ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ម៉ាស៊ីន​ខួង​ពិនិត្យ​ភ្លាម​ៗ កុំ​ឲ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ផ្លូវ ចាក់​ស្ដើង​ស៊ី​ក្រាស់

3 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​ខួង…

ខេត្តព្រៃវែង ៖ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​ថា ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ដោយ​ប្រើ​ម៉ាស៊ីន​ខួង មើល​គុណភាព​ផ្លូវ​លេខ​១១ គឺ​មានគុណ​ភាព​តាម​ស្តង់ដា និង​គោរព​តាម​លក្ខណៈ​បច្ចេកទេស និង​សៀវភៅ​បន្ទុក គឺ​មិនមែន​«​ចាក់​ស្ដើង​ស៊ី​ក្រាស់ ចាក់​ក្រាស់​ស៊ី​ស្តើង​»​ឡើយ ។

ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល មាន​ប្រសាសន៍​បែប​នេះ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ឱកាស​ចុះ​ពិនិត្យ​វឌ្ឍនភាព ការងារ​សាងសង់​ផ្លូវជាតិ​លេខ​១១ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ជំនាញ តំណាង​ក្រុមហ៊ុន​សាងសង់ តំណាង​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ដល់​ក្រុមហ៊ុន​សាងសង់​ទាំងឡាយ ប្រសិនបើ​មិន​ចង់​សាងសង់​ឡើង​វិញ ឬ​ចូល​ក្នុង​បញ្ជីខ្មៅ​ទេ ត្រូវ​សាងសង់​គោរព​តាម​បទដ្ឋាន​បច្ចេកទេស និង​សៀវភៅ​បន្ទុក​ជា​ដាច់ខាត ។

ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា គោលបំណង​នៃ​ការ​ចុះ​ពិនិត្យ​នេះ គឺ​ដើម្បី​មើល​ចំណុច​ខ្វះខាត​ដែល​នៅ​សេសសល់ ក៏​ដូច​ជា​បញ្ហា​បច្ចេកទេស​មួយ​ចំនួន ទាក់ទង​នឹង​ការ​សាងសង់ ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ធ្វើការ​កែសម្រួល​បំពេញបន្ថែម​លក្ខណៈ​បច្ចេកទេស ឱ្យ​បាន​ត្រឹមត្រូវ និង​ស្រប​តាម​សៀវភៅ​បន្ទុក សំដៅ​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មាន គុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង ។

សូម​ជម្រាប​ថា ផ្លូវ​នេះ​មាន​ប្រវែង​សរុប​៩៦​គីឡូម៉ែត្រ ក្នុង​នោះ​រួម​មាន ៖ ផ្លូវ​មេ​ប្រវែង ៨៦,៨០៨ គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង ក្រុង​ព្រៃវែង​ប្រវែង ៩,១៩៤​គីឡូម៉ែត្រ ចាប់ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​លេខ​៤ ឃុំ ព្រែក​ខ្សាយ​-​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ ស្លាប ក្តោង ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ក្រាល​បេតុង​កៅស៊ូ AC កម្រាស់ ៥​សង់ទីម៉ែត្រ ទទឹង​តួ​ផ្លូវ ១១ ម៉ែត្រ និង​បំពាក់​ដោយ​ផ្លា​កស​ញ្ញាចរ​ចរណ៍ គូស​គំនូស ចរាចរណ៍ បង្គោលគីឡូម៉ែត្រ និង​បង្គោល​សុវត្ថិភាព​តាម​ដងផ្លូវ​ផង​ដែរ ។

ផ្លូវ​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ត្រួតពិនិត្យ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្វា​ង​ចូ​វ​វ៉ា​ន​អាន (WACC) ចំណាយ​ទឹកប្រាក់​ចំនួន ៩៨.៣៨៨.០០០ ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំណាយ​រយៈពេល​សាងសង់​ចំនួន​៤៤​ខែ គិត​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៧ និង​គ្រោង​បញ្ចប់​នៅ​ចុង ឆ្នាំ​២០២០ ។ គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២០ ផ្លូវ​នេះ សម្រេច​បាន ៩១,១៤​ភាគរយ​ហើយ​។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​បាន​ផ្ដាំផ្ញើ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំងអស់​ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ថែរក្សា​សម្បត្តិ​ជាតិ​យើង ជា​ពិសេស​អ្នក​ដែល​មាន​លំនៅ​ឋាន​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ សូមកុំ​បំពាន​ដី​ចំណី​ផ្លូវ ត្រូវ​គោរព​តាម​ច្បាប់ និង​មិន​ត្រូវ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់​ឡើយ ព្រោះ​កំណត់​ផ្លូវ​នេះ​ជា​កំណត់​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​មួយ ដែល ចាំបាច់​ត្រូវ​ពង្រីក ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​បន្ថែម​ទៀត​រវាង​ខេត្តព្រៃវែង និង​ខេត្ត​ត្បូងឃ្មុំ ៕

https://www.facebook.com/mpwt.gov.kh/videos/532793614027477/?epa=SEARCH_BOX

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ