ខេត្តព្រៃវែង ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅក្នុងគ្រោះអគ្គិភ័យមួយ ដែលបង្កឡើងដោយសារតែការធ្វេសប្រហែសរបស់កូនប្រសារ ខណៈអង្គុយចាំមើលផ្លូវប្រពន្ធ រួចក៏បោះកន្ទុយបារីចំពំនូកចំប៉ើង ស្រាប់តែឆាបឆេះឆក់យកជីវិតអ្នកម្តាយទៅបាត់ និងធ្វើឱ្យផ្ទះ១ខ្នង រួមទាំងទ្រព្យសម្បត្តិក្នុងផ្ទះទាំងអស់ ត្រូវភ្លើងឆេះអស់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពញាលៀង ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ។
សេចក្តីរាយការណ៍បន្តថា ម្ចាស់ផ្ទះខាងលើមានឈ្មោះ ផាន់ គន់ ភេទប្រុស អាយុ៤៦ឆ្នាំ និងមានប្រពន្ធឈ្មោះ ឃឹម ហុន អាយុ៤៥ឆ្នាំ រីឯជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងនោះមានឈ្មោះ អ៊ាង សូត្រ ភេទស្រី អាយុ៨៥ឆ្នាំ ត្រូវជាម្តាយរបស់ម្ចាស់ផ្ទះ។
បើតាមប្រភពពីប្រជាពលរដ្ឋនៅជិតខាងផ្ទះកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះជាម្តាយដែលមានជំងឺក្នុងខ្លួនផងនោះ កំពុងដេកម្នាក់ឯងនៅលើគ្រែក្រោមផ្ទះក្បែរគំនរពំនូកចំប៉ើង ចំណែកប្តីប្រពន្ធទាំង២នាក់ រួមទាំងកូនតូចៗ២នាក់ទៀត គឺមិនឃើញនៅផ្ទះនោះទេ។
ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក គេឃើញបុរសជាប្តីត្រឡប់មកដល់ផ្ទះម្នាក់ឯងក្នុងស្ថានភាពស្រវឹង ហើយអង្គុយជក់បារីនៅក្រោមផ្ទះក្បែរម្តាយក្មេកដែលកំពុងដេកបានមួយសន្ទុះក៏ចេញទៅបាត់ទៀត។ ប្រមាណជា៤-១០នាទីក្រោយមក ស្រាប់តែមានអគ្គិភ័យកើតឡើងឆាបឆេះទាំងផ្ទះ ឆេះទាំងម្តាយដែលដេកនៅក្រោមផ្ទះនោះ រហូតបាត់បង់ជីវិតនៅក្នុងភ្នក់ភ្លើងនោះតែម្តង។
បើតាមលោក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេច បានឱ្យដឹងថា យោងតាមចម្លើយរបស់ម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ធ រួមទាំងអ្នកជិតខាងផង អគ្គិភ័យនេះគឺកើតហេតុឡើងដោយសារតែបុរសជាប្តី ខណៈពេលត្រឡប់មកពីផឹកវិញ មិនឃើញប្រពន្ធនៅផ្ទះក៏អង្គុយជក់បារីនៅក្រោមផ្ទះក្បែរគំនរពំនូកចំប៉ើង ។
លោកអធិការបន្តថា ទន្ទឹងនឹងមើលផ្លូវប្រពន្ធ ហើយក៏ចោលកន្ទុយបារីទៅក្បែរពំនូកចំប៉ើង លុះពេលចាំប្រពន្ធយូរមិនឃើញមកក៏ទៅតាមរកជួបប្រពន្ធកំពុងតែផឹកនៅផ្ទះអ្នកជិតខាង ក៏ចូលទៅផឹកជាមួយគ្នា ចំណែកនៅផ្ទះឯណោះវិញ ហើយទំនងជាកន្ទុយបារីដែលម្ចាស់ផ្ទះជក់ហើយបោះចោលនោះខ្ទាតទៅប៉ះពំនូកចំប៉ើងនៅក្រោមផ្ទះនោះ ទើបធ្វើឱ្យឆាបឆេះកើតជាអគ្គិភ័យបែបនេះតែម្តង ចំណែកស្ត្រីជាម្តាយដែលមានវ័យចាស់ជរា និងមានជំងឺក្នុងខ្លួនថែមទៀត មិនអាចងើបស្ទុះរត់ចេញរួច ក៏ត្រូវភ្លើងឆេះបណ្តាលឱ្យបាត់បង់ជីវិតនៅក្រោមផ្ទះនោះទៅ។
លោកអធិការបានបញ្ជាក់ថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុងនេះ ជាប្រភេទផ្ទះឈើ ប្រក់សង្ក័សី មានទំហំ៦ម៉ែត្រ គុណនិង៧ម៉ែត្រ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលត្រូវភ្លើងឆេះអស់រួមមាន កង់១គ្រឿង ម៉ូតូ១គ្រឿង ថវិកា១.០០០ដុល្លារ និងសម្ភារៈមួយចំនួនទៀត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ