បង្កង​អូស្ត្រាលី​ទឹកសាប រសជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទឹកសាប​ខ្មែរ កំពុង​ត្រូវ​ប៉ាន់​​ណាស់


ខេត្តព្រៃវែង ៖ បង្កង​អូស្ត្រាលី​ទឹកសាប គឺជា​បង្កង​មួយ​ប្រភេទ​ដែល​មាន​ទីផ្សារ​ល្អ​នា​ពេល​បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​ទូទៅ​ក៏​និយម​ចូល​ចិត្ត​ទទួលទាន​ផង​ដែរ ព្រោះ​វា​មាន​សាច់​ហាប់​ល្អ និង​រសជាតិ​ឆ្ងាញ់​មិន​ចាញ់​បង្កង​ទឹកសាប​របស់​ខ្មែរ​យើង​នោះ​ឡើយ​។

ម្ចាស់​កសិដ្ឋាន​បង្កង​ព្រៃវែង​រុងរឿង លោកពូ យុន សុផល ដែល​ជា​មន្ត្រីរាជការ​ចូល​និវត្តន៍​មួយ​រូប​នៅ​ក្រុង​ព្រៃវែង បាន​ចាប់​យក​អាជីព​ជា​អ្នក​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ អស់​រយៈពេល​ជិត​២​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​គាត់​កំពុង​តែ​កាក់កប​ខ្លាំង ដោយសារ​តែ​បង្កង​របស់​គាត់​លក់​បាន​ថ្លៃ និង​សម្បូរ​ទីផ្សារ​ទៀត ជួយ​ឱ្យ​ជីវភាព​គ្រួសារ​គាត់​បាន​ធូរធា​ច្រើន​ណាស់​។

លោកពូ យុន សុផល បានឱ្យ​ដឹង​ថា បង្កង​អូស្ត្រាលី​ទឹកសាប​នេះ ជា​មធ្យម​គេ​អាច​លក់​បាន​ក្នុង​តម្លៃ​១Kg ចន្លោះ​ពី​៣០​ដុល្លារ ទៅ​៤០​ដុល្លារ ទៅ​តាម​ទំហំ​របស់​វា​តូច ឬ​ធំ ប៉ុន្តែ​សម្រាប់​កសិដ្ឋាន​របស់​លោក​ពេល​នេះ គឺ​មិន​ទាន់​ចិញ្ចឹម​លក់​ជា​បង្កង​សាច់​នោះ​ទេ គឺ​គាត់​ចិញ្ចឹម​លក់​ជា​កូន​បង្កង និង​បង្កង​មេ​ពូជ ដែល​កូន​បង្កង​ក្នុង​១​ក្បាល​លក់​បាន​២​ពាន់​រៀល។

រីឯ​បង្កង​មេ​ពូជ​ក្នុង​១​គូរ​លក់​បាន​តម្លៃ​១០​ដុល្លារ ហើយ​ជា​មធ្យម​ក្នុង​១​ខែ គាត់​អាច​លក់​កូន​បង្កង​បាន​១៥០​កូន និង​បង្កង​មេ​ពូជ​បាន​១២០​ក្បាល ចំណែកឯ​ម៉ូយ​របស់​គាត់​ដែល​ជា​អ្នកទិញ​យក​ទៅ​ចិញ្ចឹម​បន្ត ភាគច្រើន​គឺ​មក​ពី​ខេត្ត​ផ្សេង​ៗ ដូច​ជា​ខេត្ត​រតនគីរី មណ្ឌល​គី​រី និង​ក្រចេះ​ជាដើម​។

ម្ចាស់​កសិដ្ឋាន​ខាងលើ​បានឱ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃនេះ គាត់​មិន​ទាន់​បាន​ចិញ្ចឹម​បង្កង​ជា​លក្ខណៈ​យក​សាច់​លក់​ផ្គត់ផ្គង់​ទីផ្សារ​នោះ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ខាង​មុខ គាត់​នឹង​បង្កើត​អាង​ដើម្បី​ចិញ្ចឹម​បង្កង​សាច់​សម្រាប់​លក់​ថែម​ទៀត គឺ​លក់​ទាំង​កូន​បង្កង បង្កង​មេ​ពូជ និង​បង្កង​សាច់​តែ​ម្តង​។

លោក យុន សុផល បញ្ជាក់​ផង​ដែរ​ថា ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹកសាប​នេះ គឺ​មាន​ភាព​ងាយ​ស្រួល​មិន​ពិបាក​ប៉ុន្មាន​នោះ​ទេ ហើយ​សព្វ​ថ្ងៃនេះ គឺ​សម្បូរ​ទីផ្សារ​ណាស់ ដូច្នេះ​គាត់​ចង់ឱ្យ​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត អ្នក​ដែល​មាន​ដី​ទំនេរ សូម​ងាក​មក​ចាប់​យកមុខ​របរ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ទឹក​សាប​ដូច​រូប​គាត់​ដែរ ព្រោះ​វា​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់ អាច​ជួយ​ឱ្យ​ជីវភាព​យើង​បាន​ធូរធា​ជាង​មុន​។

ដោយឡែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នៅ​ខេត្តព្រៃវែង ពុំ​សូវ​មាន​អ្នក​ប្រកប​របរ​ចិញ្ចឹម​បង្កង​អូស្ត្រាលី​នេះ​ទេ គឺ​មាន​តែ​គ្រួសារ​លោក យុន សុផល មួយ​គត់​នៅ​ភូមិ​៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ដែល​ចាប់​យកមុខ​របរ​នេះ និង​ដំណើរការ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ឃើញ​ថា ទីផ្សារ និង​ការ​ចិញ្ចឹម​បង្កង​របស់​គ្រួសារ​នេះ ចេះ​តែ​រលូន​ទៅ​មុខ និង​រីក​ចំរើន​ល្អ​ណាស់​។

លោក អ៊ុ​ក សំណាង បាន​បញ្ជាក់​ថា ក្នុង​នាម​មន្ទីរ​ជំនាញ បើ​មាន​ប្រជាពលរដ្ឋ​ណា​ផ្សេង​ចាប់​អារម្មណ៍​ចង់​ចាប់​យកមុខ​របរ​ចិញ្ចឹម​បង្កង​នេះ មន្ទីរ​កសិកម្ម​ខេត្ត និង​ធ្វើការ​គាំទ្រ ព្រមទាំង​ផ្តល់​មន្ត្រី​ជំនាញ​ចុះ​ទៅ​បង្ហាត់បង្ហាញ​បច្ចេកទេស​ពី​របៀប​ក្នុង​ការ​ចិញ្ចឹម​ដល់​កន្លែង​តែ​ម្តង ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ពួក​គាត់​ផង និង​ជួយ​ឱ្យ​ការងារ​របស់​ពួក​គាត់ ទទួល​បាន​ជោគជ័យ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ