រាជធានីភ្នំពេញ ៖ បុរសជាជាងដែកម្នាក់ឡើងទៅប្រក់ដំបូលផ្ទះវីឡាមួយកន្លែង សង្ស័យរបូតដៃធ្លាក់ពីលើដំបូលផ្ទះវីឡាក្នុងក្លិបហាត់ប្រាណ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយមកក៏បានបាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះវីឡាមួយកន្លែងក្នុងក្លិបហាត់ប្រាណ ស្ថិតក្នុងភូមិគ្រឹះចោមចៅ តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រហូតដល់យប់ទើបមានការភ្ញាក់ផ្អើល ។
ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើឈ្មោះ ណូ សុផាន ភេទប្រុស អាយុ២៥ឆ្នាំ ជាជាងដែក ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិសំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
តាមប្រភពពីឈ្មោះ សុខ ជាតិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាជាងដែក ត្រូវជាក្មួយប្រុសរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ឲ្យដឹងថា គាត់និងជនរងគ្រោះដែលត្រូវជាឪពុកមាបានចូលធ្វើការជួសជុលផ្ទះវីឡាកំពស់មួយជាន់អស់រយៈពេល៨ថ្ងៃមកហើយ ជារៀងរាល់ថ្ងៃ ពួកគាត់ធ្វើការមានគ្នាចំនួន៤នាក់។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ គឺពួកគាត់ទាំង៤នាក់កំពុងតែធ្វើការជាធម្មតាដូចសព្វដង ដោយធ្វើនៅផ្នែកខាងលើដំបូលផ្ទះវីឡាកើតហេតុ គឺប្រក់ក្បឿង លុះរហូតដល់វេលាកើតហេតុ គាត់និងជាងចំនួន២នាក់ទៀត កំពុងតែប្រក់ក្បឿងនៅខាងលើដំបូលផ្ទះវីឡាកើតហេតុ។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មក ជនរងគ្រោះក៏បានតោងឡើងតាមដែកមេដំបូលពីចំហៀងម្ខាងនៃផ្ទះវីឡាទៅខាងលើដំបូលដើម្បីទៅប្រក់ក្បឿង ខណៈពេលដែលជនរងគ្រោះតោងឡើងទៅលើដំបូលមិនទាន់ផុតស្រួលបួលបានប៉ុន្មានផង ស្រាប់តែបុរសរងគ្រោះបានរបូតដៃពីដែកមេដំបូល បណ្តាលឲ្យធ្លាក់ចុះទៅចំហៀងផ្ទះវីឡាកំពស់ប្រមាណ៨ម៉ែត្រ ដួលបោកទៅនឹងឥដ្ឋបែកក្បាលឈាមហូរស្រោចខ្លួនរងរបួសធ្ងន់ធ្ងរបង្កការភ្ញាក់ផ្អើលដល់កម្មករនិងជាងដែលកំពុងធ្វើការជួសជុលផ្ទះវីឡាកើតហេតុខាងលើនាំគ្នាមកចោមរោមមើល។ ភ្លាមៗនោះបុរសខាងលើដែលត្រូវជាក្មួយរបស់ជនរងគ្រោះ រួមទាំងបុរសម្នាក់ទៀតដែលជាមេការបាននាំគ្នាលើករងគ្រោះដាក់លើម៉ូតូដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យព្រះកុសុមៈភ្លាមៗតែម្តង ប៉ុន្តែអកុសលពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បុរសរងគ្រោះបានបាត់បង់ជីវិតបាត់ទៅហើយ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣បានចុះមកធ្វើការសួរនាំនៅចំណុចទីតាំងកើតហេតុខាងលើ បែរជាម្ចាស់ទីតាំងក្លឹបហាត់ប្រាណខាងលើព្យាយាមលាក់បាំងសមត្ថកិច្ចថាមិនមានរឿងអ្វីនោះទេ ។ រហូតអស់រយៈពេលជាង២ម៉ោងក្រោយមក គ្រួសារសាច់ញាតិបុរសរងគ្រោះក៏បានមកដល់កន្លែងកើតហេតុនិងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះទៅធ្វើការអន្តរាគមន៍ ទើបម្ចាស់ទីតាំងព្រមសហការជាមួយសមត្ថកិច្ច។ ដោយសារយប់ងងឹត សមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញសម្រេចរង់ចាំព្រឹកស្អែកទើបចូលទៅពិនិត្យកន្លែងកើតហេតុជាបន្តទៀត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានរួមជាមួយនឹងសមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញបានចុះទៅធ្វើការពិនិត្យនិងកោសល្យវិច័យទៅលើសពបុរសរងគ្រោះ ដែលតម្កល់នៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់ពីធ្វើការពិនិត្យនិងកោសល្យវិច័យរួច រកឃើញថា បុរសរងគ្រោះពិតជាបាត់បង់ជីវិតដោយសារធ្លាក់ពីលើដំបូលផ្ទះវីឡាប្រាកដមែន ហើយក៏ប្រគល់សពជនងគ្រោះឲ្យទៅក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯខេត្តកណ្តាលដែលជាស្រុកកំណើត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ