ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្លឹក​បៀរ​នយោបាយ​របស់​លោក សម រ​ង្ស៊ី

3 ឆ្នាំ មុន
  • ភ្នំពេញ

ចាប់តាំងពី​លោក​បាន​បង្កើត​គណបក្ស​នយោបាយ​កាលពី​ឆ្នាំ​១៩៩៥ ដែល​មានឈ្មោះ​ថា ជាតិខ្មែរ និង​ក្រោយមក​ដូរ​ឈ្មោះ ជា​គណបក្ស​សម រ​ង្ស៊ី ជី​វិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី មានការ​លិចអណ្តែត​ជា​ច្រើន​ដង…

ចាប់តាំងពី​លោក​បាន​បង្កើត​គណបក្ស​នយោបាយ​កាលពី​ឆ្នាំ​១៩៩៥ ដែល​មានឈ្មោះ​ថា ជាតិខ្មែរ និង​ក្រោយមក​ដូរ​ឈ្មោះ ជា​គណបក្ស​សម រ​ង្ស៊ី ជី​វិត​នយោបាយ​របស់​លោក សម រ​ង្ស៊ី មានការ​លិចអណ្តែត​ជា​ច្រើន​ដង ហើយ​ធ្វើ​អោយ​លោក​ធ្វើ​នីរ​ទេស​ទៅ​ក្រៅ ប្រទេស​ជា​ញឹកញាប់​ផង​ដែរ ។

ទោះបីជា​លោក​បាន​ធ្លាប់​មានរឿង​ក្តី​ជា​ច្រើន​ដង​យ៉ាងណា​ក៏​ដោយ​ចុះ​លោក សម រ​ង្ស៊ី ដែល ធ្លាប់​ធ្វើ​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ផង​ដែរ នៅ​ចន្លោះ​ឆ្នាំ​១៩៩៣ និង ១៩៩៤ នោះ​អាច​ទទួល​បានការ​លើកលែងទោស​ពី​ព្រះ​មហារ​ក្សត្រ ហើយ​វិល​ត្រឡប់​មក​ធ្វើ​នយោបាយ​វិញ​ដោយ​ធ្វើ​អោ​យស​ម្ំ​ឡេ​ង​នៃ​ការ​គាំទ្រ​ចំពោះ​លោក​បាន​កើនឡើង​ជាប់​រហូត ។

គណបក្ស​សមរ​ង្ស៊ី​ដែល​បាន​ប្តូរ​ឈ្មោះ​ពី​គណបក្ស​ជាតិខ្មែរ​កាលពី​ឆ្នាំ
១៩៩៥​នោះ បាន​ទទួល​អាស​នះ​ចំនួន ១៥ នៅ​ក្នុង​រដ្ឋសភា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ហើយ ចំនួន​អាសនៈ​របស់​គណបក្ស​នេះ បាន​កើនឡើង​រហូត​ដល់​ចំនួន​២៤ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០០៣ និង ក្រោយមក​ទទួល​បាន ២៦ អាសនៈ​នៅ​ឆ្នាំ ២០០៨ ។

ចំណែក ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ ២០១៣ គណបក្ស​សង្គ្រោះ ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក សម រ​ង្ស៊ី ដែល​កើត​ចេញពី​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​គណបក្ស​សម រ​ង្ស៊ី និង​គណបក្ស​សិ​ទ្ឋ​មនុស្ស របស់​លោក កឹ​ម សុខា នោះ​បាន​ទទួល​អាសនៈ​ចំនួន​៥៥ ក្នុង​ចំណោម​អាសនៈ ទាំងអស់ ១២៤​នៅ​ក្នុង​រដ្ឋសភា ។

វា​ជា​និន្នាការ​កំណើន​ប្រកបដោយ​ក្តី​សង្ឃឹម​មួយ​សម្រាប់​អ្នកនយោបាយ និង​អ្នកគាំទ្រ​ខាង​គណបក្សប្រឆាំង មុន​ពេល​ដែល​គណបក្ស សង្គ្រោះ​ជាតិ​បាន​ត្រូវ​រំលាយ​ដោយសារ​តែ​ភាព​ជំពាក់ជំពិន​ផ្លូវច្បាប់​នៃ​មេដឹកនាំ​គណបក្ស​នេះ​កាលពី​ឆ្នាំ​២០១៧ ។

សូ​ម្បី​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​ទៅ​ហើយ​ក្តី អ្នកនយោបាយ និង​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​នេះ​នៅ​តែ​មិន​អស់ចិត្ត​ហើយ​បន្ត​ដើរ​តាម​បន្ទាត់នយោបាយ​របស់​លោក សម រ​ង្ស៊ី​ដោយ​សង្ឃឹមថា នឹង​អាច​មាន​ដំណោះស្រាយ​វិល​ត្រឡប់​ទៅ​រក​ភាពល្អ​ប្រសើរ​វិញ ។

ប៉ុន្តែ​តើ​ពេល​នេះ​សន្លឹក​បៀ​របស់​លោក សម រ​ង្ស៊ី ដែល​ត្រូវ​បាន​ធីប​ចោល​ដោយសារ​តែ​រឿង​ក្តី​ផ្លូវច្បាប់​នោះ​នឹង​អាចយ​កមក​លេង​ឡើង​វិញ​បាន​ឬទេ ? ហើយ​តើ​អ្នក​ដើរ​តាម​លោក សម រ​ង្ស៊ី នឹង​មាន​វាសនា​នយោបាយ​បែប​ណា ?

ល​ទ្ឋ​ភាព​ដែល​ជីវិត​នយោបាយ​របស់​លោក​អាច​មានសំណាង​នឹង​វិល​ត្រឡប់​មក​ដូច​ដើម​វិញ គឺ​សឹងតែ​មិន​មាន​ទាល់តែ​សោះ ដោយសារ​តែ​អ្វី​ៗ​នឹង​ចំណុះ​ទៅ​លើស​ម្តេច​តេ​ជោ​ហ៊ុន សែន នៅ​ក្នុង​ការ​សុំ​ការ​លើកលែងទោស​ទៅ​កាន់​ព្រះមហាក្សត្រ ដោយសារ​តែ​លោក សម រ​ង្ស៊ី​មាន​ជាប់ជំពាក់​ច្រើន​ទៅ​លើ​ផ្លូវច្បាប់ ។

ក្តី​សង្ឃឹម​ដែល​សម្តេច​តេ​ជោ​ហ៊ុន​សែន នឹង​ស្នើ​ទៅ​កាន់​ព្រះមហាក្សត្រ​ដើម្បី​សុំ​អោយ​មានការ​លើកលែងទោស​ដល់​លោក សម រ​ង្ស៊ី គឺ​ហាក់ដូចជា មិន​មាន​ទាល់តែ​សោះ ដោយ​ពិចារណា​ទៅ​លើ​អ្វី​ដែល​សម្តេច​តេ​ជោ ហ៊ុន​សែន ធ្លាប់​មាន​ប្រសាសន៍ និង​ការ​វាយប្រហារ​របស់​លោក​សម រ​ង្ស៊ី មក​លើស​ម្តេច​តេ​ជោ និង​រដ្ឋាភិបាល​មិន​មានការ​ដកថយ ។

សម្តេច​តេ​ជោ​ហ៊ុន​សែន​បាន​ធ្លាប់​មាន​ប្រសាសន៍​ថា សម្តេច​នឹង​មិន​ធ្វើការ​លើកលែងទោស​ណាមួយ​ដល់​លោក​សម រ​ង្ស៊ី​ឡើយ ។

ការ​ទន់​ចិត្ត​របស់​នាយក​រដ្ឋមន្ត្រី​ដើម្បី​ឈាន​ដល់​ការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​រឹតតែ​លែង​មាន​ទៀត បន្ទាប់​ពី​សហភាព អឺរ៉ុប​បាន សម្រេច​ព្យួរ​មួយ​ផ្នែក​ការ​លើកលែង​ព​ន្ឋ​សម្រាប់​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​ធ្វើ​អោយ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​រង​ផល​ប៉ះពាល់​ហើយ​តម្រូវ​អោយ​រដ្ឋាភិបាល​ចាត់វិធានការ​ជា​ច្រើន​ដើម្បី​បន្ថយ​ផល​ប៉ះពាល់​នោះ ។

លោក សម រ​ង្ស៊ី​ត្រូវ​បាន​បន្ទោស​ដោយ គណបក្សកាន់អំណាច និង​សម្តេច​តេ​ជោ​ហ៊ុន​សែន​ថា​បាន​ធ្វើ​យុ​ទ្ឋ​នា​ការ​ដើម្បី​ឈាន​ដល់​ការ​សម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប​ដែល​នាំ​អោយ ខាតបង់​ដល់ ផលប្រយោជន៍​សម្រាប់​កម្ពុជា ។

ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ ជំហរ​នយោបាយ​ប្រឆាំង​យ៉ាង​ស្រួច​ស្រាវ​របស់​លោក​សម រ​ង្ស៊ី​ប្រឆាំង​នឹង​សម្តេច​តេ​ជោ​ហ៊ុន សែន​បាន​នៅ​តែ​បន្ត​មាន​ដោយ​មិន​មានការ​បង្ហាញ​ការ​ថយក្រោយ​ណាមួយ​ឡើយ ។ លោក សម រ​ង្ស៊ី​ដែល​ជា​អ្នកនយោបាយ​រិះគន់​មិន​សំចែ​មាត់​នោះ​បាន​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា និង​សម្តេច​តេ​ជោ​ហ៊ុន​សែន​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក និង​ការ​ផ្តល់​សម្ភាសន៍​ដល់​កាសែត និង​វិទ្យុ​បរទេស​។

ដោយ​ពិចារណា​ទៅ​លើ​ទិដ្ឋភាព​ទាំង​អស់នេះ គេ​ពិបាក​នឹង សម្លឹង​ឃើញ​តម្រុយ​ណាមួយ​ដែល​ថា​លោក សម រ​ង្ស៊ី​នឹង​អាច​ធ្វើ​អោយ ជីវិត​នយោបាយ​របស់​លោក​បាន​រស់​រវើក​ឡើង​វិញ​ណាស់ ។ លោក សម រ​ង្ស៊ី​ខ្លួនឯង​ក៏​ហាក់ដូចជា បាន​រៀបចំ​យុ​ទ្ឋ​សាស្ត្រ​ចាក​ចេញពី​ឆាកនយោបាយ​ផង​ដែរ​នៅ​ពេល​ដែល​លោក​បាន​ប្រាប់​វិទ្យុ​បរទេស​មួយ​ថា លោក​ចង់អោយ​មានការ​ធ្វើ​ច្បាប់​មួយ​ដែល​ថា​អ្នកនយោបាយ​និង​អ្នកដឹកនាំ​គួរ​មាន​ក្រោម​៧០​ឆ្នាំ ខណៈ​ដែល​រូប​លោក​ផ្ទាល់​មាន​អាយុ​៧១ ឆ្នាំទៅ​ហើយ ។

នៅ​ពេល​ដែល​សន្លឹក​បៀរ​នយោបាយ​របស់​លោក​មិន​អាច​លើកយក​មក​លេង​ឡើង​វិញ​ក្នុង​ល្បែង​នយោបាយ​នោះ វា​នឹង​មាន​ផល​ប៉ះពាល់ មិន​ត្រឹមតែ​ជីវិត​នយោបាយ​របស់​លោក​ផ្ទាល់​ឡើយ វា​ក៏​នឹង​មាន​ផល ប៉ះពាល់​ផង​ដែរ​ចំពោះ​ជីវិត​នយោបាយ​របស់​អ្នកគាំទ្រ​លោក​យ៉ាង​ស្មោះស្ម័គ្រ​នោះ​។

ដូច្នេះ អ្នកនយោបាយ​ដែល​ស្មោះត្រង់​នឹង លោក​សមរ​ង្ស៊ី​មិន​ងាករេ​ហើយ​ខ្វះ​ភាព​បត់បែន​អាច​នឹង​ប្រឈម​មុខ​នឹង​អនាគត​មួយ​ដែល​ងងឹត​ជា​ជាង​ភ្លឺស្វាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ