មនុស្សខ្លះមានសេចក្តីសន្តោស ឬចេះល្មមនឹងរបស់ទ្រព្យដែលខ្លួនមាន មិនមានចិត្តលោភលន់ហួសប្រមាណពេកទេ រស់នៅតាមរបៀបនៃជីវិតខ្លួនដ៏សាមញ្ញ គឺមិនចង់បានទ្រព្យសម្បត្តិអ្នកដទៃមកជាទ្រព្យរបស់ខ្លួន, មិនរលីមរលាមគយគន់រំពៃប៉ងនឹងបង្អោនទ្រព្យអ្នកដទៃមកដើម្បីខ្លួន, មិនមានចិត្តប៉ុនប៉ងនឹងធ្វើប្រយោជន៍ និងសេចក្ដីសុខរបស់អ្នកដទៃឲ្យវិនាស, មានបញ្ញាយល់ត្រូវតាមសភាវធម៌, មិនបានយល់ខុសចាកសភាវធម៌ឡើយ ទាំងអស់នេះលោកហៅថាមនុស្សចិត្តធម៌ ឬមនុស្សចិត្តជាកុសល ។
ដោយហេតុដែលបានប្រព្រឹត្តកុសលកម្មនោះមែនៗបើបុគ្គលឯណាបានគោរព បានប្រព្រឹត្តត្រឹមត្រូវល្អហើយ ទោះបីបុគ្គលនោះមានចិត្តប្រាថ្នាចង់ទៅកើតក្នុងត្រកូលខត្តិយមហាសាលក្ដី ព្រាហ្មណ៍មហាសាលក្ដី គហបតិមហាសាលក្ដី កើតក្នុងត្រកូលក្សត្រដែលមានទ្រព្យឧត្ដុង្គឧត្ដមក្តី ឬប្រាថ្នាចង់ទៅកើតជាទេវតាក្នុងស្ថានទាំង៦ជាន់ក្តី ក៏បានសម្រេចដូចក្តីប្រាថ្នាមិនខានឡើយ
អំណាចនៃការប្រព្រឹត្តកុសលធម៌អាចឲ្យបានសម្រេចសម្បត្តិទាំងឡាយដូចពោលមកយ៉ាងនេះឯង ។ សាន សារិន
ចែករំលែកព័តមាននេះ