ការចាប់ផ្តើមអាជីវកម្មមួយ គឺពោរពេញទៅដោយភាពមិនប្រាកដប្រជាទោះជាក្នុងពេលសេដ្ឋកិច្ចដំណើរការបានល្អពិតមែនក្តី ។ ក្នុងកំឡុងពេលដែលប្រទេសកំពុងប្រឈមមុខនឹងកូវីដ-១៩ នេះ អ្នកប្រហែលជាគិតថាអ្នកត្រូវពន្យារគម្រោងការចាប់ផ្តើមអាជីវកម្មរបស់អ្នកហើយ ។
ប៉ុន្តែតាមការពិតជាក់ស្តែងវាអាចជាពេលល្អក្នុងការចាប់ផ្តើមដែរជាពិសេសប្រសិនបើអាជីវកម្មរបស់អ្នកមានផ្តល់នូវផលិតផល ឬសេវាកម្មដែលកំពុងមានតម្រូវការខ្ពស់ព្រោះតែកូវីដ-១៩ ។ ខាងក្រោមនេះ គឺជាអ្វីដែលអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តចាប់ផ្តើមអាជីវកម្មក្នុងកំឡុងពេលនេះ ៖
១. តើមានតម្រូវការសម្រាប់ផលិតផល ឬសេវាកម្មអ្នកទេ
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អ្នកអាចអង្កេតឃើញបញ្ហាមួយចំនួនទាក់ទិននឹងការផ្គត់ផ្គង់ទំនិញ និងកង្វះខាតនៃផលិតកម្មក្នុងស្រុកសម្រាប់ផលិតផល និងសេវាកម្មដែលមានតម្រូវការខ្ពស់ ។ ប្រសិនបើគំនិតរបស់អ្នកមានតម្រូវការក្នុងពេលនេះ អ្នកអាចប្រញាប់ចេញសកម្មភាព ។ តែប្រសិនបើគ្មានតម្រូវការទេ អ្នកអាចរងចាំរហូតដល់ស្ថានការល្អប្រសើរជាងមុនសិន ។
២. តើអ្នកអាចបត់បែនបន្តិចដើម្បីសម្របតាមតម្រូវការថ្មីទេ
អាជីវករត្រូវតែរកវិធីដើម្បីកែប្រែគម្រោងអាជីៈកម្មរបស់ខ្លួន និងវិភាគឡើងវិញនូវការចំណាយ ធនធាន ជំនាញនិងពេលវេលាដែលត្រូវការ ។ ទោះជាវាមិនដូចទាំងស្រុងទៅនឹងគំនិតដំបូងរបស់អ្នកពិតមែនក្តីអ្នកនៅតែអាចត្រលប់ទៅកាន់គំនិតដើមវិញដដែលនៅថ្ងៃមុខ ។
៣. តើអ្នកមានបុគ្គលិកមានសមត្ថភាពធ្វើការឲ្យអ្នកទេ
បុគ្គលិកដែលមានសមត្ថភាពខ្ពស់ គឺពិតជាសំខាន់ណាស់ប្រសិនបើអ្នកចង់ជោគជ័យក្នុងកំឡុងពេលដែលពោរពេញដោយភាពមិនប្រាកដប្រជានេះ ។ លើសពីនេះទៅទៀត អ្នកដែលមានសមត្ថភាពខ្ពស់អាចនឹងមានល័ក្ខខណ្ឌការងារដែលពួកគេចង់ទាមទារពីអ្នកព្រោះតែកូវីដ-១៩ ដូច្នេះអ្នកត្រូវតែរក្សាចិត្តឲ្យទូលាយ ។
ប្រសិនបើអ្នកនៅខ្វះធនធាន អ្នកអាចរកអ្នកធ្វើការក្រៅម៉ោងដែរ ហើយប្រសិនបើអ្នកពេញចិត្តនឹងការងាររបស់ពួកគេ អ្នកអាចផ្តល់ឱកាសឲ្យពួកគេចូលរួមជាមួយអ្នកបាន ៕
ចែករំលែកព័តមាននេះ