ខេត្តព្រះសីហនុ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២ ឧសភា ២០២០ ដោយមានប្តីប្រពន្ធជនជាតិចិន២នាក់ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតនៅក្នុងបន្ទប់ទឹកផ្ទះជួលមួយកន្លែង ក្នុងភូមិវាលធំឃុំវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុ ស្ថិតក្នុងស្ថានភាពអាថ៌កំបាំង ដោយសពបុរសជាប្ដីបាត់បង់ជីវិតក្នុងស្ថានភាពលត់ជង្គង់ផ្អែកនឹងកៅអីទ្រេតផ្ងារក្រោយ រីឯសពប្រពន្ធបាត់បង់ជីវិតក្នុងស្ថានភាពអង្គុយលើកៅអីបញ្ឆិតទល់ខ្នងគ្នា ។
ក្រោយពីមានករណីភ្ញាក់ផ្អើលខាងលើរួចមក កម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រៃនប់សហការជាមួយកម្លាំងជំនាញពិនិត្យកន្លែងកើតហេតុមកពីខេត្តព្រះសីហនុ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានភូមិឃុំផងនោះបានចុះពិនិត្យនៅចំណុចកើតហេតុខាងលើ តែយ៉ាងណាកម្លាំងជំនាញខេត្តមិនអាចទាន់ពិនិត្យបាននៅឡើយទេ ដោយសារស្ថានភាពទីតាំងកើតហេតុចង្អៀត(ក្នុងបន្ទប់ទឹក)និងអាថ៌កំបាំង ។
តាមប្រភពពីសមត្ថកិច្ចបានដឹងថា ដើម្បីជាក់ច្បាស់នឹងរក្សាការវាយតម្លៃច្បាស់លាស់ទៅលើសាកសព សមត្ថកិច្ចជំនាញបានទំនាក់ទំនងទៅខាងនាយកដ្ឋានដើម្បីចុះមកពិនិត្យសាកសពប្ដីប្រពន្ធ ។
តាមប្រភពដដែលបានបន្តថា រហូតព្រលប់ថ្ងៃដដែល ក្រោយការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីកម្លាំងជំនាញនាយកដ្ឋានរួចបានពិនិត្យឃើញថា សពជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធបានបាត់បង់ជីវិតក្នុងករណីឃាតកម្ម ដោយស្ថានភាពសាកសពទាំងពីរមានស្នាមជាំកដៃទាំងពីរនាក់ (ដូចដាក់ខ្នោះដៃ) ហើយយកវត្ថុរឹងស្រួចចាក់ពីលើក្បាលជនរងគ្រោះច្រើនកន្លែង មិនត្រឹមតែប៉ុណ្ណោះ ជនសង្ស័យអាចកាច់កបំបាក់ជនរងគ្រោះបន្ថែមទៀត ទើបបណ្ដាលឲ្យបាត់បង់ជីវិតភ្លាមតែម្ដង ។
តាមប្រភពដដែលបានបន្តថា ឆ្លងកាត់ការធ្វើកោសល្យវិច្ច័យបានរកឃើញថា ជនរងគ្រោះឈ្មោះ PENG ZHIMING ភេទប្រុស អាយុ៤៣ឆ្នាំ (ត្រូវជាប្តី) មុខរបរលក់ដូរ កាន់លិខិតឆ្លងដែនលេខ EP 93055303 បានរងរបួសចំនួន៨កន្លែង (ផ្នែកក្បាល៤កន្លែង, ឆ្អឹងជំនីរ១កន្លែង, កដៃស្តាំ១កន្លែង, កដៃឆ្វេង១កន្លែង, និងស្នាមច្របាច់ក១កន្លែង ) ។ ចំណែកប្រពន្ធឈ្មោះ CHEN YE QING អាយុ៣២ឆ្នាំ មិនស្គាល់លេខលិខិតឆ្លងដែន បានរងរបួសចំនួនរបួសចំនួន៦កន្លែង ( ផ្នែកក្បាលចំនួន៣ កន្លែង, លើឆ្អឹងដងកាំបិតខាងស្តាំ២កន្លែង, ក្រោមដោះខាងស្តាំ១កន្លែង និងស្នាមកដៃស្តាំ១កន្លែង) ។ ចំពោះស្លាកស្នាមនៅលើសពជនរងគ្រោះទាំង២នាក់នេះត្រូវបានជនសង្ស័យប្រើនូវវត្ថុរឹង ។ ចំណែកវត្ថុតាងចាប់យកនៅកន្លែងកើតហេតុគ្មាន ។
តាមប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធស្នាក់នៅផ្ទះជួលក្នុងភូមិឃុំកើតហេតុខាងលើ ហើយម្ចាស់ផ្ទះជួលបានប្រាប់ថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធខាងលើនេះបានជួលស្នាក់នៅតាំងពីដើមខែកញ្ញា ឆ្នាំ២០១៩មកម៉្លេះ និងបានធ្វើកិច្ចសន្យាជួលជាផ្លូវការកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ ដោយមានបើកជាកន្លែងលក់បាយនិងលក់ដូរផ្សេងៗទៀតផងដែរ ។
យោងតាមសេចក្តីសន្និដ្ឋានជាជំហានដំបូងបានបញ្ជាក់ថា ករណីខាងលើនេះជាករណីឃាតកម្ម (អាចគំនុំ ) ជនសង្ស័យអាចមានចំនួនចាប់ពី៣នាក់ទ្បើងទៅ ។
ចំពោះសពជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានប្រគល់ជូនការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នាយកកដ្ឋាននគរបាលបច្ចេកទេសកោសល្យវិច្ច័យក្រសួងមហាផ្ទៃដើម្បីបន្តនីតីវិធីទុកជូនក្រុមគ្រួសារជនរងគ្រោះដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ករណីខាងលើនេះ កំលាំងជំនាញ និងកំលាំងនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងសកម្មដើម្បីតាមចាប់ខ្លួនជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ