រាជធានីភ្នំពេញ ៖ នៅក្នុងឱកាសដ៏សោមនស្សរីករាយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំមមី ឆស័ក ពុទ្ធសករាជ២៥៥៨ ដែលជាបុណ្យប្រពៃណីដ៏វិសេសវិសាលរបស់ប្រជាជនខ្មែរប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ នៅក្នុងរាត្រីដ៏ត្រកាលនៃព្រះរាជពិធីបុណ្យ នាថ្ងៃទី២ គឺថ្ងៃ១៥កើត ពេញបូណ៌មី ខែកត្តិក ត្រូវនឹងថ្ងៃទី៦ វិច្ឆិកា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យ ស្តេចយាងព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីបុណ្យសំពះព្រះខែ និងអកអំបុក ដែលបានរៀបចំឡើងយ៉ាងមហោឡារិកនៅក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ។
ព្រះរាជពិធីបុណ្យសំពះព្រះខែ និងអកអំបុកត្រូវបានអតីតព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ប្រារព្ធធ្វើបន្តរហូតដល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គគោរពបូជា និងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងព្រះរាជសទ្ធាជ្រះថ្លា ដើម្បីថែរក្សា និងលើកតម្កើងព្រះរាជពិធីបុណ្យប្រពៃណីរបស់ជាតិយើង និងនាំមកនូវសិរីសួស្តី ជ័យមង្គលដល់របរកសិកម្ម ស្រែចម្ការរបស់ប្រជាកសិករកម្ពុជា ជាបងប្អូន កូនចៅរបស់ព្រះអង្គឱ្យសម្រេចទទួលបានទិន្នផលខ្ពស់ក្នុងឆ្នាំក្រោយបន្តទៀត ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកក្នុងឆ្នាំនេះ បានប្រព្រឹត្តទៅបន្ទាប់ពីព្រះរាជពិធីបុណ្យដ៏ឧត្តុង្គឧត្តម និងជាប្រវត្តិសាស្ត្ររបស់ជាតិចំនួន២ គឺព្រះរាជពិធីបុណ្យយាងគ្រងរាជសម្បត្តិ គម្រប់ខួប១០ឆ្នាំរបស់ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យខួបប្រសូតដ៏មហាមង្គលថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ។
បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជារួចមក អ្នកឧកញ៉ាភក្តី ព្រះស្តេច ហេង គឹមគុណ មន្ត្រីធម្មការ និងសាសនា ព្រះបរមរាជវាំង បានតាំងនមស្ការព្រះរតនត្រ័យ និងថ្វាយតង្វាយ ដោយក្នុងព្រះរាជពិធីបុណ្យដ៏មង្គលនេះមានគ្រឿងសក្ការបូជាផ្សេងៗ មានទាំងតូរ្យតន្ត្រីប្រគំថ្វាយនូវបទសាធុការ ទេពរំដួល ទេពនិមិត្ត ទេពបន្ទំ អាយុយឺនយូរ និងបទកម្សាន្តសួនសួគ៌ជាដើម… ថ្វាយចំពោះព្រះរតនត្រ័យ ព្រះចង្កូមកែវដែលទ្រង់ស្ថិតគង់នៅឋានភុជង្គនាគ ព្រះពុទ្ធបាទស្ថិតនៅក្នុងស្ទឹងឈានកបូរី ព្រះចូឡាមុនីចេតិយ ព្រះស្ថិតនៅក្នុងឋានតាវត្តិង្ស ព្រះចេតិយស្ថិតនៅឋានព្រហ្មលោក
ព្រមទាំងសម្តេចព្រះអមរិន្ទ្រាទេវរាជ សម្តេចព្រះមហាព្រហ្ម និងទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រជាដើម ។
បន្ទាប់ពីព្រះករុណាព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការបូជាដល់ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិរួចមក ការបួងសួងចង់ដឹងអំពីដំណើរទឹកភ្លៀងដែលបង្អុរធ្លាក់មកលើប្រឹថពីនៃព្រះរាជាណាចក្រកម្ពុជា ក្នុង២៥ខេត្ត-រាជធានីក្នុងឆ្នាំនេះក៏បានចាប់ផ្តើម ។ ក្នុងកិច្ចដំណើរការសម្រក់ទៀនផ្សងចង់ដឹងអំពីទឹកភ្លៀង មន្ត្រីធម្មការ និងសាសនាព្រះបរមរាជវាំង បានធ្វើការគន់គូរកំណត់យកទៀនដោយចាប់ពីក្បាលនាគទៅកន្ទុយនាគ ។
ចំពោះលទ្ធផលនៃការព្យាករដំណើរទឹកភ្លៀងទាំង២៥ខេត្ត-រាជធានី ព្រះជាយាធិបតីកង កេន បារគូព្រះបរមរាជវាំងបានទូលថ្វាយ និងជម្រាបជូនថា៖
ទៀនទី១-ខេត្តកណ្តាល ដើមឆ្នាំមានភ្លៀងធ្លាក់តិច និងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី២-ខេត្តកំពត ដើមឆ្នាំនិងកណ្តាលឆ្នាំភ្លៀងធ្លាក់តិច ចុងឆ្នាំភ្លៀងធ្លាក់មធ្យម ។
ទៀនទី៣-ខេត្តកំពង់ចាម ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានភ្លៀងធ្លាក់តិច និងចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម ។
ទៀនទី៤-ខេត្តកំពង់ធំ ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី៦-ខេត្តកំពង់ស្ពឺ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានភ្លៀងធ្លាក់តិច ចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម ។
ទៀនទី៧-ខេត្តកែប ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី៨-ខេត្តកោះកុង ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី៩-ខេត្តក្រចេះ ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់តិច ។
ទៀនទី១០-ខេត្តតាកែវ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានភ្លៀងធ្លាក់តិច ចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម ។
ទៀនទី១១-ខេត្តបាត់ដំបង ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១២-ខេត្តបន្ទាយមានជ័យ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១៣-ខេត្តបៃ៉លិន ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀន១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១៥-ខេត្តព្រៃវែង ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់តិច ។
ទៀនទី១៦-ខេត្តព្រះវិហារ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្តាលឆ្នាំនិងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១៧-រាជធានីភ្នំពេញ ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១៨-ខេត្តរតនគិរី ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី១៩-ខេត្តមណ្ឌលគិរី ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី២០-ខេត្តស្វាយរៀង ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានភ្លៀងធ្លាក់តិច ចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម ។
ទៀនទី២១-ខេត្តសៀមរាប ដើមឆ្នាំនិងកណ្តាលឆ្នាំមានភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី២២-ខេត្តស្ទឹងត្រែង ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានភ្លៀងធ្លាក់តិច ចុងឆ្នាំមានភ្លៀងធ្លាក់មធ្យម ។
ទៀនទី២៣-ខេត្តព្រះសីហនុ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំនិងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី២៤-ខេត្តឧត្តរមានជ័យ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំនិងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
ទៀនទី២៥-ខេត្តត្បូងឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំនិងចុងឆ្នាំមានភ្លៀងធ្លាក់ច្រើន ។
បន្ទាប់ពីធ្វើពិធីសម្រក់ទៀនផ្សងទឹកភ្លៀង សម្រាប់រាជធានី-ខេត្តទាំង២៥ រួចមក ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេច ព្រះអង្គម្ចាស់ ព្រះរាជវង្សានុវង្ស លោក-លោកស្រី នាម៉ឺនសព្វមុខមន្ត្រីក្នុងព្រះបរមរាជវាំង បានយាងនិងអញ្ជើញសោយ និងអកអំបុកទៅតាមប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរ ៕


ចែករំលែកព័តមាននេះ