បរទេស ៖ នៅព្រឹកថ្ងៃសុក្រទី១៥ ខែឧសភា ២០២០នេះ វៀតណាមបានប្រកាសករណីឆ្លងកូវីដ១៩បន្ថែមថ្មី ចំនួន២៤ករណី ហើយអ្នកទាំងនោះ គឺជាប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានជម្លៀសមកពីប្រទេសរុស្ស៊ី ខណៈប្រទេសវៀតណាមបានស្ងប់ស្ងាត់អស់មួយរយៈ នេះបើតាមប្រភពគេហទំព័រ vnexpress ។
ករណីឆ្លងថ្មី ២៤នាក់ (ស្ត្រីម្នាក់ និងបុរស២៣នាក់) ដែលត្រូវបានបញ្ជាក់ថា វិជ្ជមាន មានអាយុចន្លោះពី២៤ ទៅ៤៧ឆ្នាំ បានវិលត្រឡប់មកប្រទេសវៀតណាមវិញ តាមជើងហោះហើរ វៀតណាម VN0062 ពីប្រទេសរុស្ស៊ី ទៅកាន់ខេត្ត Quang Ninh ភាគខាងជើង កាលពីថ្ងៃពុធ ក្រោមជំនួយរបស់រដ្ឋាភិបាល ដើម្បីធ្វើការជម្លៀសជនជាតិវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅបរទេស ។
ពួកគេ ត្រូវបានដាក់ឲ្យនៅដាច់ពីគ្នា នៅក្នុងខេត្តក្វាងនិញ ថៃប៊ិញ និងហាយដុង ។ អ្នកជំងឺ២២នាក់ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យខេត្តថៃប៊ិញ និង២នាក់ទៀត នៅមន្ទីរពេទ្យលេខ២ ក្នុងខេត្តក្វាងនិញ ។
ត្រឹមថ្ងៃសុក្រនេះ គឺមានរយៈពេល២៩ថ្ងៃហើយ ដែលប្រទេសវៀតណាម គ្មានករណីណាមួយដែលបណ្តាលមកពីការឆ្លងក្នុងសហគមន៍ទេ ពោលគឺករណីឆ្លងថ្មីៗ គឺជាសុទ្ធតែជាករណីនាំចូល ។
បច្ចុប្បន្ន ចំនួនសរុបនៃអ្នកឆ្លង Covid-19 នៅក្នុងប្រទេសវៀតណាម បានកើនឡើងដល់ ៣១២ករណី ។ ចំនួនអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាល មានតែចំនួន ៥២នាក់ប៉ុណ្ណោះ ខណៈអ្នកជំងឺ ២៦០នាក់ផ្សេងទៀត បានជាសះស្បើយ ក្នុងនោះគ្មានអ្នកស្លាប់ទេ ត្រូវបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ។
គួរជម្រាបថា កាលពីថ្ងៃទី៧ ខែឧសភា កន្លងទៅ វៀតណាមបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន១៧ទៀត ដែលសុទ្ធតែជាករណីនាំចូល ។ ហើយអ្នកទាំងនោះ គឺជាប្រជាពលរដ្ឋវៀតណាម ដែលត្រូវបានគេជម្លៀសមកពីអេមីរ៉ាតអារ៉ាប់រួម ៕


ចែករំលែកព័តមាននេះ