ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គម​ស៊ី​វិល​សុំ​ឱ្យ​ព្យួរ​បំណុល​មីក្រូហិរញ្ញវត្ថុ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​ជូន​ម្ចាស់ទ្រព្យ​វិញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ក្នុង​រយៈ​ពីរ​បី​ខែ​ចុង​ក្រោយ នេះ​គេ​សង្កេត​ឃើញ​អង្គការ​លី​កាដូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី «​បំណុល​មីក្រូ ហិរញ្ញវត្ថុ​គួរ​ត្រូវ​បាន​ព្យួរ និង​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ​កំឡុង​ពេល​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្ពុជា​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ ១៩ ក្នុង​រយៈ​ពីរ​បី​ខែ​ចុង​ក្រោយ នេះ​គេ​សង្កេត​ឃើញ​អង្គការ​លី​កាដូ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ស្តី​ពី «​បំណុល​មីក្រូ ហិរញ្ញវត្ថុ​គួរ​ត្រូវ​បាន​ព្យួរ និង​ប្រគល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ម្ចាស់ទ្រព្យ​វិញ​កំឡុង​ពេល​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ ១៩» ។

តែ​សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញ វត្ថុ​នៅ​កម្ពុជា​ឆ្លើយ​តប​ថា​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ី​វិល​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្តែង​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ដែល ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ លើស​ពី​នេះ​អ្នក​សេដ្ឋកិច្ច​យល់​ថា ការ​ស្នើរ​សុំ​របស់ សង្គម​ស៊ី​វិល​នេះ​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ​នោះ​ទេ ហើយ​អាច​បង្ក​ហានិភ័យ​ដល់​វិស័យ ហិរញ្ញវត្ថុ​ទាំងមូល ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លី​កាដូ​កាលពី​ថ្ងៃ​ទី ២៧​ខែមេសា ឆ្នាំ ២០២០ បានឱ្យ​ដឹង​ថា «​កន្លង​មក​រាជរដ្ឋាភិបាល​មាន​វិធានការ​មួយ​ចំនួន​រួច​មក​ហើយ ។ យើងខ្ញុំ សូម​សំណូមពរ​បន្ថែម​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ពិចារណា ដើម្បី​ធានា​ថា គ្រឹះស្ថាន​មីក្រូ​ហិ រញ្ញ​វត្ថុ ឆាប់​ផ្អាក​ការ​សង​ប្រាក់​កម្ចី និង​ការ​ប្រាក់​ទាំងអស់​យ៉ាងតិច​ណាស់​ចំនួន ៣​ខែ និង ប្រគល់​ជូន​ម្ចាស់ទ្រព្យ​វិញ​នូវ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​រាប់​លាន​ប្លង់​ពាក់ព័ន្ធ​នឹង​កម្ចី​ខ្នាត​តូច ដែល បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​ជា​ទ្រព្យ​ធានា (​បញ្ចាំ​) ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​» ។

សេចក្តីថ្លែងការណ៍​ដដែល​លើក​ឡើង​ថា វិធានការ​ទាំងនេះ គឺ​មាន​ភាព​ចាំបាច់​ដើម្បី​ធានា ថា​ប្រជាពលរដ្ឋ​អាច​បន្ត​រស់នៅ​ក្នុង​ពេល​មា​នវ​ប​ត្តិ​នេះ ដោយ​គ្មាន​ហានិភ័យ​ចំពោះ​សុខ ភាព ឬ​លំនៅ​ឋាន​របស់​អ្នក​ទាំងនោះ និង​អាច​បញ្ចៀស​ពី​កម្ចី​ឥណទាន​មាន​ហានិភ័យ ដែល​អាច​នាំ​ឱ្យ​កើត​មាន​ករណី​ធ្វើការ​ដោះបំណុល ការ​ជួញដូរ​មនុស្ស និង​ការ​រំលោភសិទ្ធិមនុស្ស​ដទៃ​ទៀត ។

បន្ទាប់​ពី​លី​កាដូ​ចេញ​សេចក្តីថ្លែងការណ៍​បាន​មួយ​ថ្ងៃ ពោល​នៅ​ថ្ងៃ​ទី ២៧​ខែមេសា​នេះ​គេ ឃើញ​សមាគម​ធនាគារ​នៅ​កម្ពុជា និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី ថ្លែងការណ៍​ជា​សាធារណៈ​មួយ​ក្នុង​ន័យ​ឆ្លើយ​តប​ទៅ​អង្គការ​លី​កាដូ​កាលពី​ថ្ងៃ​ទី ២៨​ខែ មេ​សា ឆ្នាំ ២០២០ ។

បើ​យោង​តាម​សេចក្តីថ្លែងការណ៍​រួម​គ្នា​របស់​សមាគម​ធន​គារ​នៅ​កម្ពុជា និង​សមាគម​គ្រឹះ ស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បានឱ្យ​ដឹង​ថា​នា​ពេល​ថ្មី​ៗ​នេះ មានការ​ចេញផ្សាយ​នូវ​របាយ​ការ ណ៍​អំពី​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ របស់​ស្ថាប័ន សង្គម​ស៊ី​វិល​មួយ ដោយ​មិន​បាន​ឆ្លុះ​បញ្ចាំង​អំពី​ស្ថានភាព​ជាក់ស្តែង បណ្តាល​ឲ្យ​មាន​ផល ប៉ះពាល់​ដល់​វិស័យ ធនាគារ និង​ហិរញ្ញវត្ថុ ដែល​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ចជាតិ​ទាំងមូល ។

ឆ្លើយ​តប​នឹង​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ី​វិល ដែល​គ្មាន​ស្មារតី​ទទួលខុសត្រូវ​នោះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សូម​ធ្វើការ​បញ្ជាក់​ថា គ្រឹះ ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បាន​និង​កំពុង​អនុវត្ត​យ៉ាង​ពេញលេញ នូវ​គោលនយោបាយ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្រសួង​សា​ម៉ី​ពាក់ព័ន្ធ ក៏​ដូច​ជា​ការ​ណែនាំ របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាណាព្យាបាល ដើម្បី​ធានា និង​ការពារ​បាន​គ្រប់​ភាគី ពាក់ព័ន្ធ រួម​ទាំង​វិស័យ​ទាំងមូល ដោយ​គ្មាន​ភាព​ចាំបាច់ ក្នុង​ការ​អនុវត្ត​តាម​ការ​ស្នើ​សុំ​ដោយ ខ្វះ​ការ​សិក្សា​ត្រឹមត្រូវ​តាម​និយាម​បច្ចេកទេស​របស់​ស្ថាប័ន​ដែល​មិន​ពាក់ព័ន្ធ ឬ​ជំរុញ​ឲ្យ​មាន ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ ។

សេចក្តីថ្លែងការណ៍​រួម​ពី​សមាគម​ទាំង​ពីរ​ខាងលើ​សង្កត់ធ្ងន់​ថា «​ការ​លើក​ឡើង​របស់​ស្ថាប័ន សង្គម​ស៊ី​វិល ពាក់ព័ន្ធ​នឹង​ទ្រព្យ​ធានា​កាតព្វកិច្ច​បំណុល​ដែល​ជា​ការ​អនុវត្ត​ទូទៅ​លើស​កល លោក និង​ជា​ការ​ទទួលខុសត្រូវ​ដោយ​ផ្ទាល់​របស់​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ គឺ​កំពុង​តែ ជំរុញ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​សេដ្ឋកិច្ចជាតិ ។ ម្យ៉ាងវិញទៀត អនុសាសន៍​របស់ អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន កំពុង​តែ​ជំរុញ​ឲ្យ​សេដ្ឋកិច្ចជាតិ​រង​នូវ​ផល​ប៉ះពាល់​បន្ថែម ទៀត ដោយ​បង្ក​ឲ្យ​បាត់បង់​នូវ​ជំនឿ​ទុកចិត្ត​ពី​សំណាក់​អ្នក​ដាក់​ប្រាក់​បញ្ញើ មាន​ទាំងមូល និ​ធិ​របស់​ស្ថាប័ន​សាធារណៈ ឯកជន និង​របស់​អង្គការ​សង្គម​ស៊ី​វិល​ខ្លួនឯង​ផង​ដែរ ។ លើស ពី​នេះ​ទៀត ស្ថាប័ន​សង្គម​ស៊ី​វិល​ទាំងនោះ គួរតែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់​ថា ទ្រព្យ​ធា នា​មិនមែន​ជា​កម្មវត្ថុ​ក្នុង​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​របស់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នោះ ទេ​» ។

ពាក់ព័ន្ធ​និង​ការ​លើក​ឡើង​ក៏​ដូច​ជា​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ី​វិល​នេះ បើ​តាម​លោក ង៉ែត​ជូ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​បាន​សរសេរ​ផុស​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា ថ្មី​ៗ​នេះ អង្គការ​សង្គម​ស៊ី​វិល​សុំ​ឱ្យ​គ្រឹះស្ថាន​ធនាគារ និង​ស្ថាប័នហិរញ្ញវត្ថុ​ពន្យារ​ការ​សង ប្រាក់​កម្ចី​រយៈពេល ៣​ខែ និង​ប្រគល់​ទ្រព្យ​ធានា (​ប្លង់​អចលនទ្រព្យ​បញ្ចាំ​) ជូន​អតិថិជន វិញ​។ ក្នុង​នាម​ខ្ញុំ​ជា​បុគ្គល​ឯករាជ្យ (​មិន​មាន​ផល​ប្រ​យោ​ជ​ន៏ ឬ​ធ្វើ​ជំនួញ​ក្នុង​វិស័យ​នេះ​) ខ្ញុំ យល់​ថា​ការ​ស្នើរ​សុំ​នេះ​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ​នោះ​ទេ ហើយ​អាច​បង្ក​ហានិភ័យ​ដល់ វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ។

មូលហេតុ​៖ ទី ១ ត្បិត​មិនមែន​គ្រប់​អតិថិជន​ទាំងអស់​សុទ្ធតែ​ទទួល​រង​ផល​ប៉ះពាល់​អ​វិ​ជ្ជ មាន​រហូត​បាត់បង់​លទ្ធភាព​សង​ប្រាក់​ទាំងស្រុង​នោះ​ទេ ។ អតិថិជន​ខ្លះ​នៅ​មាន​លទ្ធភាព សង​ឥណទាន​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ ខ្លះ​មាន​លទ្ធភាព​បង់​តែ​ការ​ប្រាក់ ខ្លះ​បាត់បង់ ចំណូល​ទាំងស្រុង​។​ល​។ ខ្ញុំ​ផ្ទាល់​ក៏​ជា​អតិថិជន​របស់​ធនាគារ ហើយ​ខ្ញុំ​នៅ​តែ​មាន​លទ្ធភាព បង់ប្រាក់​ជា​ធម្មតា ហើយ​ក៏​គ្មាន​ចេតនា​សុំ​ផ្អាក​ការ​បង់ប្រាក់​នោះ​ដែរ​ដរាបណា​នៅ​មាន លទ្ធភាព​បង់ ។ នេះ​ជា​វិន័យ​ហិរញ្ញវត្ថុ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ប្រកាន់ខ្ជាប់​ក្នុង​បរិបទ សេដ្ឋកិច្ច​បែប​ហិរញ្ញវត្ថុ ។

ទី ២ តើ​អតិថិជន​ចង់បាន​ទ្រព្យ​ធានា​មក​វិញ​ទៅ​ធ្វើ​អ្វី? ភាព​យុត្តិធម៌ គឺ​យើង​ខ្ចីប្រាក់​យក​មក ប្រើ​យើង​ត្រូវ​តម្កល់​ទ្រព្យ​ធានា ។ ប្រសិនបើ​ហ៊ាន​បណ្តោយ​អោយ​ដក​ទ្រព្យ​ធានា គឺ​អាច​នឹង មាន​បាតុភាព​អនាធិបតេយ្យ​ដែល​ជា​បច្ច័យ​ឈាន​ដល់​ការ​ដួល​រលំ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល ។ ម្យ៉ាង​ទោះជា​ទ្រព្យ​ធានា (​ប្លង់​) នៅ​ជាប់​បញ្ចាំ​នៅ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ម្ចាស់ អចលនទ្រព្យ​នៅ​តែ​អាច​ប្រើ​អចលនទ្រព្យ​ជា​ធម្មតា ។ ចុះ​ហេតុ​អ្វី​បានជា​ត្រូវការ​ដក​ប្លង់​ដែល​ជា​ទ្រព្យ​ធានា​នោះ? ជា​រួម​បើ​ទោះជា​ដើរ​ដល់​ស្ថាន ភាព​ត្រូវ​ផ្អាក​ការ​បង់ប្រាក់​ទាំងស្រុង​រយៈពេល ៣​ខែ​សម្រាប់​អតិថិជន​ទាំងអស់ ក៏​មិន​មាន ហេតុផល​ណា​ត្រូវ​ដក​ទ្រព្យ​ធានា​មក​វិញ​នោះ​ដែរ ។ ហើយ​បើ​ដក​ប្លង់​ទាំងអស់​គ្នា នៅ​ពេល ស្ថានភាព​ត្រលប់​មក​ប្រសើរ​ឡើង តើ​អតិថិជន​នឹង​បន្ត​បង់ប្រាក់​ឡើង​វិញ​ទេ? ចម្លើយ គឺ​ទេ ! ត្រង់នេះ​ហើយ​ដែល​ជា​ការ​ច្រាន​អោយ​វិស័យ​នេះ​ដួល​រលំ ។

លោក ង៉ែត​ជូ សង្កត់ធ្ងន់​ថា «​ខ្ញុំ​គាំទ្រ​ជំហរ​របស់​តំណាង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទៅ​តាម​ករណី​ជាក់ស្តែង​របស់​អតិថិជន​នីមួយ​ៗ និង​សុំ​អោយ តំណាង​អង្គការ​សង្គម​ស៊ី​វិល​ពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​អោយ​បាន​ច្បាស់លាស់​ចៀសវាង​បង្ក​បរិយាកាស​មិន​យល់​គ្នា​រវាង​អង្គការ​សង្គម​ស៊ី​វិល និង​គ្រឹះស្ថាន​ធនាគារ និង​ហិ រញ្ញ​វត្ថុ ។ តោង​យល់​ថា​គ្រឹះស្ថាន​ទាំង​អស់នោះ​ជា​គ្រឹះស្ថាន​ឯកជន​ស្វែងរក​ប្រាក់​ចំណេញ មិនមែន​អាច​ឈ​ជើង​ដោយសារ​ប្រាក់​ជំនួយ​នោះ​ទេ ។ ហើយ​បើ​គ្រឹះស្ថាន​ទាំងនោះ​ជួប វិបត្តិ​វិស័យសេដ្ឋកិច្ច​ទាំងមូល​ក៏​ជួប​វិបត្តិ​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ