អ្នកស្រុកថ្ងូរដូចព្រាប ទំនាស់ដី២០ឆ្នាំហើយ មិនឃើញដោះស្រាយទេ! (វីដេអូ)
- កោះកុង
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួន 9 គ្រួសារ ដែលមានរឿងទំនាស់ដីធ្លី ទៅលើផ្ទៃដីចំនួន 9 ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកស្វាយ…
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួន 9 គ្រួសារ ដែលមានរឿងទំនាស់ដីធ្លី ទៅលើផ្ទៃដីចំនួន 9 ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកស្វាយ…
ខេត្តកោះកុង ៖ ប្រជាពលរដ្ឋចំនួន 9 គ្រួសារ ដែលមានរឿងទំនាស់ដីធ្លី ទៅលើផ្ទៃដីចំនួន 9 ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិមិន្ទ ខេត្តកោះកុង បានត្អូញត្អែរប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឲ្យដឹងនាពេលថ្មីៗថា អាជ្ញាធរខេត្តកោះកុង បានរួមគំនិតគ្នា ដើម្បីបំបិទរឿងដីរបស់ពួកគាត់ ដោយមិនព្រមរកដំណោះស្រាយជូនពួកគាត់សោះឡើយ ដោយចេះតែពន្យារពេលម្ដងហើយម្ដងទៀត ពីមួយខែទៅមួយខែ ហើយអាជ្ញាធរខេត្តរុញដាក់គ្នាទៅវិញទៅមកទៀត។
យោងតាមការៀបរាប់ពីសំណាក់ប្រជាពលរដ្ឋ9គ្រួសារ ដែលមានលោកតា សន សូត្រ ជាអ្នកតំណាងឲ្យគ្រួសារទាំងនោះបានរៀបរាប់ឱ្យអ្នកយកព័ត៌មានយើងដឹងថា ដីរបស់ពួកគាត់ដែលកំពុងតែមានជម្លោះរយៈពេល 20 ឆ្នាំកន្លងមកហើយនោះ គឺមានទីតាំងនៅភូមិឃុំ ខាងលើ ហើយដីនោះគាត់បានគ្រប់គ្រងកាន់កាប់តាំងពីឆ្នាំ 1996 មកម្ល៉េះ ព្រមទាំងមានការចេញប័ណ្ណកាន់កាប់ដីធ្លីដោយស្របច្បាប់ពីអាជ្ញាធរភូមិឃុំទៀតផង។
ប្រភពដដែលបន្តថា ក៏ប៉ុន្តែក្រោយមកដោយតំបន់នោះ គឺជាតំបន់ព្រៃស្តុកហើយស្ងាត់ ពួកគាត់ក៏បានវានាំក្រុមគ្រួសារមករស់នៅ ឯផ្សារបាក់ខ្លងមួយរយៈសិន ដើម្បីរង់ចាំការឈូសឆាយដី ដើម្បីសាងសង់លំនៅដ្ឋានស្នាក់អាស្រ័យ ។ ក្រោយមកនៅក្នុងអំឡុងឆ្នាំ 2001 គាត់ស្រាប់តែមានឈ្មោះ ប៊ូ សំអឿន និងបក្សពួកជាច្រើននាក់ទៀត បានទៅលួចរំលោភ និងឈូសឆាយដីរបស់ពួកគាត់យកទាំងបំពាន ដោយគ្មានប័ណ្ណកាន់កាប់សិទ្ធិទៀតផង ។
ក្រោយមកនៅក្នុងឆ្នាំ 2002 បន្ទាប់ពីបានដឹងថា ដីរបស់គាត់ត្រូវគេរំលោភបំពានយក គាត់ក៏បានដាក់ពាក្យបណ្ដឹងទៅកាន់អាជ្ញាធរខេត្ត ទៅក្រសួងមហាផ្ទៃ ដោយមានលិខិតឱ្យថ្នាក់ដឹកនាំខេត្ត ពិនិត្យនិងសម្រេចទៅតាមភាពជាក់ស្ដែងនៃវិវាទដីខ្លួននោះដែរ។ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ 2001 និង2002 រហូតមកទល់នឹងឆ្នាំ 2020 នេះ គឺមានរយៈពេល 19 ឆ្នាំហើយរឿងវិវាទដីធ្លីនេះ ដោយពុំដឹងថា ខាងណាជាម្ចាស់កម្មសិទ្ធិឲ្យពិតប្រាកដនោះនៅឡើយទេ។
លោក សន ស៊ត បានមានប្រសាសន៍បញ្ជាក់ឲ្យយើងដឹងជាចុងក្រោយថា ទោះបីជាចាញ់ ឬក៏ឈ្នះ សូមឲ្យអាជ្ញាធរខេត្តពន្លឿននៅក្នុងការដោះស្រាយនេះជូនដល់ពួកគាត់ផងកុំអោយការទន្ទឹងរង់ចាំនេះ ចេះតែអូសបន្លាយពេលទៅមុខទៀត។
ចំណែកឯភាគីចុងចម្លើយលោក ប៊ូ សំអឿន ដែលត្រូវបានពលរដ្ឋទាំង9គ្រួសារ ចោទប្រកាន់ទៅលើលោកថា បានទៅរំលោភយកដីរបស់ពួកគាត់យកទៅលក់នោះ លោកបានលើកឡើងថា ដីដែលកំពុងតែមានទំនាស់ចាប់តាំងពីឆ្នាំ 2002 រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺជាដីរបស់លោកពិតប្រាកដដែលបានទិញពីពលរដ្ឋតាំងពីឆ្នាំ 2001 មកម្ល៉េះ ហើយក៏មានឯកសារត្រឹមត្រូវជាក់លាក់ទៀតផង។ ដូច្នេះ រាល់ពេលដំណោះស្រាយត្រូវប្រគល់ជូនអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តជាអ្នកដោះស្រាយទៅតាមផ្លូវច្បាប់ចុះ តើភាគីណាខុសនឹងភាគីណាត្រូវ?
ដោយឡែកលោក សុខ សុទ្ធីអភិបាលរងខេត្តកោះកុង ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីលោកបានមានប្រសាសន៍ឲ្យដឹងថា ប្រទេសមានច្បាប់ ក្នុងនាមអាជ្ញាធរខេត្ត ត្រូវគោរព និងធ្វើទៅតាមច្បាប់ យើងមិនអាចធ្វើតាមអារម្មណ៍របស់ភាគីណាមួយ ដែលចង់បាន និងជំរុញឲ្យថ្នាក់ដឹកនាំខេត្តធ្វើការដោះស្រាយរាល់វិវាទ និងបញ្ហារបស់ពួកគាត់បានភ្លាមៗនោះទេ ។
លោកអភិបាលរងខេត្តបន្តថា ពីព្រោះថ្នាក់ដឹកនាំខេត្ត ផ្នែកដោះស្រាយទំនាស់ដីធ្លីមិនមែនមានតែរឿង 1 ឬក៏ 2 សម្រាប់ធ្វើការដោះស្រាយតែប៉ុណ្ណោះទេ គឺមានរឿងច្រើនណាស់ ដែលត្រូវដោះស្រាយជូនពលរដ្ឋដែលមានបញ្ហា ដូច្នេះប្រសិនបើមានការដោះស្រាយយឺតយ៉ាវ។ សូមឲ្យពលរដ្ឋដែលមានបញ្ហាទូទៅក្នុងខេត្តទាំងមូល មេត្តាយល់អធ្យាស្រ័យ និងរង់ចាំការកោះអញ្ជើញ ដើម្បីមកធ្វើការសម្របសម្រួលគ្នាទៅតាមផ្លូវច្បាប់ទើបប្រសើរ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ