ប្រភពព័ត៌មានខាងសន្តិសុខមួយគូសបញ្ជាក់កាលពីថ្ងៃទី៣០ តុលា ថា សរុបសមាជិកកុលសម្ព័ន្ធ និងប៉ូលិសមូលដ្ឋានដល់ទៅ២៥៥នាក់ត្រូវបានប្រហារជីវិតដោយពួករដ្ឋអ៊ិស្លាម បន្ទាប់ពីក្រុមជ្រុលនិយមនេះវាយដណ្តើមកាន់កាប់ភូមិ និងទីក្រុងទាំងឡាយនៃខេត្តអាល់អានបា នាភាគខាងកើតអីុរ៉ាក់ ។
ប្រភពនោះបន្តថា សាកសពរបស់សមាជិកកុលសម្ព័ន្ធស៊ុននីត និងប៉ូលិសមូលដ្ឋានដែលប្រយុទ្ធប្រឆាំងពួករដ្ឋអ៊ិស្លាម១៥០នាក់ត្រូវបានរកឃើញកប់ក្នុងរណ្តៅមួយនៅជ្រលងភ្នំតំបន់អាល់ប៊ូ អាលីអាល់ហ្សាស៊ីម ក្បែរក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្តអាល់អានបា ចម្ងាយប្រមាណជា១១០គីឡូម៉ែត្រពីទីក្រុងបាដាដ ។ សាកសពទាំងនេះភាគច្រើនជាសាកសពរបស់មនុស្សដែលពួករដ្ឋអ៊ិស្លាមចោទថា ចូលរួមជាមួយពួកជីវពល SAHOUA គាំទ្រដោយរដ្ឋាភិបាលអីុរ៉ាក់ ។ ពួក SAHOUA ក៏គេស្គាល់ផងដែរក្រោមឈ្មោះថា ក្រុមកុលបុត្រអីុរ៉ាក់ ។
ប្រភពដដែលនោះឱ្យដឹងទៀតថា មុននេះក្រុមរដ្ឋអ៊ិស្លាមប្រកាសពីការចាប់បានសមាជិកក្រុមសម្ព័ន្ធស៊ុននីត ALBOUNIMER ៧៥នាក់ក្នុងទីក្រុងហ៊ីត ដែលពួកគេកាន់កាប់ និងថាសមាជិកកុលសម្ព័ន្ធទាំងនោះត្រូវសម្លាប់ចោលដោយសាររួមសហការជាមួយកងកម្លាំងសន្តិសុខអីុរ៉ាក់ ប្រឆាំងពួករដ្ឋអ៊ិស្លាម ។ ការប្រហារជីវិតអ្នកទាំងនេះធ្វើឡើងបន្ទាប់ពីការប្រហារជីវិតសមាជិកកុលសម្ព័ន្ធដដែលនោះ៣០នាក់ទៀតពីសំណាក់ក្រុមរដ្ឋអ៊ិស្លាម ។
ពេលនេះក្រុមរដ្ឋអ៊ិស្លាមត្រួតត្រាជិត៨០% នៃខេត្តអាល់អានបា ហើយសាកល្បងរុលឆ្ពោះទៅកាន់ក្រុងបាដាដ ក៏ប៉ុន្តែការវាយបកជាច្រើនរបស់កងកម្លាំងសន្តិសុខ និងរបស់បណ្តាកងជីវពលស៊ីអីុត បានរុញច្រានពួកគេចេញពីតំបន់ភាគខាងលិចក្រុងបាដាដ ៕
ចែករំលែកព័តមាននេះ