យក​កូន​មក​ពេទ្យ ចូល​អុជ​ធូប​បន់ស្រន់​​ឲ្យ​ឆាប់​ជា ចេញ​មក​វិញ​កូនស្រី​ដាច់ខ្យល់បាត់


ខេត្តសៀមរាប ៖ កុមារី​អភ័ព្វ បាន​ដាច់ខ្យល់​ស្លាប់ នៅ​មុខ​បរិវេណ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុង​ក្រុង​សៀមរាប ខណៈ​ម្តាយ​ដឹក​កូនស្រី​យក​មក​ដេកពេទ្យ​គន្ធ​បុប្ផា មិន​ទាន់​បាន​ចូល​ពេទ្យ​ផង បែរជា​មក​អុជ​ធូប​សូម​បួងសួង សុំ​សេចក្តីសុខ​សប្បាយ និង បន់ស្រន់​សុំ​ឱ្យ​កូន​ឆាប់​ជា តែ​អកុសល ចេញ​មក​វិញ កូន​ស្លាប់​បាត់​ទៅ​ហើយ ។

ហេតុការណ៍​កុមារី​ស្លាប់​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ ២០២០ ស្ថិត​នៅ​ចំណុច​មុខ​បរិវេណ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង​/​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ បាន​ប្រាប់​អោយ​ដឹង​ថា ករណី​កុមារី​មានឈ្មោះ ទៀង ចរិយា អាយុ​១០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ផ្សារ​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ បាន​គាំងបេះដូង​ស្លាប់​(​មាន​ជំងឺ​បេះដូង​ជំហរ​) ដោយ​ឪពុក​ម្តាយ​ជូន​មក​មន្ទី​ពេទ្យ​គន្ធ​បុប្ផា តែ​ពេល​មក​ដល់​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ឪពុក​ម្តាយ ចូល​មក​អុជ​ធូប​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ព្រមទាំង​បន់ស្រន់​សុំ​ឱ្យ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម ជួយ​បីបាច់​ថែរក្សា​កូនស្រី​របស់​គាត់​ឱ្យ​បាន​ឆាប់​ជា ពេល​អុជ​ធូប​បួងសួង​ចប់ ក៏​ដើរ​ចេញ​មក​វិញ ស្រាប់តែ​ឃើញ កូនស្រី​(​កុមារី​) ក៏​ដង្ហក់​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ បាន​ត្រឹមតែ​ស្រែក​ទួញ​សោក​អោប​សព​កូន​យំ​គួរ​ឲ្យ​សង្វេគ នៅ​មុខ​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ ។

សមត្ថកិច្ច​ជំនាញ បញ្ជាក់​ថា មូលហេតុ កុមារី​រង​គ្រោះ​មាន​ជំងឺ​បេះដូង​ចំហរ ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​ប្រគល់​សព​កូនស្រី ឱ្យ ទៅ​ម្តាយ ជន​រង​គ្រោះ យក​ទៅ​ស្រុក​កំណើត ខេត្តក្រចេះ ធ្វើបុណ្យ​តាម​ប្រពៃណី ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ