទឹកសាប​នេះ ជា​មធ្យម​គេ​អាច លក់​បាន​ក្នុង​តម្លៃ ១​គីឡូក្រាម ចន្លោះ​ពី ៣០​ដុល្លារ ទៅ ៤០​ដុល្លារ ទៅ​តាម​ទំហំ​របស់​វា​តូច ឬ ធំ ប៉ុន្តែ​សម្រាប់​កសិដ្ឋាន​របស់​លោក​ពេល​នេះ គឺ​មិន​ទាន់​ចិញ្ចឹម​លក់​ជា​បង្កង​សាច់​នោះ​ទេ គឺ គាត់​ចិញ្ចឹម​លក់​ជា​កូន​បង្កង និង​បង្កង​មេ​ពូជ ដែល​កូន​បង្កង​ក្នុង ១​ក្បាល​លក់​បាន ២​ពាន់​រៀល រីឯ​បង្កង​មេ​ពូជ​ក្នុង ១​គូរ​លក់​បាន​តម្លៃ ១០​ដុល្លារ ហើយ​ជា​មធ្យម​ក្នុង ១​ខែ គាត់​អាច​លក់​កូន បង្កង​បាន ១៥០​កូន និង​បង្កង​មេ​ពូជ​បាន ១២០​ក្បាល ។ ចំណែកឯ​ម៉ូយ​របស់​គាត់​ដែល​ជា​អ្នក ទិញ​យក​ទៅ​ចិញ្ចឹម​បន្ត ភាគច្រើន គឺ​មក​ពី​ខេត្ត​ផ្សេង​ដូច​ជា ៖ ខេត្តរតនគិរី មណ្ឌលគិរី និង​ខេត្ត ក្រចេះ ជាដើម ។

ម្ចាស់​កសិដ្ឋាន​បង្កង​ព្រៃវែង​រុងរឿង រូប​នេះ​បានឱ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ​គាត់​មិន​ទាន់ បាន​ចិញ្ចឹម​បង្កង​ជា​លក្ខណៈ​យក​សាច់​លក់​ផ្គត់ផ្គង់​ទីផ្សារ​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ខាង​មុខ​គាត់ នឹង​បង្កើត​អាង​ដើម្បី​ចិញ្ចឹម​បង្កង​សាច់​សម្រាប់​លក់​ថែម​ទៀត គឺ​លក់​ទាំង​កូន​បង្កង បង្កង​មេ​ពូជ និង​បង្កង​សាច់​តែ​ម្តង ។

លោក យុន សុផល បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ គឺ មាន​ភាព​ងាយស្រួល​មិន​ពិបាក​ប៉ុន្មាន​នោះ​ទេ ហើយ​សព្វ​ថ្ងៃនេះ គឺ​សម្បូរ​ទីផ្សារ​ណាស់ ដូច្នេះ គាត់​ចង់ឱ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត អ្នក​ដែល​មាន​ដី​ទំនេរ សូម​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹម បង្កង​អូស្ត្រាលី​ទឹកសាប​ដូច​រូប​គាត់​ដែរ ព្រោះ​វា​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់ អាច​ជួយ​ឱ្យ​ជីវភាព យើង​បាន​ធូរធារ​ជាង​មុន ។

ដោយឡែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្ត ព្រៃវែង​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​ខេត្តព្រៃវែង ពុំ​សូវ​មាន​អ្នក​ប្រកប​របរ​ចិញ្ចឹម​បង្កង​អូស្ត្រាលី នេះ​ទេ គឺ​មាន​តែ​គ្រួសារ​លោក យុន សុផល មួយ​គត់​នៅ​ភូមិ ៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ដែល​ចាប់​យកមុខ​របរ​នេះ និង​បាន​ដំណើរការ​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ ឃើញ​ថា​ទីផ្សារ និង​ការ​ចិញ្ចឹម​បង្កង​របស់​គ្រួសារ​នេះ​ចេះ​តែ​រលូន​ទៅ​មុខ និង​រីក​ចម្រើន​ល្អ​ណាស់ ។

លោក​បាន​បញ្ជាក់​ទៀត​ថា ក្នុង​នាម​មន្ទីរ​ជំនាញ បើ​មាន​ប្រជាពលរដ្ឋ​ណា​ផ្សេង​ចាប់ អារម្មណ៍​ចង់​ចាប់​យកមុខ​របរ​ចិញ្ចឹម​បង្កង​នេះ មន្ទីរ​កសិកម្ម​ខេត្ត និង​គាំទ្រ ព្រមទាំង​ផ្តល់​មន្ត្រី​ជំ នា​ញ ចុះ​ទៅ​បង្ហាត់បង្ហាញ​បច្ចេកទេស​ពី​របៀប​ក្នុង​ការ​ចិញ្ចឹម ដល់​កន្លែង​តែ​ម្តង ដើម្បី​ជា​ការ លើកទឹកចិត្ត​ដល់​ពួក​គាត់​ផង និង​ជួយ​ឱ្យ​ការងារ​របស់​ពួក​គាត់ ទទួល​បាន​ជោគជ័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ