ចាប់ខ្លួន​បុរស​ម្នាក់​ ចាប់​កាច់​បំបាក់​ដៃនិងជើង​កូនចុង​របស់​ខ្លួន អាយុ​៧​ខែ


ខេត្តឧត្ដរមានជ័យ ៖ ក្មេង​ប្រុស​អភ័ព្វ​ម្នាក់ អាយុ​៧​ខែ ត្រូវ​ឪពុកចុង​ចិត្តកំណាច​ចាប់​កាច់​បំបាក់​ដៃ និង​បំបាក់​ជើង​ចោល​ដោយ​គ្មាន​អាណិតអាសូរ ករណី​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះកើតឡើងជាង២សប្ដាហ៍ ប៉ុន្តែ​ទើប​បែកធ្លាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​កម្សិលមិញនេះ ។

ក្រោយ​បែកធ្លាយ​អំពើ​ហិង្សា​បង្ហាញ​ពី​អំពើ​ឃោរឃៅ​និង​ទារុណកម្ម​ទៅ​លើ​កុមារ កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ការពារ​កុមារ CPU បាន​ចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នគរបាល​ខេត្តឧត្តរមានជ័យ និង​ក្រសួងមហាផ្ទៃ រហូត​ដល់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ឪពុកចុង ដើម្បី​សួរនាំ ។

ហេតុការណ៍​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចាប់​កាច់​បំបាក់​ដៃ​បំបាក់​ជើង​ទៅ​លើ​ក្មេង​រង​គ្រោះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២០ នៅ​ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ប៉ុន្តែ​ទើប​បែកធ្លាយ នៅ​ថ្ងៃ​ទី​១២ ឧសភា​នេះ ។

លោក​ឧត្ដមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តឧត្ដរមានជ័យ បាន​ប្រាប់​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដោយ​មានការ​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ សមត្ថកិច្ច​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​កោះហៅ​ឈ្មោះ ធួន ផា​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កាច់​ដៃ កាច់​ជើង​កុមា​រា​ម្នាក់ ត្រូវជាកូនចុងរបស់ខ្លួន។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​២៨ មេ​សា ២០២០ ជន​ដៃដល់​ជា​ឪពុកចុង​ឈ្មោះ ធួន ផា​ណា បាន​ចាប់​កាច់​ដៃ​កាច់​ជើង​កូនចុង​របស់​ខ្លួន ដែល​មាន​អាយុ​មិន​ទាន់​បាន​១​ឆ្នាំ​ស្រួលបួល​ផង ។ ក្រោយ​កើតហេតុ ស្ត្រី​ជា​ម្ដាយ​កុមារ​រង​គ្រោះ​បាន​នាំ​កូន​ទៅ​ពេទ្យ ហើយ​បាន​ថតរូប​ទុក ។ ស្ត្រី​ជា​ម្តាយ​មានកូន​ជាមួយ​ប្តី​មុន រូប​នេះ​ ​បម្រុង​លាក់​ទុក​រឿង​អំពើ​ហិង្សា​នេះ ព្រោះ​គិត​ថា បុរស​នេះ​(​ឈ្មោះ ធួន ផា​ណា​) មិន​ដោះដៃ​ចោល​ខ្លួន​… ​ប៉ុន្តែ មិនដឹងយ៉ាងម៉ែច បានជា​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ទើប​ដាច់​ចិត្ត​ប្តឹង​សមត្ថកិច្ច ហើយ​ក៏​ចាប់ខ្លួន​បាន​កាលពី​ព្រឹក​មិ​ញ​នេះ តែម្តង ។

បច្ចុប្បន្ន​ឈ្មោះ ធួន ផា​ណា កំពុង​សាកសួរ​នៅ​ការិយាល័យ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ។ ទោះជា​យ៉ាងណា ស្ត្រី​ជា​ម្ដាយ​កុមារ​រង​គ្រោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្ដរមានជ័យផង​ដែរ ដើម្បី​អោយ​ចាត់ការ​ឈ្មោះ ផា​ណា ទៅ​តាម​ផ្លូវច្បាប់ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ