រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសម្នាក់ស្រវឹងបានបើករថយន្តម៉ាក RAV4 ជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងការខូចខាត ហើយមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់គេចតាំងពីខណ្ឌច្បារអំពៅរហូតដល់ខណ្ឌដូនពេញ តែក៏ត្រូវជនរងគ្រោះជាម្ចាស់ម៉ូតូដេញឃាត់បាន និងសុំឱ្យសមត្ថកិច្ចអន្តរាគមន៍តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩យប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ទល់មុខវត្តនិរោធ ផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ចំណែកឯរថយន្តបង្កត្រូវជនរងគ្រោះដេញឃាត់បាននៅទល់មុខ សកលវិទ្យាល័យជាតិគ្រប់គ្រង ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានជិះម៉ូតូម៉ាកស៊ុយស៊ុគី ប៊េស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1A 8496 ចេញពីផ្ទះ ក្នុងគោលបំណងទៅរកទិញម្ហូបនៅផ្សារច្បារអំពៅ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់បើករថយន្តម៉ាក RAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2I 6070 ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរស្របទិសគ្នា ក៏បានជ្រុលទៅបុកម៉ូតូរបស់គាត់ពីក្រោយ បណ្តាលឱ្យដួលរងរបួសបន្តិចបន្តួច។
ជនរងគ្រោះបន្តទៀតថា ហើយភ្លាមៗនោះដែរ អ្នកបើករថយន្តនោះមិនព្រមឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់ គេចតាំងពីកន្លែងកើតហេតុ រហូតដល់មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង សង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបរូបគាត់ជាម្ចាស់ម៉ូតូបើកដេញឃាត់បាន និងឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ផងដែរ ។
ប្រភពដដែលបន្តទៀតថា នៅពេលដែលឃាត់រថយន្ដបានហើយ អ្នកបើកបរមិនព្រមចុះពីលើរថយន្តមកទទួលខុសត្រូវនោះទេ គឺនៅអង្គុយក្នុងរថយន្តនិយាយឆ្កាដៃឆ្កាជើង ទាំងសភាពស្រវឹងស្តាប់គ្នាមិនបានឡើយ ពេលនោះដែរជនរងគ្រោះជាម្ចាស់ម៉ូតូបានសុំសំណងតែ៥០ដុល្លារ ដើម្បីជួសជុលម៉ូតូ និងព្យាបាលរបួស ក៏ម្ចាស់រថយន្តគ្មានលុយសងដែរ ។
ក្រោយពេលកើតហេតុ ទាំងជនរងគ្រោះ និងជនបង្កបានចរចាសម្របសម្រួលគ្នារាប់ម៉ោង រហូតសមត្ថកិច្ចជំនាញមកដល់កន្លែងកើតហេតុ រួចយកទាំងរថយន្ត និងម៉ូតូទៅរក្សាទុក ទើបមានបុរសម្នាក់ជាអ្នកយកព័ត៌មានបានចេញលុយ៥០ដុល្លារសងទៅជនរងគ្រោះជំនួសដើម្បីបញ្ចប់រឿងនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ