ទីបំផុត​! C.Ronaldo ត្រឡប់​មក​ហ្វឹកហាត់​វិញ ក្រោយ​​ដាក់​ឱ្យ​ដាច់ដោយឡែក​


អុី​តា​លី ៖ កីឡាករ Cristiano Ronaldo បាន​វិល​ត្រឡប់​មក​ចូលរួម​ជាមួយ​ក្រុម Juventus សម្រាប់​ការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​អវត្តមាន​៧២​ថ្ងៃ​ដែល​រាប់​បញ្ចូល​ទាំង​២​ស​ប្តា​ហ៍​ចុង​ក្រោយ​ដែល​រូបគេ តម្រូវ​ឲ្យ​នៅ​ដាច់​ដោយឡែក ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​កំណើត​វិញ ។

ម្ចាស់​ពាន Ballon d’Or ៥​សម័យកាល​វ័យ ៣៥​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​ថត​ជាប់​ពេល​ធ្វើ​ដំណើរ​មក​ដល់ទី​លាន​ហ្វឹកហាត់ Continassa របស់​ក្លិប Juventus ក្នុង​រថយន្ត​ខ្មៅ​មួយ ។ តាម​ការ​បញ្ជាក់​បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ បាន​ទទួល​ការ​ត្រួតពិនិត្យ​សុខភាព​ម្តងទៀត មុន​ពេល​អាច​ចូលរួម​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​លោក Maurizio Sarri និង​មិត្ត​រួម ។

សូម​រំលឹក​ថា C.Ronaldo បាន​ហោះ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ក្នុង​តំបន់ Madeira ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ បន្ទាប់​ពី​ក្រុម Juventus បាន​យកឈ្នះ​លើ​ក្រុម Inter Milan ដោយ​លទ្ធផល ២-០ នៅ​ពីក្រោយ​ការ​ប្រកួត​បិទទ្វារ​កីឡដ្ឋាន​កាលពី​ថ្ងៃ​ទី​៨ ខែមីនា ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ មុន​ពេល​លី​គ​កំពូល Serie A ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​វី​ដ​-១៩ ។

កីឡាករ​រូប​នេះ បាន​វិល​ត្រឡប់​មក​កាន់​ទីក្រុង Turin ប្រទេស​អ៊ី​តា​លី​វិញ ដោយ​យន្ដហោះ​ឯកជន​ផ្ទាល់ខ្លួន​នៅ​ដើមខែ​នេះ ។ នៅ​ពេល​មក​ដល់​ភា្ល​ម រូបគេ​ត្រូវ​ចំណាយពេល​ពី​រស​ប្តា​ហ៍​នៅ​ក្នុងផ្ទះ ក្រោម​ច្បាប់​ផ្តាច់ខ្លួន​របស់​ប្រទេស​អ៊ី​តា​លី ។

ក្លិប​នៅ​ក្រប​ខណ្ឌ Serie A ត្រូវ​បាន​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​ទី​៤ ខែឧសភា ប៉ុន្តែ​ស្ថិត​ក្រោម​ការ​រឹតត្បិត​មួយ​ចំនួន ចំពោះ​ការ​ហ្វឹកហាត់​លក្ខណៈ​ជា​ក្រុម​តូច​ៗ ហើយ​ត្រូវ​តែ​គោរព​តាម​គោលការណ៍​ដែល​លី​គ និង​ក្លិប​បាន​ដាក់​ចេញ ។

ក្រប​ខណ្ឌ Serie A មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ចាប់ផ្តើម​សកម្មភាព​ប្រកួតប្រជែង​ឡើង​វិញ ក្រោយ​កាលពី​ថ្ងៃ​ច័ន្ទ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​ធំ​ៗ​ទាំងអស់ នឹង​មិន​អាច​កើតឡើង​បាន​ទេរ​ហូត​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា​។

Juventus នៅ​តែ​អវត្តមាន​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Gonzalo Higuain ដែល​ទើបតែ​វិល​ត្រឡប់​ពី​ស្រុក​កំណើត​មក​ដល់​ប្រទេស​អ៊ី​តា​លី​វិញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ស​ប្តា​ហ៍​មុន ហើយ​រូបគេ​ត្រូវ​ចំណាយពេល ១០​ថ្ងៃ​ទៀត​ក្នុង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ៕ (ដកស្រង់​ចេញពី Rreuters)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ