ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​រក​នឹកឃើញ! ​ផ្ទះ​លក់​បាយដាក់ស្លាកយីហោ​​ប្លែកពីគេ គួរ​ឱ្យ​​ចាប់អារម្មណ៍ (មាន​​វីដេអូ​)

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖​ ស្លាក​យីហោ​ផ្ទះ​លក់​បាយ​មួយ​កន្លែង​ឈ្មោះ «​ផ្ទះ​អ្នក​ផឹក​» កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ និង​ស​រ​សើ​រថា អ្នកលក់​បាយ បបរ គុយទាវ លក់​ស្រាថ្នាំ​…

ខេត្តកំពង់ស្ពឺ​ ៖​ ស្លាក​យីហោ​ផ្ទះ​លក់​បាយ​មួយ​កន្លែង​ឈ្មោះ «​ផ្ទះ​អ្នក​ផឹក​» កំពុង​ត្រូវ​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ និង​ស​រ​សើ​រថា អ្នកលក់​បាយ បបរ គុយទាវ លក់​ស្រាថ្នាំ​ និង​គ្រឿងក្លែម​ខ្នាត​តូច​មួយ​នេះ​ ចេះ​រក​នឹកឃើញ​អំ​ពី​ការ​រៀបចំ​ពាក្យពេចន៍​ និង​ខ្លឹមសារ​នៅ​ក្នុង​ស្លាក​យីហោ​នោះ​បាន​ល្អ​ ថ្វី​ដ្បិតតែ​មិនល្អ​ណាស់ណា ប៉ុន្តែ​ប្លែក​ពី​គេឯង ។

អ្នក​ដែល​បានឃើញ​ស្លាក​យីហោ​ខាងលើ​នោះ​មួយ​ចំនួន​បាន​លើក​ឡើង​ថា អក្សរ​២​បន្ទាត់​ខាងក្រោម​បាន​បង្កប់​នូវ​អត្ថន័យ​អប់រំ​មួយ​ដល់​អ្នក​ផឹក​សុ​ី​ដូច​ជា​ពាក្យ​ថា​ «​ផឹកស្រា​ច្រៀង​រាំ​មួយ​ឆាកជីវិត​មាន​ប៉ុន្មាន​ដង​»​និង​ពាក្យ​ថា​ «​មុន​នឹង​ពិសា​ស្រា​ សូម​គិតដល់​ប្រពន្ធ​និង​កូន​ជា​មុន​សិន​»​ជាដើម​ ។ ​ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នក​មួយ​ចំនួន ​គ្រាន់តែ​ក្រឡេក​ឃើញ​ពាក្យ​ខាងលើ​ ដែលគេ​ដាក់​ថា «​ផ្ទះ​អ្នក​ផឹក​»​ក៏​បានការ​រិះគន់​ថា​ មិន​សមរម្យ​តែ​ម្ដង ដោយ​ពួក​គាត់​មិន​បាន​មើល​នូវ​អត្ថន័យ​អប់រំ​នៅ​ពី​ខាងក្រោម​ឡើយ​។​

ផ្ទះ​លក់​បាយ​ យីហោ​ «​ផ្ទះ​អ្នក​ផឹក​»​ ខាងលើ​នោះ​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៥ ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គង​ពិសី ខេត្តកំពង់ស្ពឺ​ ​​។ ចំណែក​​ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ នាង សែត អាយុ​៣០ឆ្នាំ ត្រូវជា​ប្តី​ និង​ប្រពន្ធ​ឈ្មោះ ប៊ុ​ន សុខ​ឡា អាយុ​៣៣​ឆ្នាំ​ ពួក​គាត់​មានមុខ​របរ​លក់​បាយ បបរ គុយទាវ ស្រាថ្នាំ​និង​គ្រឿងក្លែម​ និង​មានកូន​ម្នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ​។

បើ​សិនលោកអ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៤១ ចេញពី​ផ្សារ​ថ្នល់ទទឹង​ក្នុងស្រុក​អង្គស្នួល ​ខេត្តកណ្ដាល ​ព្រំប្រទល់​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ទៅ​ដល់​ផ្សារស្លាប​លែង​ ហើយ​បត់​ឆ្វេង​តាម​ផ្លូវ​លេខ​១៤៥ ចម្ងាយ​ប្រហែល​៦​ទៅ​៧​គីឡូម៉ែត្រ​ និង​បាន​​ឃើញ​ផ្ទះ​លក់​បាយ​ដែល​មានដាក់​​ស្លាក​យីហោ​ «​ផ្ទះ​អ្នក​ផឹក​»​នោះ ​ស្ថិត​នៅ​ខាងឆ្វេង​ដៃ​ជា​មិន​ខាន​ ។

​នៅ​ខាងក្រោម​ស្លាកយីហោ​ដែល​មាន​ពាក្យ «​ផ្ទះ​អ្នក​ផឹក​»​នោះ​ ក៏​មាន​សរសេរ​អក្សរ​ចំនួន​៦​បន្ទាត់​ផ្សេង​ទៀត​ដែរ ​ក្នុង​នោះ​យើង​ឃើញ​បន្ទាត់​ទី​១-​បាន​សរសេរ​ថា មាន​លក់​ស្រាថ្នាំ​គ្រប់​ប្រភេទ​, ​បន្ទាត់​ទី​២-បាន​សរសេរ​ថា ពេល​ព្រឹក​-​លក់​បាយ គុយទាវ និង​បបរ, ​បន្ទាត់​ទី​៣-សរសេរ​ថា ថ្ងៃត្រង់​លក់​-​បាយ​សម្លរ​,​បន្ទាត់​ទី​៤-សរសេ​ថា ពេល​ល្ងាច​លក់​-​បាយ​សម្លរ និង​គ្រឿងក្លែម បន្ទាប់​មក​មាន​ដាក់​លេខ​ទូរស័ព្ទ​២​ខ្សែ​នៅ​ពីក្រោម​, ​បន្ទាត់​ទី​៥​-សរសេរ​ថា ផឹកស្រា​ច្រៀង​រាំ​មួយ​ឆាកជីវិត​មាន​ប៉ុន្មាន​ដង​ និង​បន្ទាត់​ទី​៦-បាន​សរសេរ​ថា មុន​និង​ពិសា​ស្រា​ សូម​គិតដល់​ប្រពន្ធ​និង​កូន​ជា​មុន​សិន​។​

ប៉ុន្តែ​ប្រសិនបើ​លោក​អ្នក​ធ្វើ​ដំណើរ​ទៅ​តាម​ផ្លូវជាតិ​លេខ​៣​វិញ ​ចេញពី​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​​ក្នុង​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ទៅ​ដល់​ផ្សារ​ស័ង្កសី​ ក្នុង​ខេត្តតាកែវ រួច​បត់​ស្ដាំ​ដៃ​ចូល​ទៅ​តាម​ផ្លូវ​លេខ​១៤៥​ដូច​គ្នា​​ មាន​​ចម្ងាយ​ប្រហែល​៥​ទៅ​៦​គីឡូម៉ែត្រ​នោះ លោក​អ្នក​និង​បាន​ទៅ​ដល់​មិត្រ​ពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​ពង​ពិសី ហើយ​បានឃើញ​ស្លាក​យីហោ​នេះ​នៅ​ខាងស្ដាំ​ដៃ​ជាក់​ជា​មិន​ខាន​ឡើយ​។

លោក នាង សែត ជា​ម្ចាស់​ផ្ទះ​លក់​បាយ​ យីហោ​ «​ផ្ទះ​អ្នក​ផឹក​»​ ខាងលើ​បាន​រៀបរាប់​ប្រាប់​ថា ​គាត់​​និង​ប្រពន្ធ​បាន​ប្រកប​របរ​លក់​បាយ បបរ គុយទាវ ស្រាថ្នាំ​ និង​គ្រឿងក្លែម​ខ្នាត​តូច​មួយ​នេះ​រយៈពេល​២​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ទើបតែ​លើក​ស្លាក​យីហោ​ខាងលើ​នេះ​បាន​រយៈពេល​៦​ខែ​តែ​ប៉ុណ្ណោះ ហើយ​ឈ្មោះ​កន្លែង​លក់​បាយ​ និង​ពាក្យពេចន៍​ដ​​ទៃ​ៗ​ទៀត​នៅ​ក្នុង​ស្លាក​នេះ ​គឺ​​គាត់​​ជា​អ្នក​រៀបចំ​ធ្វើ​ឡើង​ដោយ​គំនិត​ខ្លួនឯង ហើយ​គំនិត​នេះ ​បន្ទាប់​ពី​​គាត់​​មើលឃើញ​អ្នក​ភូមិ​តែង​ប្រមូលផ្ដុំ​គ្នា​ផឹកស្រា​ថ្នាំ ទើប​គាត់​មាន​បំណង​ធ្វើ​អ្វី​ឲ្យ​ប្លែក និង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អតិថិជន​ទូទៅ​ផង ហើយ​ក៏​ដើម្បី​ជា​ការ​អប់រំ​ដល់​បងប្អូន​ដែល​និយម​ផឹកស្រា​ទាំងនោះ​ផង​ដែរ កុំ​ឲ្យ​ពួក​គាត់​ផឹក​រហូត​ភ្លេច​ធ្វើ​ការងារ​ផ្ទះ បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ជា​ពិសេស​ភ្លេច​គិត​ពី​ប្រពន្ធ​កូន​ដែល​នៅ​ចាំ​ឯ​ផ្ទះ​ជាដើម​។​

បុរសជា​ម្ចាស់​ផ្ទះលក់បាយ​ខាងលើបានបន្ត​ថា ជាង​នេះ​ទៀត ​ថ្វី​ដ្បិតតែ​ដាក់​ឈ្មោះ​ថា​«​ផ្ទះ​អ្នក​ផឹក​»​ក៏​ពិតមែន ​ប៉ុន្តែ​ការ​លក់ដូរ រាល់ថ្ងៃ​សំខាន់​បំផុត​គឺ​ផ្ដោត​ទៅ​លើ​ការ​លក់​បាយ គុយទាវ និង​បបរ​ជា​ធំ​ទៅ​វិញ​ទេ ហើយ​ក៏​មាន​អ្នកខ្លះ​ពេល​ដែល​បាន​មើល​ស្លាក​យីហោ​នោះ​ពី​ដើម​ដល់​ចប់​បាន​ស​រសើ​រថា គាត់​​ចេះ​មានគំនិត​ច្នៃប្រឌិត​សរសេរ​សារ​អប់រំ​ដល់​អ្នក​ផឹក ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ក៏​មាន​អ្នកខ្លះ​ទៀត​ធ្វើការ​រិះគន់​ថា​មិន​សមរម្យផង​​ដែរ ដោយ​ពួក​គាត់​ទាំងនោះ​មិន​បាន​មើល​នូវ​អត្ថន័យ​អប់រំ​ខាងក្រោម​ឡើយ គ្រាន់តែ​ឃើញ​សរសេរ​ថា​ ផ្ទះ​អ្នក​ផឹក​ ក៏​រិះគន់​ភ្លាម​តែ​ម្ដង​។

បុរសជា​ម្ចាស់​ផ្ទះលក់បាយ​ខាងលើបាន​បញ្ជាក់​បន្ថែម​ថា ចំណែក​ស្រាថ្នាំ​ដែល​គាត់​​លក់​មាន​ច្រើន​មុខ​ដូច​ជា​ស្រាថ្នាំ​ស​សៃ​ខ្ចី ថ្នាំ​ទាស់ ថ្នាំ​សរ​សៃ ថ្នាំ​ឈឺ​ឆ្អឹង​ជាដើម​ដែល​ថ្នាំ​ទាំងនោះ​គឺគាត់​​ទិញ​មក​ពី​ខេត្តកំពង់ធំ ហើយ​​គាត់​​បាន​យក​វា​ត្រាំ​ស្រា​ទុក​ក្នុង​រយៈពេល​២​ទៅ​៣​ខែ ទើប​ដាក់​លក់​ ។ ​មិនតែប៉ុណ្ណោះ ​គាត់​​លក់​មាន​កំណត់ ប្រសិនបើ​អ្នក​ផឹក​ទិញ​យក​ទៅ​ផឹក​នៅផ្ទះ​ ឬ​ទៅ​អង្គុយ​ផឹ​ក​នៅ​នឹង​ផ្ទះ​របស់​​គាត់ ​គឺ​១​ក្រុម​គ្នា​៤​ទៅ​៥​នាក់​​ គាត់​​លក់​ឲ្យ​ត្រឹមតែ​១​លី​ត្រ​កន្លះ​ប៉ុណ្ណោះ​ មិន​លក់​ឲ្យ​លើស​ពី​នេះ​ទេ​ ព្រោះ​ខ្លាច​ផឹក​ច្រើន​ស្រវឹង​ធ្លាក់​ភ្នែក​ជួប​បញ្ហា​ផ្សេង​ៗ​ ជា​ពិសេស​គ្រោះថ្នាក់​ចរាចរ​កើតឡើង​ជាយថាហេតុ​។

បុរសជា​ម្ចាស់​ផ្ទះលក់បាយ​ខាងលើបាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា គាត់​បាន​ចាប់​លក់​ពី​ម៉ោង​៥​ព្រឹក​ជួនកាល​ដល់​ម៉ោង​១០​យប់​ទើបបាន​ឈប់​សម្រាក​ ហើយ​ភាគច្រើន​អ្នកទិញ​គឺ​កុម្ម៉ង់​ឲ្យ​ខ្ចប់​ ជា​ពិសេស​ក្រុម​កម្មករ​នៅ​ការដ្ឋាន​សំណង់​ជិត​នោះ ចំណែក​ការ​លក់ដូរ​នេះ​មិន​ទៀងទេ​ ជួន​បាន​តិច​និង​ជួន​ក៏​បាន​ច្រើន ដោយ​កាលពី​អំឡុង​មុន​ពេល​​ផ្ទុះ​​ជម្ងឺ​កូ​វី​ដ១៩ គាត់​អាច​លក់​បាន​ក្នុង​១​ថ្ងៃ​៦០​ម៉ឺន​រៀល ។​ ប៉ុន្តែ​ចាប់តាំងពី​ជម្ងឺ​កូវីដ​១៩នេះ​​ផ្ទុះ​ឡើង​ គឺ​ក្នុង​១​ថ្ងៃ​គាត់​លក់​បាន​ត្រឹម​៣០​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ព្រោះតែ​អ្នក​ភូមិ​សូវ​មាន​លុយ​ ធ្វើ​ឲ្យ​ស្ងាត់​មិនសូវ​មាន​អ្នកទិញ​ និង​ចូល​ហូប ទើប​ចំណូល​មានការ​ថយ​ចុះ​ទៅ​តាម​នោះ​ដែរ​។​ ​ដោយឡែក​ ​ចំពោះ​ស្រាថ្នាំ​ គឺ​គាត់​បើក​លក់​ចាប់ពី​ព្រឹក​រហូត​ដល់​វេលា​ម៉ោង​៥​ទៅ​៦​ល្ងាច​គឺ​ឈប់​លក់​ហើយ មិន​លក់​ឲ្យ​លើស​ពី​នេះ​ឡើយ​ ។

ជា​ចុងក្រោយ បុរស​​ជាម្ចាស់​ផ្ទះលក់បាយ​​និង​ប្រពន្ធ​បាន​អំពាវ​នា​សុំ​ឲ្យ​អតិថិជន​ទាំងអស់​ជួយ​គាំទ្រ​ដល់​ពួក​គាត់​ជា​បន្ត​ទៀត​ផង​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ