ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តាយផ្លូវជាតិលេខ២១A បានសម្តែងការអបអរសារទរបន្ទាប់ពីអាជ្ញាធរខេត្តកណ្តាល បានចាត់វិធានការបិទជាបណ្តោះអាសន្នទីតាំងដេប៉ូខ្សាច់ចំនួន២កន្លែង ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ និងរស់នៅតាមសងខាងផ្លូវ។

ក្នុងការចុះធ្វើការបិទទីតាំងដេប៉ូខ្សាច់ទាំង២ខាងលើនេះដឹកនាំដោយលោក នៃ ចារី អភិបាលរងខេត្តកណ្តាល និងក្រុមការងារជំនាញ មន្ទីររ៉ែ និងថាមពលខេត្ត និងមន្ទីរសាធារណៈការខេត្ត អជ្ញាធរពាក់ព័ន្ធ និងកងកម្លាំង បានចុះទៅពិនិត្យដេប៉ូខ្សាច់របស់លោក ឆេង សុខវិសាល និងលោក ស្រី ឈុនម៉ៅ ដែលដេប៉ូទី១ ស្ថិតនៅភូមិព្រែកសំរោងទី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងដេប៉ូខ្សាច់ទី២ ស្ថិតនៅ ភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីព្រឹកថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២០។

លោក នៃ ចារី អភិបាលរងខេត្តកណ្តាល បានអោយដឹងថា ៖ ក្រោយអាជ្ញាធរទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងតំបន់ដែលរងផលប៉ះពាល់ដោយដេប៉ូលក់ខ្សាច់ និងរថយន្តដឹកខ្សាច់បណ្តាលអោយធ្លាក់ខ្សាច់ពាសពេញផ្លូវ ទើបអាជ្ញាធរខេត្តបានចុះពិនិត្យ និងប្រកាសបិទអាជីវកម្ម ដេប៉ូខ្សាច់ចំនួន២កន្លែងនេះជាបណ្តោះអាសន្នសិន។ ការបិទជាបណ្តោះអាសន្នអាជីវកម្មដេប៉ូខ្សាច់ទាំង២ទីតាំងនេះក៏អាចអនុញាតអោយដំណើរការឡើងវិញបាន លុះត្រាតែម្ចាស់អាជីវកម្មធ្វើកន្លែងលាងកង់រថយន្តអោយបានស្អាត សំអាតមុខផ្លូវចូលដេប៉ូអោយបានត្រឹមត្រូវ រថយន្តដឹកខ្សាច់ត្រូវគ្របតង់អោយបានត្រឹមត្រូវ ចៀសវាងការហុយធ្លាក់កំទេចកំទីមកលើផ្លូវសាធារណៈ។

លោកអភិបាលរងខេត្តកណ្តាលបានបន្តថា ចំណែកដេប៉ូទី២ ទីតាំងដេប៉ូនេះមិនទាន់មានលិខិតអនុញ្ញាតអោយធ្វើអាជីវកម្មនៅឡើយទេ និងមិនទាន់ធ្វើកន្លែងលាងកង់ឡានអោយបានត្រឹមត្រូវ ហើយម្ចាស់ដេប៉ូអាចធ្វើអាជីវកម្មបានលុះត្រាតែសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្មជាមុនសិន និងធ្វើកន្លែងលាងកង់រថយន្តអោយបានត្រឹមត្រូវ ហើយម្ចាស់អាជីវកម្មមិនត្រូវលក់ខ្សាច់សើមនោះទេ ចៀសវាងហៀរទឹកនៅតាមផ្លូវសាធារណៈ ម្ចាស់អាជីវកម្មត្រូវអនុវត្តតាមសារាចរណែនាំលេខ ០៣១០ របស់ក្រសួងរ៉ែ និងថាមពល៕ (កែសម្រួលដោយ ៖ ធីតា)




ចែករំលែកព័តមាននេះ