រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងដឹកទំនិញមួយគ្រឿងបុកជាមួយម៉ូតូធុនធំមួយ គ្រឿងដួលអូសចូលក្រោមរថយន្តជាច្រើនម៉ែត្រ បង្កជាអណ្តាតភ្លើងឆេះទាំងរថយន្តសណ្តោងនិងម៉ូតូធុនធំយ៉ាងសន្ធោសន្ធៅ និងបណ្តាលឱ្យបុរសម្នាក់ជាប្រធានភូមិដំណាក់ធំ៥និងជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ជិតនិងរោងចក្រអុីខាង ផ្លូវវេងស្រេង កែងនិងផ្លូវផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ ឆេង ឆាន ភេទប្រុស អាយុ៦៤ឆ្នាំ ជាប្រធានភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាអ្នកបើកបរម៉ូតូធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា អែហ្វហ្សិត (yamaha FZ)។ ចំណែករថយន្តសណ្តោងដឹកទំនិញមួយគ្រឿងជិះគ្នា២នាក់ មិនស្គាល់ម៉ាក និងស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានជិះម៉ូតូធុនធំមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងផ្លូវចូលទៅច្រកផ្សារដីថ្មី គាប់ជួនពេលនោះដែរ ស្រាប់តែមានបុរសម្នាក់ រួមនឹងនារីម្នាក់ទៀតជិះក្នុងរថយន្តសណ្តោងដឹកទំនិញមួយគ្រឿង ធ្វើដំណើរតាមផ្លូវវេងស្រេង ក្នុងទិសដៅ បញ្ច្រាសគ្នា ក៏ជ្រុលទៅបុកម៉ូតូ បណ្តាលឱ្យម៉ូតូដួលអូសចូលទៅចូលក្រោមរថយន្ដចម្ងាយប្រមាណ៥ម៉ែត្រ បង្កជាអណ្ដាតភ្លើងឆេះឡើងសន្ធោសន្ធៅតែម្តង ។

តាមប្រភពព័ត៌ដដែលបានបន្តថា ភ្លាមៗនោះដែរ នៅពេលដែលរថយន្តនិងម៉ូតូកំពុងត្រូវភ្លើងឆាបឆេះ អ្នកបើកបររថយន្តបានចុះពីលើរថយន្តជួយទាញយកជនរងគ្រោះចេញពីក្រោមរថយន្តទាំងសភាពរបួសធ្ងន់ធ្ងរ រួចហើយក៍បានហៅរថយន្តសង្គ្រោះអោយមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន បន្ទាប់មកអ្នកបើកបររថយន្តក៏បានគេចខ្លួនបាត់តែម្តង ។

ក្នុងហេតុការណ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់អស់ជាច្រើនបំពង់នៅតែមិនរលត់ ក៏បានទំនាក់ទំនាក់ទំនងហៅសមត្ថកិច្ចនិងសុំជំនួយរថយន្ដពន្លត់អគ្គីភ័យចេញមកអន្តរាគមន៍ចំនួន៣គ្រឿង រួមមានរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញចំនួន២គ្រឿង និងរថយន្តរបស់បញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន១គ្រឿង បានសហការគ្នាបាញ់ពន្លត់អស់ទឹក៣រថយន្ដ ទើបភ្លើងបានរលត់ជាស្ថាពរ ប៉ុន្តែទម្រាំអណ្តាតភ្លើងរលត់អស់ទាំងស្រុង ម៉ូតូនិងក្បាលរថយន្ដសណ្តោងត្រូវបានភ្លើងឆេះរងការខូចខាតអស់ទាំងស្រុងផងដែរ។

ក្រោយពេលកើតហេតុ គេឃើញមានកម្លាំងសមត្ថកិច្ចដែលពាក់ព័ន្ធបានចុះទៅពិនិត្យកន្លែងកើតហេតុ ហើយបានយកគ្រោងឆ្អឹងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយជាបន្តទៀត ៕ (កែសម្រួលដោយ ៖ ធីតា)




ចែករំលែកព័តមាននេះ