ខេត្តស្វាយរៀង ៖ មហាជនបាននាំគ្នាមកដើរកំសាន្តនៅឆ្នេព្រែកទន្លេវ៉ៃគោជារៀងរាល់ល្ងាចរហូតដល់យប់ជ្រៅ ហើយនាំគ្នាផឹកស៊ីយ៉ាងសប្បាយជាលក្ខណៈគ្រួសារ ធ្វើឲ្យអាជ្ញាធរមានការព្រួយបារម្ភ អំពីការជួបជុំប្រមូលផ្តុំគ្នាច្រើនបែបនេះ។ ហើយបានចាត់កម្លាំងយកឃោសនាស័ព្ទចុះទៅធ្វើការផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋចូលរួមធ្វើអនាម័យ ការពារសុវត្ថិភាពខ្លួនឯង ត្រូវប្រុងប្រយ័ត្នជានិច្ច ទោះបីគ្មានការឆ្លងរីករាលដាលមេរោគកូវីដ១៩ ជាថ្មីក៏ដោយ។
ឆ្នេរព្រែកទន្លេវ៉ៃគោ គឺជាឆ្នេរដ៏ស្អាតស្រស់ត្រកាល និងជាទីមនោរម្យមានខ្យល់អាកាសបរិសុទ្ធ ជាឆ្នេរថ្មីនៃក្រុងស្វាយរៀង ដែលបានបង្អួតកាយបង្ហាញមហាជន និងអង្រួនដល់បេះដូងយុវវ័យក៏ដូចជា មហាជនទូទៅឲ្យមកលេងកំសាន្ត ក្រោមពន្លឺដួងច័ន្ទ និងហ្វូងដួងតារា ព្រមទាំងភ្លើងពណ៌របស់អ្នកលក់ដូរព្រាតព្រោងក្នុងស្បៃរាត្រី។
បើតាមមហាជនដែលទៅលេងកម្សាន្តបាននិយាយថា ខ្លាចអី កូវីដ១៩ បើរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជោគជ័យ គ្មានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីផងហ្នឹង។ ទើបមហាជនរីករាយ និងបាននាំគ្នាដើរកំសាន្តជាលក្ខណៈគ្រួសារនាពេលរសៀលតាមឆ្នេរទន្លេវ៉ៃគោដ៏ស្រស់ត្រកាលនេះ។ ហើយអ្នកមកកំសាន្តនេះ គឺមានមន្ត្រីរាជការ ប្រជាពលរដ្ឋ ក្រុមអាជីវករមកពីខេត្តព្រៃវែងមកពីគ្រប់ស្រុក-ក្រុងនៃខេត្តស្វាយរៀង។
លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យឆ្នេរទន្លេវ៉ៃគោ និងផ្សព្វផ្សាយអំពីវិធីការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ការធ្វើអនាម័យសម្អាតខ្លួនប្រាណ ការលាងសម្អាតដៃនឹងសាប៊ូ ឬបាញ់អាល់កុលសម្អាតដៃជាដើម។
លោកអភិបាលរងខេត្តបានដឹកនាំចុះទៅតាមឆ្នេរក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រភូមិធ្លក និងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង រាល់ល្ងាច ហើយការចុះផ្សព្វផ្សាយនេះធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តក៏បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំពីវិធានការណ៍ការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តស្វាយរៀងណែនាំដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីនេះបានយល់ដឹងបន្ថែមទៀត។
លោកអភិបាលរងខេត្ត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ និងរក្សាអនាម័យឲ្យបានជាប់ជាប្រចាំ ជាពិសេសក្រោយពីបរិភោគហើយ សូមថែរក្សាអនាម័យវេចខ្ចប់យកទៅចោលនៅកន្លែងចោលសំរាមឱ្យបានត្រឹមត្រូវ។ ហើយមហាជនដែលមកលេងកំសាន្តភាគច្រើន គឺជាមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង និងខេត្តព្រៃវែង ម្យ៉ាងនៅក្រុងស្វាយរៀង ទើបមានឆ្នេរថ្មីដ៏ស្រស់ត្រកាលគួរជាទីកំសាន្តពេលរសៀលរហូតដល់រាត្រីជាទីមនោរម្យ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ