រាជធានីភ្នំពេញ ៖ គ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវកៅស៊ូមួយគ្រឿងបានបើកឡើងស្ពានអាកាស៧មករាមិនរួច ស្រាប់តែរលត់ម៉ាស៊ីនរអិលថយក្រោយ កិនរថយន្តម៉ាកកាមរីហាយប្រ៊ីដមួយគ្រឿង បណ្តាលអោយរងការខូចខាតខ្ទេចមុខ ។ ទោះបីជាយ៉ាងណា ពុំបណ្តាលអោយមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១និង២០នាទីព្រឹកថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២០ នៅចំណុចស្ពានអាកាស៧មករា ផ្នែកខាងលិច ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភាគីខាងគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវកៅស៊ូមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ២H-២៨៨៥ និងមានលេខសំគាល់RT5 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាញ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងដែលរងការខូចខាតម៉ាកកាមរីហាយប្រ៊ីដ ស៊េរី២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AE.-៧១០៨ ជិះគ្នា ២នាក់ប្តីប្រពន្ធ មិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវមួយគ្រឿងខាងលើបានធ្វើដំណើរឡើងស្ពានអាកាស៧មករា ក្នុងទិសដៅពីលិចទៅកើត លុះនៅពេលបើកឡើងជិះដល់ពាក់កណ្តាលស្ពានទៅហើយ ស្រាប់តែគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវមួយគ្រឿងនោះក៏បានរអិលថយក្រោយធ្វើអោយយានយន្តផ្សេងៗទៀតដែលបើកឡើងតាមក្រោយនាំគ្នាគេច គ្រប់ៗគ្នា ។ ដោយឡែករថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដខាងលើនោះគេចមិនទាន់ ដោយសារនៅជុំវិញសុទ្ធយានយន្ត ក៏ត្រូវគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវរអិលកិន បណ្តាលអោយក្រពិតខ្ទេចមុខដាច់ធ្លាក់កាង ។
តាមប្រភពពីអ្នកបើកបររថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដបានអោយដឹងថា មុនពេលកើតហេតុ នៅពេលគាត់កំពុងតែធ្វើដំណើរឡើងស្ពាន ស្រាប់តែគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវដែលស្ថិតនៅពីមុខឆ្ងាយគួរសម ក៏បានរអិលថយក្រោយ ។ ភ្លាមៗនោះ យានយន្តផ្សេងៗទៀតដែលនៅពីមុខគាត់ ពេលឃើញហេតុការណ៍បែបនេះ នាំគ្នាគេចអស់ ចំណែកគាត់មិនអាចគេចទាន់ មានតែឈប់ចាំស្ងៀម ក៏ត្រូវគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវនោះរអិលមកកិនតែម្តង ។
តាមប្រភពពីអ្នកបើកបរគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវមួយគ្រឿងខាងលើបានអោយដឹងថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់ គឺដោយសារតែបើកឡើងស្ពានមិនរួច ក៏រលត់ម៉ាស៊ីន ហើយក៏រអិលថយក្រោយកិនរថយន្តមួយគ្រឿងនោះតែម្តង ។
ក្រោយពេលកើតហេតុ នគរបាលចរាចរសហការមួយនគរបាលមូលដ្ឋានចុះមកសម្រួលចរាចរណ៍ ហើយ បានហៅរថយន្តមកអូសគ្រឿងចក្ររ៉ូឡូកិនបង្ហាប់ផ្លូវ និងស្ទូចយករថយន្តម៉ាកកាមរីហាយប្រ៊ីដបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ