ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​តំណាង​អយ្យកា​របើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ចិន​ចាប់ជំរិត​ចិន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ជម្រិត​ទា​ប្រាក់​២០​ម៉ឺន​យ័ន ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បញ្ជូន​ទៅ​ដ​ល់​​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​នេះ ។ ជនសង្ស័យ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បើក​ការ​ស៊ើបសួរ​លើ​សំណុំរឿង​ជនជាតិ​ចិន​ចាប់​ជនជាតិ​ចិន​ដូច​គ្នា​ជម្រិត​ទា​ប្រាក់​២០​ម៉ឺន​យ័ន ខណៈ​កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន បញ្ជូន​ទៅ​ដ​ល់​​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ កន្លងទៅ​នេះ ។

ជនសង្ស័យ​ឈ្មោះ វី​ន តៃ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​អ៊ូ​ឆឹង ស្នាក់​នៅ​បុរី​អេ​លី​ហ្សេ ក្នុង​ម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ សង្កាត់​ទន្លេ​បា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សូម​​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌចំការមនធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២០ រួម​ទាំង​ដកហូត​កាំភ្លើងខ្លី​១​ដើម ម៉ាក​.កា៥៩ និ​ង​គ្រាប់​ចំនួន​៧​គ្រាប់ ។ ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ សមត្ថ​​កិច្ច​បាន​ធ្វើ​ឡើង​តាម​ពា​ក្យ​បណ្តឹង​​របស់​ជន​រង​គ្រោះ​ឈ្មោះ លី ឈិ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​អ៊ូ​ឆឹង ស្នាក់​នៅ​បុរី​អេ​លី​ហ្សេ ក្នុង​ម​ជ្ឈ​មណ្ឌល​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

យោង​តាម​ពាក្យបណ្តឹង​​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា កាលពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២០ មាន​ជនជាតិ​ចិន​មួយ​ក្រុម​ប្រមាណ៤​ទៅ​៥​នាក់ ក្នុង​នោះ​មាន​ម្នាក់​ជា​អ្នក​រាប់អាន​ជន​រង​គ្រោះ បាន​លួងលោម​ជន​រង​គ្រោះ​ឱ្យទៅ​លេង​ក្នុង​បន្ទប់​របស់​ពួក​គេ ។ លុះ​ពេល​ទៅ​ដល់​ក្នុង​បន្ទប់​ ស្រាប់តែ​ក្រុម​ជន​សង្ស័យ​បាន​ដក​​យក​កាំ​ភ្លើង​ភ្ជង់​ជន​រង​គ្រោះ​មិនឱ្យ​​ស្រែក និង​មិន​ឲ្យ​តដៃ​ រួច​ពួក​គេ​បាន​គំរាម​​ជំរិត​​ទារប្រាក់​​ពី​ជន​រង​គ្រោះ​ចំនួន​២០​ម៉ឺន​យ័ន ។ ដោយ​ខ្លាច​ការ​គំរាមកំហែង​ដល់​អាយុជីវិត​នោះ ទើប​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ ដើម្បី​យក​លុយ​មក​លោះ​ខ្លួន ទើបត្រូវ​បាន​ក្រុម​ជនសង្ស័យ​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ។

យោងតាម​ពាក្យបណ្តឹង​របស់ជនរងគ្រោះ​បាន​ឱ្យ​ដឹង​បន្ត​ថា បន្ទាប់​មក​នៅ​យប់​ថ្ងៃ​ទី​១០ ខែឧសភា ជន​រង​គ្រោះ​បាន​ជិះ​រថយន្ត​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ​ ស្រាប់តែ​ប្រទះ​ឃើញ​ជនជាតិ​ចិន​មួយ​ក្រុម​កំពុង​ដក​កាំភ្លើង​ភ្ជង់​ជន​ជា​តិ​ចិន​នៅ​លើ​ដងផ្លូវ​សាធារណៈ ពេល​នោះ​រូបគេ​(​ជន​រង​គ្រោះ​)​ក៏​បាន​រាយ​ការ​ណ៍​ឱ្យ​សមត្ថ​កិច្ច ទើប​មានការ​ចាប់ខ្លួន​ជនសង្ស័យ​តែ​ម្តង​ទៅ ។ ក្រោយ​ឃាត់ខ្លួនជនសង្ស័យ ​សមត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

រហូត​ដល់​ពេល​នេះ​ តំណាង​អយ្យការ​កំពុង​បើក​ការ​ស៊ើបសួរ នៅ​មិន​ទាន់​បាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ​ទេ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ