ប្រទេសអាហ្សង់ទីន ៖ កំពូលកីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ និងជាលើកទី២របស់ខ្លួន បិទបញ្ចប់ភារកិច្ចរយៈពេល២១ឆ្នាំជាមួយក្រុមរហស្សនាម «ពពកស» មួយនេះ ដោយបន្សល់ទុកកេរដំណែលដ៏ធំធេងបំផុតតាមរយៈការឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០២២ ដើម្បីធានាបានតំណែងនៅក្នុងចំណោមកំពូលកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ខ្សែប្រយុទ្ធឆ្នើមក្លិប Inter Miami វ័យ៣៩ឆ្នាំរូបនេះ បានប្រកាសដំណឹងនេះតាមរយៈការបង្ហោះសារនៅលើគណនី Instagram ថា នេះគឺជាការសម្រេចចិត្តដ៏ឈឺចាប់ខ្លាំង ប៉ុន្តែពេលវេលានោះបានមកដល់ហើយ។ លោកបានបញ្ជាក់ដូច្នេះថា «ខ្ញុំសូមស្បថប្រាប់អ្នកថា ខ្ញុំតែងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព មិនត្រឹមតែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលពួកយើងឈ្នះគ្រប់យ៉ាងនោះទេ ប៉ុន្តែសូម្បីតែមុនពេលនោះក៏ដូចគ្នាដែរ។ ខ្ញុំតែងតែតស៊ូ និងលះបង់គ្រប់យ៉ាងនៅលើទីលានដើម្បីអាវមួយនេះ ដើម្បីនាំមកនូវភាពរីករាយដល់អ្នក និងធ្វើឱ្យអ្នកមានមោទនភាពដែលបានក្លាយជាជនជាតិអាហ្សង់ទីនតាមរយៈបាល់ទាត់»។
កាលពី១០ឆ្នាំមុន ប្រធានក្រុម Lionel Messi បានប្រកាសចូលនិវត្តន៍ភ្លាមៗម្តងរួចទៅហើយ បន្ទាប់ពីអាហ្សង់ទីនចាញ់ស៊ីលីនៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Copa América ឆ្នាំ២០១៦ ដោយការទាត់ប៉េណាល់ទីកាត់សេចក្តី ដោយពេលនោះ Messi ជាអ្នកទាត់គ្រាប់ដំបូង ហើយក៏មិនអាចសម្រេចទីផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្រោយមក កីឡាកររូបនេះ បានផ្លាស់ប្តូរចិត្តហើយត្រឡប់មកជួយជម្រើសជាតិវិញ រហូតដល់ឈ្នះពានរង្វាន់ World Cup ឆ្នាំ២០២២ និង Copa América ២ លើក នៅឆ្នាំ ២០២១ និង ២០២៤។
ដោយឡែក ការប្រកាសចូលនិវត្តន៍ជាលើកទី២ របស់អតីតខ្សែប្រយុទ្ធក្លិប Barcelona និង PSG រូបនេះ ដែលបានកើតឡើងជាង១ខែ បន្ទាប់ពីអាហ្សង់ទីនបានត្រឹមរងជើងឯក World Cup ឆ្នាំ២០២៦ ក្រោយចាញ់អេស្ប៉ាញនោះ បានន័យថាជាការបញ្ចប់ជាស្ថាពរជាមួយកំណត់ត្រាបង្ហាញខ្លួន ២០៧ប្រកួត និងស៊ុតបញ្ចូលទី ១២៥គ្រាប់ឱ្យអាហ្សង់ទីន ហើយក៏ជាកីឡាករបង្ហាញខ្លួននៅ World Cup ច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររួមជាមួយខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo ផងដែរ ពោល ៦ ដងដូចគ្នា (២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦)។
ទោះបីជាព្យួរស្បែកជើងពីក្រុមជម្រើសជាតិក៏ដោយ ក៏ Messi នៅមិនទាន់ចូលនិវត្តន៍ពីបាល់ទាត់ទាំងស្រុងនោះទេ ដោយនៅតែបន្តលេងឱ្យក្លិប Inter Miami នៅលីគកំពូលសហរដ្ឋអាមេរិក (MLS) ជាមួយកុងត្រាបន្តរហូតដល់ចុងរដូវកាលឆ្នាំ២០២៨៕ ប្រភព ៖ AP, ESPN និង The Guardian




ចែករំលែកព័តមាននេះ